ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសថា រថយន្ត Denza Z9 GT ស៊េរីឆ្នាំ២០២៥ បានក្លាយជាម៉ូឌែល GT ដែលមានការចែកចាយច្រើនបំផុតពោលគឺ ១មុឺនគ្រឿង បន្ទាប់ពីការប្រកាសចេញលក់នៅក្នុងខែកញ្ញា ឆ្នាំ២០២៤ នៅទីផ្សារប្រទេសចិន ដែលមានតម្លៃលក់ចាប់ពី ៤៥ ៨០០ ដុល្លារ ដល់ ៥២ ៦០០ដុល្លារ។
Denza Z9 GT ស៊េរីឆ្នាំ២០២៥ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង BYD e3 platform មានប្រវែងតួខ្លួនសរុប ៥ ១៩៥ ម.ម ( ៥ ១៨០ ម.ម សម្រាប់ជម្រើស EV ) ទទឹង ១ ៩៩០ ម.ម កម្ពស់ ១ ៥០០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ១២៥ ម.ម ដំណើរការ៖
- ម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងបាន ៣០៨ និង ៦៤៤ សេះ ផ្គួបជាមួយអាគុយទំហំ ១០០គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៣០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង អាចសាកឡើងពី ៣០ ទៅ ៨០ភាគរយ ចំណាយពេល ១៩នាទី ប៉ុណ្ណោះ ជាន់ពី ០ ទៅ ១០០គ.ម/ម៉ោង ប្រើពេល ៣,៤វិនាទី។
- បច្ចេកវិទ្យា DM 5.0 ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ២០៤សេះ និងម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងបាន ២៦៨ និិង ៥៩០ សេះ ផ្គួបជាមួយអាគុយទំហំ ៣៨,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២០១គីឡូម៉ែត្រ ដោយប្រើអគ្គិសនីសុទ្ធ និងចម្ងាយសរុប ១១០០គីឡូម៉ែត្រ។
សម្រាប់រូបរាងផ្នែកខាងក្រៅមានលក្ខណៈបែបស្ព័រប្រើភាសារចនា “Elegance in Motion” ដោយការរចនាផ្នែកខាងមុខត្រូវបានបំផុសគំនិតដោយការរចនា “vitality of the sunrise” ខណៈផ្នែកខាងក្រោយត្រូវបានបំផុសគំនិតដោយការរចនា “classical symmetrical aesthetic”។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១៣,២អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៧,៣អ៊ីញ រួមទាំងអេក្រង់សម្រាប់អ្នកដំណើរខាងមុខទំហំ ១៣,២អ៊ីញ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែចំនួន ២ អេក្រង់ AR-HUD ទំហំ ៥០អ៊ីញ កៅអីខាងមុខ និងខាងក្រោយអាចលៃតម្រូវបានតាមអគ្គិសនី និងមានមុខងារកម្តៅ ខ្យល់ និងមុខងារម៉ាស្សា ១០ ចំណុច។ លើសពីនេះ រថយន្តនេះក៏ត្រូវបានបំពាក់ដោយទ្វារអគ្គិសនីផងដែរ ព្រមទាំងភ្លើងបំភ្លឺជុំវិញ ១២៨ ពណ៌ និងដំបូលទំហំ ២,១ម៉ែត្រការ៉េ កញ្ចក់មើលក្រោយឌីជីថល និងអេក្រង់កំសាន្តសម្រាប់អ្នកដំណើរផ្នែកខាងក្រោយថែមទៀតផង៕