ក្រុមហ៊ុន Tesla បានធ្វើការប្រកាសជាផ្លូវការថា ពួកគេគ្រោងនឹងបញ្ចេញរថយន្តអគ្គិសនីថ្មីដែលមានតម្លៃសមរម្យនៅក្នុងឆមាសទី ១ នេះ។ រថយន្តថ្មីនេះ អាចមានឈ្មោះ Tesla Model 2 ឬ Tesla Model Q ប៉ុន្តែ Tesla មិនទាន់ប្រកាសឈ្មោះផ្លូវការនៅឡើយទេ ប៉ុន្តែនឹងមានទំហំតូចជាង Model Y ហើយមានរចនាសមស្របសម្រាប់ការបើកបរនៅក្នុងទីក្រុង។
ក្នុងនោះ Tesla មានគម្រោងលក់រថយន្តថ្មីនេះក្នុងតម្លៃប្រហាក់ប្រហែលពី ២៥ ០០០ ដុល្លារ ទៅ ៣០ ០០០ ដុល្លារ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។ ចំណែកនៅទីផ្សារអឺរ៉ុប តម្លៃអាចនឹងខុសគ្នាតិចតួចអាស្រ័យលើពន្ធ និងការឧបត្ថម្ភរបស់រដ្ឋាភិបាល។
ទន្ទឹមនឹងនេះ រថយន្តនេះ នឹងក្លាយជារថយន្តដែលមានតម្លៃសមរម្យបំផុតក្នុងចំណោមរថយន្តទាំងអស់របស់ Tesla ហើយអាចប្រកួតប្រជែងតម្លៃជាមួយរថយន្តផ្សេងៗរបស់ក្រុមហ៊ុន BYD, Volkswagen និង Hyundai បាន។
គួរឲដឹងថា រថយន្ត EV ថ្មីនេះ នឹងប្រើប្រាស់នូវប្រព័ន្ធថ្ម LFP (Lithium Iron Phosphate) បច្ចេកវិទ្យា Gigacasting និងប្រព័ន្ធ Software AI និង Full Self-Driving (FSD) ដែលអាចបើកបរដោយស្វ័យប្រវត្តិ និងគាំទ្របច្ចេកវិទ្យា Robotaxi ។
ខណៈការផលិត អាចនឹងធ្វើឡើងនៅក្នុងរោងចក្រ Giga Texas (អាមេរិក), Giga Shanghai (ចិន) និង Giga Berlin (អឺរ៉ុប)។ ប៉ុន្តែបើទោះបីជា Tesla បានប្រកាសថារថយន្តថ្មីនេះនឹងចេញលក់នៅក្នុងឆ្នាំ ២០២៥ ក៏ដោយ ក៏មានការរំពឹងថាការផលិតអាចនឹងពន្យារពេលផងដែរ បើមានបញ្ហាបច្ចេកទេស ឬការរៀបចំការផលិតមិនទាន់រួចរាល់៕