Toyota បានបញ្ចេញរថយន្ត Crown ស៊េរីពិសេសចំនួន ៣ ប្រភេទនៅប្រទេសជប៉ុន ដើម្បីអបអរការចាប់កំណើតបាន ៦៥ឆ្នាំ របស់ម៉ូដែល Crown នេះ។
រថយន្តទាំងបីមាន Crown Limited, Crown Elegance Style II និង Crown Sport Style។ Crown Limited គឺបង្កើតឡើងផ្អែកលើ Option RS ដែលមានបំពាក់យ៉ាន់អាលុយមីញ៉ូមទំហំ ១៨អ៊ីញ មានលាបទឹកថ្នាំពណ៌ខ្មៅ ហើយផ្នែកខាងក្នុងមានបំពាក់ដោយកៅអីស្បែកដេររចនាដោយសរសៃអំបោះ។
ចំណែក Crown Elegance Style II មានបំពាក់នូវយ៉ាន់ Alloy ទំហំ ១៨អ៊ីញ មានក្រូម៉េ មានពណ៌ខាងក្នុងចំនួនបីគឺពណ៌ខ្មៅ ពណ៌ប្រផេះខ្ចី និងពណ៌មាស។ កៅអីអង្គុយមានជាប្រភេទស្បែក ហើយដុំបញ្ជាកណ្ដាលមានរចនាដោយឈើពណ៌ខ្មៅ។
ចូលដល់ Toyota Crown Sport Style គឺមានបំពាក់យ៉ាន់ Alloy ទំហំ ១៨អ៊ីញ ពណ៌ខ្មៅ, អំពូលភ្លើងមុខក្រោយប្រភេទ LED ពណ៌ខ្មៅ និងមានការបំពាក់ពណ៌ខ្មៅងងឹតលើផ្ទាំងប៉ាណាមុខ, រង្វង់នៃអំពូលកាត់អ័ព្ទ និងស្លាកលេខខាងក្រោយផងដែរ។ ផ្នែកខាងក្នុងមានពណ៌ខ្មៅសុទ្ធ មានកៅអីស្បែករំលេចដោយសរសៃអំបោះពណ៌ក្រហម។
Toyota Crown ពិសេសទាំងបីគឺមានជម្រើសម៉ាស៊ីនដូចគ្នា។ មានជម្រើសម៉ាស៊ីនសាំង ២,០ លីត្រ ៤ស៊ីឡាំង កម្លាំង ២៤១សេះ ភ្ជាប់នឹងប្រអប់លេខអូតូ៨វគ្គ និងប្រព័ន្ធបើកបរវិលកង់ក្រោយ។ ជម្រើសមួយទៀតគឺប្រភេទ Hybrid មានម៉ាស៊ីនសាំង ២,៥លីត្រ គួបផ្សំនឹងម៉ូទ័រអគ្គិសនីបង្កើតកម្លាំងបាន ២២២ សេះ ដែលមានជាជម្រើសវិលកង់ក្រោយ និងវិលកង់ទាំងអស់។
តម្លៃមានចាប់ពីប្រមាណ ៤៧ ២១៥ដុល្លារ សម្រាប់ Crown Sport Style និង Elegance Style II ហើយ Crown Limited មានតម្លៃចាប់ពីប្រមាណ ៤៨ ២០០ ដុល្លារ៕