គម្រោងសាងសង់រោងចក្រផលិតថ្មធំដំបូងគេរបស់សហរដ្ឋអាមេរិកត្រូវបានសម្រេចលុបចោលជាផ្លូវការហើយ!

ក្រុមហ៊ុន KORE Power បានសម្រេចលុបចោលគម្រោងសាងសង់រោងចក្រផលិតថ្មតម្លៃ ១ ពាន់លានដុល្លារ នៅក្នុងទីក្រុង Buckeye រដ្ឋ Arizona ជាផ្លូវការហើយ។ គម្រោងនេះ មានឈ្មោះថា KOREplex ត្រូវបានរំពឹងថានឹងបង្កើតការងារចំនួន ៣ ០០០ កន្លែង និងក្លាយជារោងចក្រផលិតថ្ម NMC (Nickel Manganese Cobalt) និង LFP (Lithium Iron Phosphate) ធំបំផុតដំបូងគេក្នុងសហរដ្ឋអាមេរិក។

ក្នុងនោះ ក្រុមហ៊ុនមួយនេះ បានទទួលបានប្រាក់កម្ចីចំនួន ៨៥០ លានដុល្លារ ពីក្រសួងថាមពលអាមេរិកសម្រាប់ការសាងសង់ ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុនបានបោះបង់ផែនការនេះ ដោយអះអាងថាកំពុងធ្វើការរៀបចំរចនាសម្ព័ន្ធឡើងវិញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីការផ្លាស់ប្តូរនេះ នាយកប្រតិបត្តិ និងស្ថាបនិករបស់ក្រុមហ៊ុន KORE Power លោក Lindsay Gorrill ក៏បានប្រកាសលាលែងពីតំណែងផងដែរ និងត្រូវបានជំនួសដោយលោក Jay Bellows ។

គួរបញ្ជាក់ថា សហរដ្ឋ​អាមេរិក​មាន​រោងចក្រ​ផលិតថ្ម​ជា​ច្រើនដូចជា​រោងចក្រ​ផលិតថ្ម​របស់ក្រុមហ៊ុន Tesla, GM, Ford, Panasonic, LG Energy Solution និង SK On ប៉ុន្តែមិនមានខ្សែសង្វាក់ផ្គត់ផ្គង់ថ្មគ្រប់គ្រាន់ដោយខ្លួនឯងដូចប្រទេសចិននោះទេ ខណៈសមា្ភរៈផលិតថ្មជាច្រើនដូចជាលីចូម និងនីកែលនៅតែត្រូវបាននាំចូល ប៉ុន្តែរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកក៏កំពុងជំរុញឱ្យមានការជីកយករ៉ែក្នុងស្រុក និងកែច្នៃបន្ថែមទៀត ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសផ្សេងៗផងដែរ។

គួរឲដឹងថា ក្រុមហ៊ុន KORE Power ជាក្រុមហ៊ុនបច្ចេកវិទ្យាអភិវឌ្ឍន៍ថាមពលបៃតងដែលផលិតថាមពល ឫថ្មសម្រាប់រថយន្តអគ្គិសនី និងប្រព័ន្ធផ្ទុកថាមពល។ តែការលុបចោលគម្រោងនេះក៏បានបង្កជាប៉ះផលពាល់ដល់ការវិនិយោគ និងការងារជាច្រើននៅក្នុងរដ្ឋ Arizona ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម