XPeng គ្រោងនឹងវិនិយោគជាង ១,៣ ពាន់លានដុល្លារ ទៅក្នុង R&D ឆ្នាំ 2025 ជាមួយនឹងផែនការផលិតបន្ទះឈីបផ្ទាល់ខ្លួន

ក្រុមហ៊ុន Xpeng បានប្រកាសថា ពួកគេនឹងវិនិយោគ ៩,៥ ពាន់លានយន់ ឫ ១,៣ ពាន់លានដុល្លារ ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍ (R&D) ក្នុងឆ្នាំ ២០២៥ នេះ ។ ក្នុងចំណោមនេះ ៤,៥ ពាន់លានយន់ ឫ ៦០០ លានដុល្លារ នឹងផ្តោតលើការអភិវឌ្ឍបច្ចេកវិទ្យា AI ។

គួរបញ្ជាក់ថា តាំងពីបង្កើតមក ក្រុមហ៊ុន Xpeng បានវិនិយោគ ៥០ ពាន់លានយន់ ឫ ៦,៨ ពាន់លានដុល្លារ ទៅលើការផលិត និងអភិវឌ្ឍបច្ចេកវិទ្យា ជាពិសេសនៅក្នុងខេត្ត Guangdong ដែលជាតំបន់អាជីវកម្មសំខាន់របស់ក្រុមហ៊ុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះ លោក He Xiaopeng នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Xpeng បាននិយាយថា បច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ (Autonomous Driving) នឹងផ្លាស់ប្តូរឧស្សាហកម្មរថយន្តរបស់ចិនក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ខណៈ ៥ ឆ្នាំ ខាងមុខបន្តទៀត ពួកគេមានគោលដៅសម្រេចការលក់ចំនួន ៥០ ភាគរយ ក្នុងទីផ្សារអន្តរជាតិ។

ជាមួយគ្នានេះ ក្រុមហ៊ុន Xpeng ក៏គ្រោងនឹងចាប់ផ្តើមផលិតបន្ទះឈីប Turing ដោយខ្លួនឯងនៅក្នុងឆ្នាំ ២០២៥ នេះផងដែរ ដែលឈីបនេះអាចប្រើបានទាំងសម្រាប់ រថយន្ត យានជំនិះហោះហើរ និងមនុស្សយន្ត។

គួរឲដឹងថា ក្នុងឆ្នាំ ២០២៤ ក្រុមហ៊ុន Xpeng បានលក់រថយន្តបានសរុបចំនួន ១៩០ ០៦៨ គ្រឿង និងបានបើកទីផ្សារថ្មីក្នុងប្រទេសហ្វាំងឡង់ ខណៈនៅក្នុងឆ្នាំ ២០២៥ នេះ ពួកគេគ្រោងនឹងពង្រីកទីផ្សារទៅកាន់ ៦០ ប្រទេសផ្សេងទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម