
[បរទេស] រថយន្ត Toyota Land Cruiser បានក្លាយជារថយន្តដែលត្រូវបានគេលួចច្រើនបំផុត ជាមួយនឹងការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងឆ្នាំ ២០២៤ ដោយមានចំនួន ១ គ្រឿងក្នុងចំនោម ៤គ្រឿងត្រូវបានលួច នេះបើយោងតាមគេហទំព័រ សមាគមធានារ៉ាប់រងទូទៅរបស់ប្រទេសជប៉ុន ។
ក្នុងនោះ រថយន្ត Toyota Land Cruiser មានចំនួន ២៧,៥% នៃរថយន្តដែលត្រូវបានគេលួចទាំងអស់ កើនឡើងពី ១៤,៧% បើធៀបកាលពីឆ្នាំ ២០២៣ ហើយនេះក៏ជាឆ្នាំទី ៤ជាប់ៗគ្នាដែលម៉ូដែលនេះបានជាប់ចំណាត់ថ្នាក់កំពូលក្នុងបញ្ជីដែលត្រូវបានគេលួច ។
មិនត្រឹមតែប៉ុណ្ណោះ ម៉ូដែលផ្សេងៗទៀតរបស់ក្រុមហ៊ុន Toyota និង Lexus ដែលបានឈរលេខរៀងទាំង ៤ ដំបូងគេ ក្នុងបញ្ជីកំពូលទាំង ១០ ត្រូវគេលួចជាញឹកញាប់ជាងគេរួមមាន Alphard minivan និង Toyota Prius ។
គួរឲ្យដឹងថា ជាមួយការកើនឡើងនៃការលួចនេះ បាននាំឲ្យមានការកើនឡើងនៃការបង់ប្រាក់ធានារ៉ាប់រងឡើងដល់ទៅ ២០% ដែលស្មើនឹងចំនួនជាមធ្យម ១៨ ៧០០ ដុល្លារ នៅក្នុងប្រទេសជប៉ុន ៕