
ក្រុមហ៊ុន Great Wall Motor (GWM) បានធ្វើការប្រកាសដាក់បង្ហាញចេញនូវរថយន្ត Haval H5 ថ្មី សេរ៊ីឆ្នាំ ២០២៥ មានឈ្មោះថា “Dark Night Edge, Blackened Awakening” ជាមួយតម្លៃលក់ប្រមាណចាប់ពី ២០ ៧០០ ដុល្លារ ដល់ ២៤ ៩០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។
ចំពោះការរចនាផ្នែកខាងក្រៅរបស់ Haval H5 ថ្មីនេះ នៅតែរក្សាការរចនាដដែល មានប្រវែង ៥ ១៩០ ម.ម ទទឹង ១ ៩០៥ ម.ម កម្ពស់ ១ ៨៣៥ ម.ម និងប្រវែងគម្លាតកង់ ៣ ១៤០ ម.ម ។ ជាក់ស្តែង វាមានកម្ពស់ខ្ពស់ជាងមុខ ២៩ ម.ម បើធៀបទៅនឹងម៉ូដែលមុន។
បន្ថែមលើការរចនា សម្រាប់ផ្នែកខាងក្នុង និងខាងក្រៅ ក៏ទទួលបាននូវឈ្នាន់ចំហៀងថ្មីផងដែរ រួមជាមួយនឹងកៅអីខាងមុខមានមុខងារកំដៅ, ប្រព័ន្ធជំនួយការបើកបរកម្រិត L2, ប្រព័ន្ធចាក់សោរប៉ុងផ្នែកខាងក្រោយ, ម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ, ទ្វារក្រោយអគ្គិសនី និងពោងសុវត្ថិភាពខាងមុខ និងខាងក្រោយជាដើម។
សម្រាប់ផ្នែកម៉ាស៊ីន Haval H5 ដំណើរការដោយ៖
- ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbo ផលិតកម្លាំងបាន ២១៥ សេះ និងកម្លាំងរមួល ៣៨០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រព័ន្ធបើកបរប៉ុង ២ និងប្រអប់លេខអូតូចំនួន ៨វគ្គ។
- ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០ លីត្រ Turbo ផលិតកម្លាំងបាន ១៦១ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រព័ន្ធបើកបរប៉ុង ២ និងប្រអប់លេខអូតូចំនួន ៨វគ្គ៕