ឡានអគ្គីសនីសុទ្ធថ្មីរបស់ Dongfeng តម្លៃខ្ទង់ ១មុឺនដុល្លារ បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Dongfeng បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Dongfeng Nammi 06 ប្រភេទ crossover ប្រើថាមពលអគ្គីសនីសុទ្ធ EV ដែលមានតម្លៃលក់ខ្ទង់ ១៣ ៨០០ ដុល្លារប៉ុណ្ណោះ នៅឯពិព័រណ៍រថយន្ត Shanghai Auto Show 2025 ដែលកំពុងធ្វើឡើងនៅប្រទេសចិន ។

Dongfeng Nammi 06 ផលិតឡើងនៅលើគ្រោងឆ្អឹង Quantum Architecture Platform 3 ដំណើរការដោយម៉ូទ័រអគ្គីសនីចំនួន ១ អាចផលិតកម្លាំងបាន ១៨១ សេះ បំពាក់ជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 3C super-fast charging technology ដោយសាកថ្ម ៥នាទី អាចបើកបរបានចម្ងាយ ១០០ គីឡូម៉ែត្រ និងអាចសាកបានពី ៣០-៨០% ប្រើរយៈពេល ១៨នាទី ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៣០៦ ម.ម ទទឹង ១ ៨៦៨ ម.ម កំពស់ ១ ៦៤៥ ម.ម ប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧១៥ ម.ម និងទំងន់ ១ ៩៧៥ គីឡូក្រាម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅរាងជាជ្រុង ដោយមានលក្ខណៈបែបស្ព័រ ជាមួយប៉ាណាមុខបិទ-ជិត ចង្កៀងមុខ-ក្រោយប្រភេទ LED ឌីស្សាញរាងស្លីម ព្រមទាំងថាសកង់ស្ព័រប្រភេទ​ alloy wheels ទំហំ ១៨អ៉ីញផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen សម្រាប់បញ្ជាមុខងារទូទៅនៅលើរថយន្ត ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ និងដំបូលបើកកញ្ចក់ Panoramic roof ជាដើម ។ លើសពីនេះ ក៏មានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ ADAS កម្រិតខ្ពស់ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម