ក្រុមហ៊ុនផលិតម៉ាស៊ីនបូមសម្អាត Dyson ធ្លាប់បានបង្ហាញផែនការផលិតរថយន្តអគ្គិសនីផ្ទាល់ខ្លួនដើម្បីប្រកួតប្រជែងនឹង Tesla។ យ៉ាងណាក្ដីគម្រោងការត្រូវបានរំសាយចោលកាលពីខែតុលាឆ្នាំកន្លងទៅ ហេតុនេះគេមិនបានឃើញរូបរាងរថយន្តអាថ៌កំបាំងរបស់ Dyson នោះទេ។
យ៉ាងណាក្ដីនាពេលនេះ រូបរាងរថយន្តអគ្គិសនីរបស់ Dyson បានបង្ហាញមុខ អាចឲ្យគេឃើញថាគូប្រជែងរបស់ Tesla Model X មានរូបរាងបែបណា។ រូបរាងរបស់រថយន្តត្រូវបានបង្ហាញដោយលោក James Dyson ជាមហាសេដ្ឋីជនជាតិអង់គ្លេស និងជាម្ចាស់ក្រុមហ៊ុន Dyson ផងដែរ។
រថយន្តដែលលោក James បានបង្ហាញគឺមានឈ្មោះសម្គាល់ថា N526 ដែលមានរចនាបថបែប Premium មានកៅអីអង្គុយចំនួន ៧ និងមានរយៈចម្ងាយបើកបរ ៩៦៥ គីឡូម៉ែត្រឯណោះ។ រយៈចម្ងាយបើកបរនេះស្ទើរតែលើសចម្ងាយរបស់ Tesla Model X ពីរដង ដែលវាមានចម្ងាយបើកបរ ៥០៥ គីឡូម៉ែត្រ ពេលសាកភ្លើងពេញម្ដងៗ។
គួរដឹងថាលោក James បានចម្ងាយទឹកប្រាក់ផ្ទាល់ខ្លួនប្រមាណ ៦០៩លានដុល្លារ ដើម្បីអភិវឌ្ឍន៍រថយន្តអគ្គិសនី មុននឹងផែនការត្រូវបានរំសាយកាលពីឆ្នាំមុន។ នេះអាចបង្ហាញថាដើម្បីអភិវឌ្ឍន៍រថយន្តអគ្គិសនីសម្រាប់លក់លើទីផ្សារបាន ត្រូវចំណាយថវិកាច្រើនលើសលប់ និងចំណាយពេលយូរផងដែរ៕