ឡាន Toyota Vios នឹងជ្រុះបាត់តំណែងលក់ដាច់ជាងគេដែលកាន់កាប់អស់៧ឆ្នាំជាប់គ្នានៅវៀតណាម

ចាប់តាំងពីឆ្នាំ២០១៤មក រថយន្ត Toyota Vios បានក្លាយជារថយន្តដែលលក់ដាច់បំផុតប្រចាំឆ្នាំអស់រយៈពេល៧ឆ្នាំហើយសម្រាប់ទីផ្សារប្រទេសវៀតណាម ប៉ុន្តែសម្រាប់ឆ្នាំ២០២១នេះ តំណែងនេះទំនងជានឹងត្រូវធ្លាក់លើរថយន្ត VinFast Fadil របស់ក្រុមហ៊ុនក្នុងស្រុកវិញម្ដង។

គិតចាប់ពីឆ្នាំមកទល់ដំណាច់ខែវិច្ឆិកានេះ ចំនួនលក់សរុបរបស់រថយន្ត Toyota Vios គឺមានចំនួន ១៧ ១៣៣គ្រឿង ឬគិតជាមធ្យមគឺប្រមាណជាង ១ ៥០០គ្រឿងក្នុងមួយខែ។ ដោយឡែករថយន្ត VinFast Fadil វិញអាចលក់ចេញបានសរុប ២២ ៣៧៥គ្រឿង ដែលគិតជាមធ្យមគឺជាង ២ពាន់គ្រឿងក្នុងមួយខែ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គម្លាតរវាងរថយន្ត Fadil និង Vios គឺមានប្រមាណជាង ៥ ២០០គ្រឿង ខណៈដែលឆ្នាំ២០២១នៅសល់តែមួយខែទៀតប៉ុណ្ណោះ ហើយត្បិតថានៅមិនទាន់ចប់ការប្រកួតមែន ប៉ុន្តែគម្លាតនេះពិបាកអាចឲ្យរថយន្ត Vios តាមទាន់ណាស់ ដែលមានន័យថារថយន្តនេះនឹងត្រូវជ្រុះតំណែងជារថយន្តលក់ដាច់ជាងគេប្រចាំឆ្នាំ។

រថយន្ត Vios មិនត្រឹមតែលក់បានតិចជាង Fadil នោះទេ ប៉ុន្តែក៏តិចជាងរថយន្ត Hyundai Accent ផងដែរ ដែលរថយន្តកូរ៉េមួយនេះអាចលក់ចេញបានសរុប ១៧ ៤៣៩គ្រឿង ដែលគម្លាតរវាងរថយន្តទាំងពីរហាក់មិនខុសឆ្ងាយគ្នាប៉ុន្មានឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម