
យោងតាមការបញ្ជាក់ពីនាយកគ្រប់គ្រងរបស់ក្រុមហ៊ុន MG បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តដឹកអ្នកដំណើរ MG ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន SAIC មានដើមកំណើតនៅចក្រភពអង់គ្លេស នឹងបញ្ចេញរថយន្តអគ្គិសនីថ្មីចំនួន ១៣ ម៉ូឌែលទៅក្នុងទីផ្សារពិភពលោកក្នុងរយៈពេល ២ ឆ្នាំខាងមុខ។ ក្រុមហ៊ុននេះគ្រោងនឹងវិនិយោគទឹកប្រាក់ ១០ ពាន់លានយន់ ឬស្មើប្រមាណ ១,៤ ពាន់លានដុល្លារ ទៅក្នុងដំណើរការអភិវឌ្ឍយានយន្តដែលប្រើប្រាស់ថាមពលថ្មីជាច្រើនប្រភេទ រួមមានទាំងប្រភេទអគ្គិសនីសុទ្ធ ប្រភេទពង្រីកចម្ងាយធ្វើដំណើរ និងប្រភេទ Plug-in Hybrid ផងដែរ។
ក្រុមហ៊ុន MG គឺជារោងចក្រផលិតរថយន្តអង់គ្លេសដ៏ល្បីល្បាញមួយ ដែលត្រូវបានក្រុមហ៊ុនរដ្ឋរបស់ចិន SAIC ទិញយកកាលពីឆ្នាំ២០០៥។ ក្រុមហ៊ុននេះបានក្លាយជាកម្លាំងចលករនៃការលក់របស់ SAIC នៅក្រៅប្រទេស ដោយបានលក់ចេញចំនួន ១៥៣ ១០០ គ្រឿងនៅអឺរ៉ុប ក្នុងឆមាសទី១ ឆ្នាំ២០២៥។
ទោះជាយ៉ាងណា បរិមាណលក់របស់ MG នៅក្នុងប្រទេសចិនមិនទាន់ខ្ពស់នោះទេ ដោយយោងតាមទិន្នន័យពី China EV DataTracker បានបង្ហាញថា ក្រុមហ៊ុននេះលក់បានត្រឹមតែ ៥៧ ២៥៤ គ្រឿងប៉ុណ្ណោះ ពីខែមករាដល់ខែកក្កដា ឆ្នាំ២០២៥។ តម្រូវការទាបសម្រាប់រថយន្ត MG នេះគឺបណ្តាលមកពីកង្វះផលិតផលរថយន្តប្រើប្រាស់ថាមពលថ្មី។ ឥឡូវនេះ ក្រុមហ៊ុនផលិតរថយន្តអង់គ្លេសនេះបានត្រៀមខ្លួនរួចរាល់ហើយដើម្បីដោះស្រាយបញ្ហានេះ។
យោងតាមកាសែត The 21st Century News បានរាយការណ៍ថា លោក Chen Cui នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន MG បានចែករំលែកទស្សនវិស័យមួយចំនួនសម្រាប់ម៉ាកយីហោនេះ។ លោកបានគូសបញ្ជាក់ថា រថយន្តម៉ាស៊ីនសាំងម៉ាក MG មានតម្រូវការខ្លាំងនៅក្នុងប្រទេសចិន ជាពិសេសរថយន្តប្រភេទ Sedan ម៉ូឌែល MG5 ដោយបានកំណត់គោលដៅលើអ្នកទិញវ័យក្មេង និងអ្នកចូលចិត្តការកែច្នៃរថយន្ត។ ទោះជាយ៉ាងណា លោក Chen Cui បានបញ្ជាក់ថា MG មិនត្រឹមតែផ្តោតលើរថយន្តប្រើប្រាស់ប្រេងឥន្ធនៈនោះទេ ប៉ុន្តែម៉ាកយីហោនេះនឹងស្វែងយល់យ៉ាងសកម្មលើទីផ្សាររថយន្តប្រើប្រាស់ថាមពលថ្មី។
នាពេលខាងមុខក្រុមហ៊ុននឹងបញ្ចេញរថយន្តប្រើប្រាស់ថាមពលថ្មីចំនួន ១៣ ម៉ូឌែល ចូលទៅក្នុងទីផ្សារទូទាំងពិភពលោកក្នុងរយៈពេល ២ ឆ្នាំ ខាងមុខ។ ក្រុមហ៊ុននឹងប្រើប្រាស់យ៉ាងពេញលេញនូវបច្ចេកវិទ្យា និងខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុនមេ SAIC។ យើងសូមរំលឹកថា ក្រុមហ៊ុន SAIC មានការចូលរួមយ៉ាងស៊ីជម្រៅនៅក្នុងគម្រោងរថយន្តអគ្គិសនីរួមគ្នាជាមួយក្រុមហ៊ុន Audi (តាមរយៈម៉ាកយីហោ AUDI) និង Huawei (តាមរយៈម៉ាកយីហោ Shangjie)។
រថយន្តប្រើប្រាស់ថាមពលថ្មីទាំង ១៣ ម៉ូឌែលដែលនឹងមកដល់នេះ រួមមានទាំងប្រភេទ BEV (អគ្គិសនីសុទ្ធ), EREV (អគ្គិសនីពង្រីកចម្ងាយធ្វើដំណើរ), និង PHEV (Plug-in Hybrid)។ ក្រុមហ៊ុន MG បានចែករំលែកថា ពួកគេនឹងជំរុញយ៉ាងសកម្មនូវដំណោះស្រាយការតភ្ជាប់រថយន្តជាមួយក្រុមហ៊ុនទូរស័ព្ទ Oppo និងលើបច្ចេកវិទ្យាអាគុយប្រភេទ semi-solid state។
មហិច្ឆតាដ៏ធំរបស់ក្រុមហ៊ុននេះ គឺដើម្បីក្លាយជាម៉ាកយីហោរថយន្តថាមពលថ្មីរបស់ចិនឈានមុខគេនៅលើពិភពលោក។ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តនេះ ក្រុមហ៊ុន MG គ្រោងនឹងវិនិយោគទឹកប្រាក់ ១០ ពាន់លានយន់ ឬស្មើនិងប្រមាណ ១,៤ ពាន់លានដុល្លារ ក្នុងការអភិវឌ្ឍផលិតផល និងបច្ចេកវិទ្យាថ្មីៗ៕