
ជាលើកដំបូងហើយ ដែលក្រុមហ៊ុន Toyota សម្រេចដាក់ទុនវិនិយោគជាង ៣៦០លានដុល្លារ ដើម្បីផលិតរថយន្ត Hybrid ក្នុងប្រទេសវៀតណាម។ នេះបើតាមការបញ្ជាក់របស់លោក Nakano Keita អគ្គនាយកក្រុមហ៊ុន Toyota Motor Vietnam ក្នុងពិធីគម្រប់ខួបលើកទី៣០ របស់ក្រុមហ៊ុនក្នុងប្រទេសអាស៊ានមួយនេះ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន។
គម្រោងវិនិយោគផលិតរថយន្ត Hybrid របស់ Toyota គឺជាការបង្ហាញពីការតាំងចិត្តរបស់ខ្លួនក្នុងការជំរុញផលិតកម្មក្នុងស្រុកនៅប្រទេសវៀតណាម និងខ្សែចង្វាក់ផ្គត់ផ្គង់ ខណៈដែលវៀតណាម កំពុងពង្រឹងស្តង់ដារបញ្ចេញផ្សែងរបស់រថយន្ត។ បន្ថែមលើសនេះ Toyota ក៏នឹងធ្វើទំនើបកម្មទីស្នាក់ការកណ្តាល និងរោងចក្ររបស់ខ្លួន ក្នុងពេលចាប់ផ្តើមការផលិតរថយន្ត Hybrid នេះផងដែរ។
គួរកត់សម្គាល់ថា ថ្វីបើក្រុមហ៊ុនជាច្រើន បានចាប់ផ្តើមផ្តោតទៅលើការផលិតរថយន្តអគ្គិសនីយ៉ាងណាក្តី តែសម្រាប់ Toyota វិញ រថយន្ត Hybrid នៅតែជាអាទិភាពខ្ពស់ ដោយចាត់ទុកថា វានឹងបន្តសម្រាប់អនាគត សន្សំសំចៃ និងបរិស្ថាន។
សូមរំលឹកថា Toyota បានបើកក្រុមហ៊ុនរបស់ខ្លួននៅក្នុងប្រទេសវៀតណាម ចាប់តាំងពីឆ្នាំ ១៩៩៥ មក ដោយបានផលិតរថយន្តជាង ៧០ម៉ឺនគ្រឿង។ ក្នុងនោះម៉ូដែល Vios គឺជារថយន្តដែលលក់ដាច់ជាងគេបំផុត បន្ទាប់មកគឺ Innova, Fortuner, Corolla Altis និង Camry។
ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៥ Toyota ជាប់លំដាប់ថ្នាក់ទី២ ដែលលក់រថយន្តដាច់ជាងគេក្នុងប្រទេសវៀតណាម ចំនួនជាង ៤ម៉ឺនគ្រឿង តាមពីក្រោយ VinFast ដែលលក់បានជិត ៩ម៉ឺនគ្រឿង៕