ចាប់ពីឆ្នាំក្រោយទៅ ឡានអគ្គិសនីចិនដែលអាចនាំចេញបាន ទាល់តែមានគុណភាព និងស្តង់ដាត្រឹមត្រូវ

អ្នកជំនាញឧស្សាហកម្មយានយន្ត​នៃប្រទេសចិន បាន​និយាយថា ចិនបានដាក់ចេញវិធានការរឹតត្បិត​លើការនាំចេញរថយន្តអគ្គិសនី ដើម្បីផ្តល់បទពិសោធន៍ថ្មីដល់អ្នកប្រើប្រាស់ និងការពារកេរ្តិ៍ឈ្មោះម៉ាកយីហោក្រុមហ៊ុនចិន តាមរយ:ការគ្រប់គ្រងគុណភាព​កាន់តែខ្លាំង និងធ្វើឲ្យប្រសើរឡើង​នូវសេវាកម្មក្រោយការលក់។

ការលើកឡើងនេះ បន្ទាប់ពី​ក្រសួងពាណិជ្ជកម្ម ក្រសួង​ឧស្សាហកម្ម រដ្ឋបាលរដ្ឋគយ និងរដ្ឋបាលនិយ័តករទីផ្សារ​នៃប្រទេសចិន បាន​ចេញសេចក្តីប្រកាសរួមកាលពីខែកញ្ញា ដែលមានខ្លឹមសារបញ្ជាក់ថា ការនាំចេញ​រថយន្តអគ្គិសនីសុទ្ធ ត្រូវមានលេខសម្គាល់យានយន្ត (VIN) ទើបអាចទទួលបានអាជ្ញាបណ្ណក្នុងការនាំចេញ ដែលធ្វើឡើងចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ​២០២៦។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោក Cui Dongshu អគ្គលេខាធិការសមាគមរថយន្តចិន បាន​ពន្យល់ថា គោលនយោបាយថ្មីនេះ នឹងជួយដល់ការគ្រប់គ្រងលំហូរចេញ​នូវរថយន្តដែលមានគុណភាពទាប និងបានជំរុញ​ដល់​ក្រុមហ៊ុនរថយន្ត ងាកចេញពីការផលិតយកតែបរិមាណ មកការផលិតផ្តោតលើគុណភាព និងមានស្តង់ដាវិញ។ លោកបានកត់សម្គាល់​ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ រថយន្តអគ្គិសនីសុទ្ធជាច្រើន ត្រូវបាននាំចេញដោយគ្មានលេខសម្គាល់ VIN បណ្តាលឲ្យមានចន្លោះប្រហោង​ក្នុងការគ្រប់គ្រងគុណភាព។

គួរដឹងថា លេខសម្គាល់ VIN គឺផ្តល់ព័ត៌មានលម្អិតអំពីក្រុមហ៊ុនផលិតរថយន្ត ឆ្នាំផលិត រោងចក្រដំឡើង និង Spec របស់រថយន្ត។ ក្នុងច្បាប់ថ្មីនេះ ក៏បានបញ្ជាក់ដែរថា មានតែក្រុមហ៊ុនរថយន្ត និងតំណាងចែកចាយរបស់ខ្លួនប៉ុណ្ណោះ ដែលអាចស្នើសុំអាជ្ញាបណ្ណបាន ហើយអាចនាំចេញបាន​តែរថយន្តដែលជាប្រេនរបស់ខ្លួនតែមួយគត់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម