
តើអ្នកធ្លាប់ជួបបញ្ហានេះទេ? ទើបតែប្តូរប៊ូស៊ីប៉ុន្មានថ្ងៃមុនសោះ ស្រាប់តែឥឡូវចេញ Check ប៊ូស៊ីទៀត ហើយពេលចូលការ៉ាស់ជួសជុល ជាងជំនាញប្រាប់ឲ្យប្តូរចោល។ តើអ្នកដឹងទេ មូលហេតុដែលបណ្តាលឲ្យប៊ូស៊ីឆាប់ខូចបែបនេះ គឺបណ្តាលមកពីកត្តាមួយចំនួនដូចខាងក្រោម:
១. ប្រេងម៉ាស៊ីន ចូលទៅក្នុងបន្ទប់ចំហេះ
នៅពេលមានប្រេងម៉ាស៊ីន លេចជ្រាបចូលដល់ក្នុងបន្ទប់ចំហេះ វាអាចបណ្តាលឲ្យក្បាលប៊ូស៊ីមានប្រឡាក់ជាប់ប្រេង និងកខ្វក់ ដែលធ្វើឲ្យប៊ូស៊ីឆាប់ខូច។ រថយន្តកាន់តែចាស់ គឺកាន់តែងាយប្រឈមជួបនឹងបញ្ហានេះណាស់ ដោយសារតែការងាប់រិញ ឬការសឹករិចរិលក្រវាត់ពីស្តុងជាដើម ទើបធ្វើឲ្យមានការជ្រាបប្រេងចូលបាន។ គួរដឹងថា ប៊ូស៊ីមានតួនាទីជាអ្នកបាញ់ផ្កាភ្លើងដើម្បីដុតបញ្ឆេះល្បាយសំាង ជាមួយល្បាយខ្យល់ នៅក្នុងបន្ទប់ចំហេះនៃស៊ីឡាំងនីមួយៗ។
២. ម៉ាស៊ីនរថយន្តឡើងកម្តៅខ្លាំង
នៅពេលម៉ាស៊ីនរថយន្តឡើងកម្តៅខ្លាំងហួសប្រមាណ នឹងបណ្តាលឲ្យគ្រឿងបង្គុំមួយចំនួនក្នុងម៉ាស៊ីនរងការខូចខាត ដោយសារតែមិនអាចទ្រាំទ្រនឹងកម្តៅបាន ក្នុងនោះរួមមានទាំងប៊ូស៊ីផងដែរ។ កត្តាដែលបណ្តាលឲ្យរថយន្តឡើងកម្តៅខ្លាំង ភាគច្រើនគឺមកពីបញ្ហានៃប្រព័ន្ធទឹក។
៣. ប៊ូស៊ីឡើងស្នឹម
នៅពេលប៊ូស៊ីឡើងស្នឹម វាក៏នឹងធ្វើឲ្យឆាប់ខូចផងដែរ។ ការឡើងស្នឹមរបស់ប៊ូស៊ី ក៏មិនគិតពីអាយុកាលប្រើប្រាស់វាដែរ ប៉ុន្តែវាកើតស្នឹមឡើងដោយសារកត្តាមួយចំនួនដូចជា ល្បាយខ្យល់មានដីចូលច្រើនព្រោះតែអ៊ែរម៉ាស៊ីនអស់គុណភាព, ល្បាយសាំងច្រើនជាងខ្យល់ពេក, បើកល្បឿនយឺតៗច្រើនពេក, ប៊ិចសាំងកខ្វក់, បញ្ឆេះម៉ាស៊ីនចោលយូរពេក និងចាក់សាំងដែលគ្មានគុណភាព។
គួរដឹងដែរថា ក្រៅពីលោត Check លោកអ្នកក៏អាចកត់សម្គាល់ពីការខូចប៊ូស៊ីផងដែរ ដូចជា សន្ទុះខ្សោយ ពិបាកបញ្ឆេះ ញ័រក្បាលរថយន្ត ម៉ាស៊ីនឆេះមិនស្មើ និងរថយន្តស៊ីសាំងជាងមុនជាដើម៕