រថយន្ត PHEV ដែលផលិតនៅចិន តម្រូវឲ្យបើកបានចម្ងាយយ៉ាងហោច ១០០គ.ម ឡើង សម្រាប់ការរត់លើអគ្គិសនីសុទ្ធ

រដ្ឋាភិបាលចិន​ បាន​បន្តការរឹតបន្តឹងថែមទៀត​លើការផលិតរថយន្ត ដោយបាន​បង្កើតស្តង់ដាថ្មីសម្រាប់រថយន្តប្រភេទ PHEV គឺតម្រូវឲ្យបើកបរបានយ៉ាងហោចណាស់​ ចាប់ពីចម្ងាយ ១០០គីឡូម៉ែត្រឡើងទៅ សម្រាប់​ការរត់តែលើអគ្គិសនីសុទ្ធ។

កាលពីថ្ងៃទី៩ ខែតុលាកន្លងទៅ ក្រសួងឧស្សាហកម្ម ក្រសួងហិរញ្ញវត្ថុ និងរដ្ឋបាលគយរបស់ចិន បាន​ចេញសេចក្តីប្រកាសរួម ដោយកំណត់​​ស្តង់ដាថ្មីនូវរថយន្ត​ប្រើថាមពល​ ដែលអាចទទួលបានការលើកទឹកចិត្តពន្ធ សម្រាប់ឆ្នាំ ២០២៦-២០២៧ ជាពិសេសកំណត់​សម្រាប់រថយន្ត PHEV ពោលគឺត្រូវបង្កើនចម្ងាយបើកបរលើអគ្គិសនីសុទ្ធ ពី ៤៣គីឡូម៉ែត្រ ដល់យ៉ាងហោច ១០០គីឡូម៉ែត្រឡើងទៅ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការកំណត់ស្តង់ដាថ្មីនេះ គឺដើម្បីជំរុញការស្រាវជ្រាវ និងអភិវឌ្ឍលើរថយន្តប្រើថាមពលអគ្គិសនី ដែលធ្វើឲ្យក្រុមហ៊ុនផលិតត្រូវបង្ខំចិត្តអាប់ដេតរថយន្តរបស់ខ្លួនឲ្យកាន់តែប្រសើរឡើង។

បច្ចុប្បន្ន​រថយន្ត PHEV នៅក្នុងប្រទេសចិនប្រមាណ ៤០% គឺស្ថិតនៅក្រោម​ចម្ងាយ ១០០គីឡូម៉ែត្រនៅឡើយ។ តែយ៉ាងណាមិញ សម្រាប់​រថយន្ត PHEV របស់ BYD បាន​មកជាមួយចម្ងាយលើសពី ១០០គីឡូម៉ែត្រទៅហើយ ដូចជា Aito M5 អាចបើកបានចម្ងាយ ២៣០គីឡូម៉ែត្រ និង Tang DM-I បានចម្ងាយ ១៧៥គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម