
បន្ទាប់ពីមានការផ្សព្វផ្សាយជាច្រើនប្រមាណជាង២ឆ្នាំមក ទីបំផុត Toyota បានបញ្ចេញជាផ្លូវការនូវកូនរថយន្តថ្មីមួយម៉ូឌែល Land Cruiser FJ ឬអាចហៅក្រៅថា Land Cruiser Mini នៅថ្ងៃទី២០ ខែតុលា ពោលគឺបញ្ចេញមុនព្រឹត្តិការណ៍ពិព័រណ៌ Japan Mobility Show ដែលនឹងធ្វើឡើងនៅចុងខែតុលានេះ។
កូនរថយន្តបែប Off-road នេះ មានប្រវែង ៤,៥ម៉ែត្រ កម្ពស់ ១,៨ម៉ែត្រ ទទឹង ១,៩ម៉ែត្រ និងគម្លាតពីកង់មុខទៅក្រោយ ២,៥ម៉ែត្រ។ យ៉ាងណាមិញ ទំហំប៉ុណ្ណេះ មិនតូចទេ បើប្រៀបធៀបនឹងរថយន្តមួយចំនួន ហើយលើសពីនេះ វាបំពាក់ម៉ាស៊ីនប៉ុនរថយន្តភីកអាប់ទៅហើយគឺម៉ាស៊ីន ២,៧លីត្រ ផលិតបានកម្លាំង ១៦១សេះ និងកម្លាំងរមួល ២៤៥ញូតុនម៉ែត្រ ដំណើរការជាមួយប្រអប់លេខ ៦វគ្គ។
ទោះជាយ៉ាងណាក៏ដោយ Toyota មិនបានបញ្ជាក់លម្អិតអំពីរថយន្តនេះទេ។ បើផ្អែកតាមរូបភាព ការឌីហ្សាញធ្វើរាងបែបប្រអប់ជ្រុងៗ ចង្កៀងមុខក្រោយមានទម្រង់ជាអក្សរ C និងមានកាងដំបូល។ ចំណែកផ្នែកកាប៊ីនគឺឃើញមានកុងទ័រឌីជីល និងអេក្រង់ថាច់ស្រ្គីននៅចំកណ្តាល។
Toyota នឹងមិននាំយករថយន្តនេះ ចូលទីផ្សារអាមេរិក ឬ អឺរ៉ុបនោះទេ ប៉ុន្តែនឹងផ្តោតទៅលើទីផ្សារអាស៊ីអាគ្នេយ៍ អាហ្វ្រីក អាមេរិកឡាទីន និងមជ្ឈិមបូព៌ា៕