ក្រុមហ៊ុន Toyota ត្រូវបានរំពឹងថា នឹងបញ្ចេញរថយន្តថ្មី៣ម៉ូឌែលក្នុងនោះ រួមមានអគ្គិសនី ២ម៉ូឌែល គឺ bZ4X និង Urban Cruiser EV ព្រមទាំង Veloz Hybrid សម្រាប់ទីផ្សារអាស៊ាន ជាពិសេសនៅប្រទេសឥណ្ឌូណេស៊ី ដែលគ្រោងរៀបចំពិព័រណ៌យានយន្ត GJAW 2025 នៅក្រុងហ្សាហ្គាតា នាខែវិច្ឆិកាខាងមុខនេះ។
សម្រាប់ម៉ូឌែលអគ្គិសនី bZ4X ជារថយន្តដែលដំឡើងក្នុងប្រទេសឥណ្ឌូណេស៊ីតែម្តង សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ខណៈដែលប្រទេសនេះជាទីផ្សារដ៏ធំបំផុតមួយរបស់ Toyota។ ដូច្នេះ ការដំឡើងរថយន្ត bZ4X ក្នុងប្រទេសនេះ នឹងជួយឲ្យតម្លៃរថយន្តកាន់តែទាប បង្កើនភាពប្រកួតប្រជែង។

ចំណែកម៉ូឌែល Urban Cruiser EV ជារថយន្តអគ្គិសនីប្រភេទ compact SUV ត្រូវបានអភិវឌ្ឍរួមគ្នារវាង Toyota និង Suzuki ពោលគឺគ្រោងឆ្អឹងរួមគ្នាជាមូយ Suzuki e-Vitara។ ទំហអាគុយរបស់រថយន្តនេះ មានជម្រើស ៤៩គីឡូវ៉ាត់ម៉ោង បើកបានចម្ងាយ ៣០០គីឡូម៉ែត្រ និង ៦១គីឡូវ៉ាត់ម៉ោង បើកបានចម្ងាយ ៣៥០គីឡូម៉ែត្រ។

រថយន្តមួយម៉ូឌែលទៀតដែលដំឡើងនៅឥណ្ឌូណេស៊ីដែរនោះគឺ Toyota Veloz ប្រភេទ Hybrid ដោយត្រូវវបានរំពឹងថា នឹងប្រើម៉ាស៊ីនចំណុះ ១,៥លីត្រ ផលិតបានកម្លាំងសរុប ១០៩សេះ។ រថយន្ត ៧កៅអីនេះ នឹងមកជាមួយអេក្រង់ទំហំ ៩អ៊ីង អាចភ្ជាប់ Apple CarPlay និង Android Auto ព្រមទាំងមាន Wireless Charge ផងដែរ៕

















