បន្ទាប់ពីមានរោងចក្រ EV! ឥឡូវកម្ពុជាមានសាលាបណ្តុះបណ្តាល EV ថែមមួយទៀតហើយ

កម្ពុជា កំពុងបោះ១ជំហានធំទៅមុខទៀតហើយ ក្នុងវិស័យយានយន្តអគ្គិសនី ពោលគឺបន្ទាប់ពីរោងចក្រដំឡើងរថយន្តអគ្គិសនីរបស់ BYD ពេលនេះកម្ពុជាមានវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ត និងឧស្សាហកម្មថាមពលថ្មី ដែលត្រូវបានសម្ពោធដាក់ឲ្យដំណើរការកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ​២០២៥។  

វិទ្យាស្ថាននេះត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរវាងសាកលវិទ្យាល័យបច្ចេកវិទ្យាឆុងឈីង ក្រុមហ៊ុន GTV Motor និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក្នុងគោលដៅអភិវឌ្ឍធនធានមនុស្ស លើជំនាញរថយន្តអគ្គិសនី វិស្វកម្មយានយន្តអគ្គិសនី និងបច្ចេកវិទ្យាឧស្សាហកម្មថាមពលថ្មី ដែលគាំទ្រការផ្លាស់ប្តូររបស់កម្ពុជា ឆ្ពោះទៅការផលិតប្រកបដោយនិរន្តរភាព និងមានតម្លៃបន្ថែមខ្ពស់។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើង​ក្នុងពិធីសម្ពោធនេះថា៖ “ការបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មីកម្ពុជា នឹងជួយពង្រឹងហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដល់ការអភិវឌ្ឍវិស័យយានយន្តរបស់កម្ពុជា និងស្របតាមគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយានយន្តអគ្គិសនីឆ្នាំ២០២៤២០៣០។ វិទ្យាស្ថាននេះនឹងចូលរួមបណ្តុះបណ្តាលកម្លាំងពលកម្មកម្ពុជាសម្រាប់ការវិវត្តរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យយានយន្តអគ្គិសនី ដែលជាឧស្សាហកម្មថាមពលថ្មីរបស់កម្ពុជា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មី ជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការកន្លងមក ដែលក្រុមហ៊ុន GTV Motor បានសម្របសម្រួលបញ្ជូនមន្ត្រីជំនាញបច្ចេកទេស គ្រូបង្គោល និងបុគ្គលិកក្រុមហ៊ុន ទៅចូលរួមវគ្គបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាយានយន្តអគ្គិសនី នៅទីក្រុងឆុងឈីង ប្រទេសចិន។ គម្រោងនេះក៏រួមចំណែកដល់ការអនុវត្តក្របខ័ណ្ឌជាតិសំខាន់ៗ រួមទាំងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ឆ្នាំ២០១៥២០២៥ ផែនទីបង្ហាញផ្លូវវិស័យយានយន្តនិងអេឡិចត្រូនិកកម្ពុជា និងយុទ្ធសាស្ត្រ អព្យាក្រឹតកាបូន ដែលរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម