ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ មានយានយន្តអគ្គិសនីចុះបញ្ជីសរុប ១០ ៥៦៨គ្រឿង ក្នុងនោះរថយន្តអគ្គិសនី ៧ ១៨៧គ្រឿង, ត្រីចក្រយានយន្តអគ្គិសនីចំនួន ៦៧១គ្រឿង និងម៉ូតូអគ្គិសនីចំនួន ២៧១០គ្រឿង។
ក្រសួងបញ្ជាក់ថា នាពេលបច្ចុប្បន្ន ការអភិវឌ្ឍយានយន្តអគ្គិសនី គឺជានិន្នាការសកល ដែលកំពុងកើនឡើងយ៉ាងលឿន។ សម្រាប់កម្ពុជា ការចុះបញ្ជីយានយន្តអគ្គិសនីចាប់ផ្តើមក្នុងអំឡុងឆ្នាំ២០១៨ ដែលកាលណោះមានរថយន្តអគ្គីសនីតែ១គ្រឿងគត់ដែលបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន។ ចាប់ពីពេលនោះមក ការចុះបញ្ជីយានយន្តអគ្គិសនីមានកំណើនជារៀងរាល់ឆ្នាំ ដូចនឹងនិន្នាការកំណើនយានយន្តអគ្គិសនីលើសកលលោកដែរ។

គួរឲ្យចាប់អារម្មណ៍ទៀតនោះ កាលពីពេលថ្មីៗនេះ ប្រេនរថយន្តអគ្គិសនីដ៏ធំមួយរបស់ចិន XPENG បានប្រកាសពីវត្តមានផ្លូវការរបស់ខ្លួនចូលក្នុងទីផ្សារកម្ពុជា ដោយនាំយករថយន្តជាច្រើនម៉ូឌែល រាប់ចាប់ពីម៉ូឌែល X9 MPV, G6, G7, G9 SUVs រហូតដល់ P7+ និង MONA MO3។
មិនតែប៉ុណ្ណោះ ឆាប់ៗខាងមុខនេះ រោងចក្រ BYD នឹងចាប់ផ្តើមប្រតិបត្តិការដំឡើងរថយន្តអគ្គិសនីសុទ្ធ និង PHEV បន្ទាប់ពីត្រូវបានបើកការដ្ឋានសាងសង់កាលពីខែមេសា នៅខេត្តព្រះសីហនុ ជាមួយសមត្ថភាពដំឡើងបាន ១ម៉ឺនគ្រឿងក្នុង១ឆ្នាំ។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០ ដែលជាត្រីវិស័យ និងជាឧបករណ៍ ក្នុងការតម្រង់ទិស និងជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា។ តាមរយៈគោលនយោបាយជាតិនេះ កម្ពុជាបានកំណត់គោលដៅឆ្នាំ២០៣០ សម្រេចបាននូវការចុះបញ្ជី រថយន្តអគ្គិសនីសុទ្ធសរុបមានចំនួន ៣០ ០០០គ្រឿង ដោយក្នុងនោះរថយន្តទេសចរណ៍អគ្គិសនីសុទ្ធ (private cars) មានចំនួន២៥ ០០០គ្រឿង។
ទោះជាយ៉ាងណាក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធសម្រាប់បម្រើឱ្យការប្រើប្រាស់រថយន្តអគ្គិសនីនៅក្នុងស្រុក នៅមិនទាន់អាចឆ្លើយតបបានគ្រប់គ្រាន់ ហើយវាក៏ជាកត្តារាំងស្ទះដ៏ធំមួយ សម្រាប់វិស័យ EV។ រាជរដ្ឋាភិបាលបានជំរុញ ការប្រើប្រាស់យានយន្តអគ្គិសនី ក្នុងនោះការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ សម្រាប់អ្នកប្រើប្រាស់ ដោយរួមមានការបញ្ចូលថាមពល ការផ្គត់ផ្គង់ថាមពល ការថែទាំ និងជួសជុលជាដើម៕
















