
រថយន្ត Nissan N6 PHEV កើតចេញពីការសហការរវាងក្រុមហ៊ុនចិន Dongfeng និងក្រុមហ៊ុនជប៉ុន Nissan ដែលត្រូវបានបង្កើតឡើងសម្រាប់ទីផ្សារប្រទេសចិន បានបើកទទួលការបញ្ជាទិញមុនជាមួយតម្លៃចាប់ពី ១០៦ ៩០០ ដល់ ១២១ ៩០០ យន់ ឬស្មើប្រមាណ ១៥ ០២០ ដល់ ១៧ ១២០ ដុល្លារ សម្រាប់ការលក់ជាផ្លូវការត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៥។
រថយន្ត N6 ត្រូវបានសាងសង់ក្រោមគ្រោងឆ្អឹង “Tianyan” ដែលបានបំពាក់លើរថយន្ដអគ្គិសនី Nissan N7។ សម្រាប់ទំហំរូបរាងខាងក្រៅរថយន្ដនេះមានប្រវែងតួខ្លួនសរុប ៤ ៨៣១ ម.ម ទទឹង ១ ៨៨៥ ម.ម កម្ពស់១ ៤៩១ ម.ម និងមានប្រវែងគម្លាតកង់មុខក្រោយ ២ ៨១៥ ម.ម។ សម្រាប់រថយន្ដ Nissan N6 វាជារថយន្តប្រភេទសុីដានប្រើប្រាស់ថាមពល Plug-in-Hybrid ដំបូងគេដែល Nissan បានសហការជាមួយ Dongfeng ។
ចំពោះការរចនាបានយកលំនាំតាម N7 ស្ទើរតែស្រុង ដោយផ្នែកខាងមុខឌីស្សាញបិទជិត, ភ្លើងបំភ្លឺពេលថ្ងៃអូសកាត់ពេញទទឹងផ្នែកខាងមុខ, ដៃទ្វាររាបស្មើ, និងផ្នែកខាងក្រោយរាងឌីស្សាញ fast-back លេងបន្ថែមជាមួយស្ដុបអូសកាត់ពេញទទឹងផ្នែកខាងក្រោយ។
ចូលមកដល់សមត្ថភាពវិញ Nissan N6 ដំណើរការដោយម៉ាសុីនចំណុះ ១.៥ លីត្រ អាចផលិតកម្លាំងបា ៧៥គីឡូវ៉ាត់ ឬប្រហែល ១០២ សេះ ខណៈម៉ូទ័រអគ្គិសនីអាចផលិតកម្លាំងបាន ១៥៥ គីឡូវ៉ាត់ ឬប្រហែល ២១១ សេះ។ រថយន្ដនេះក៏បានបំពាក់មកជាមួយអាគុយ lithium-iron-phosphate ទំហំ ២១.១ គីឡូវ៉ាត់ម៉ោង ផ្ដល់ជូនរយៈចម្ងាយបើកបរដោយប្រើអគ្គិសនីសុទ្ធបាន ១៨០ គីឡូម៉ែត្រ យោងតាមស្ដង់ដាវាស់ចម្ងាយ CLTC៕




















