ក្រុមហ៊ុន Toyota ប្រចាំតំបន់អឺរ៉ុប បានចាប់ផ្តើមផលិតរថយន្តម៉ូឌែល Aygo X Hybrid នៅរោងចក្រក្នុងសាធារណរដ្ឋឆេក នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលជារថយន្តមិនមែនប្រភេទ PHEV ឬ EV នោះទេ ប៉ុន្តែបែរជាមានកម្រិតបញ្ចេញឧស្ម័នកាបូនិចទាបបំផុត។

បណ្តាក្រុមហ៊ុនរថយន្តជាច្រើន បានតស៊ូនឹងច្បាប់នៃការបញ្ចេញឧស្ម័នកាបូនិចនៅតំបន់អឺរ៉ុប ដោយត្រូវប្រឈមនឹងការចំណាយខ្ពស់ក្នុងការផលិតរថយន្តចំហេះក្នុង សម្រាប់ទីផ្សារតំបន់នេះ។
ដើម្បីអាចទម្លុះរនាំងនេះបាន Toyota បានប្រឹងប្រែងស្រាវជ្រាវបង្កើតបច្ចេកវិទ្យា Hybrid ថ្មី បំពាក់លើរថយន្តសាំង ពោលគឺរថយន្ត Aygo X តែម្តង ដែលជាជំហានថ្មីមួយទៀត ឆ្ពោះទៅរកអព្យាក្រឹត្យកាបូន ក្រៅតែពីរថយន្តអគ្គិសនី ពោលគឺបញ្ចេញ CO2 ត្រឹមតែ ៨៦ក្រាម/គម (តិចជាងច្បាប់ EU ដែលកំណត់ ៩៣,៦ក្រាម/គម)។ មិនតែប៉ុណ្ណោះវាក៏អាចជាគំរូសម្រាប់អនាគតរថយន្តសាំង Hybrid របស់ក្រុមហ៊ុនផ្សេងៗទៀតផងដែរ។

រថយន្ត Aygo X គឺជាម៉ូឌែលតូចបំផុតរបស់ Toyota ដែលបំពាក់បច្ចេកវិទ្យា Full Hybrid ប្រើម៉ាស៊ីនចំណុះ ១,៥លីត្រ ផលិតបានកម្លាំង ១១៦សេះ និងកម្លាំងរមួល ១៤៤ញូតុនម៉ែត្រ ជាន់ស្ទុះពី ០ ទៅ ១០០គ.ម ប្រើពេល ១០វិនាទី និងកម្រិតស៊ីសាំងជិត ៤លីត្រ/១០០គ.ម៕



















