
[ប្រភព៖ BWMBLOG] កាលពីប៉ុន្មានខែមុនក្រុមហ៊ុនអាឡឺម៉ង់ BMW បានដាក់បង្ហាញរថយន្ដអគ្គិសនី BMW iX3 2026 ដែលអាចបើកបរបានចម្ងាយអតិបរមាគឺ ៨០៥ គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ WLTP។ ប៉ុន្តែកាលពីថ្មីៗនេះក្នុងអំឡុងពេលនៃការធ្វើតេស្ត hypermiling (ស្ថិតក្រោមពាក្យស្លោកការបើកបរដើម្បីសន្សំសំចៃថាមពល) ក្រុមហ៊ុនអាឡឺម៉ង់មួយនេះបានសម្រេចយករថយន្ត BMW iX3 មកធ្វើតេស្ដ ដោយកំណត់គោលដៅធ្វើដំណើរចេញពីរោងចក្រផលិតរបស់ខ្លួននៅទីក្រុង Debrecen ក្នុងប្រទេសហុងគ្រី ទៅកាន់ទីក្រុង Munich ដែលជាទីស្នាក់ការរបស់ក្រុមហ៊ុន BMW។
ជាលទ្ធផលមិនគួរឲ្យជឿ BMW iX3 បានបញ្ចប់ការធ្វើតេស្ដដោយជោគជ័យ ដោយរថយន្តប្រភេទ crossover អគ្គិសនីនេះបានបើកបរបានចម្ងាយ ១ ០០៧.៧ គីឡូម៉ែត្រ ហើយនៅតែសល់ថ្ម ២%ថែមទៀត។ ជាមួយថាមពលថ្ម២% រថយន្ដនេះអាចនឹងបើកបរបានចម្ងាយប្រហែល ២០ គីឡូម៉ែត្របន្ថែមទៀតមុនពេលថ្មអស់ទាំងស្រុង។
នៅពីក្រោយរឿងរ៉ាវនេះ អ្វីៗគ្រប់យ៉ាងសុទ្ធតែកើតចេញពីផែនការនិងការគិតគូរយ៉ាងល្អិតល្អន់ ដើម្បីឈានដល់ការសម្រេចគោលដៅ។ ក្នុងការដំណើរនៃការធ្វើតេស្ដ ក្រុមហ៊ុន BMW បានរៀបចំផែនការធ្វើដំណើរនេះដើម្បីបង្កើនឱកាសរបស់ខ្លួនក្នុងការបំបែកកំណត់ត្រា ១ ០០០ គីឡូម៉ែត្រ ដោយការសាកថ្មតែម្តង។ ក្នុងនោះតម្រូវឲ្យរថយន្ត iX3 ត្រូវជៀសវាងការបើកបរផ្លូវហាយវ៉េ ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីពីការទទួលនូវកម្លាំងកកិតជាមួយខ្យល់ខ្លាំង។ លើសពីនេះ ក្រុមអ្នកបើកបរក៏បានរៀបចំផែនទីផ្លូវ ដែលកាត់បន្ថយការកកស្ទះចរាចរណ៍ និងភ្លើងស្តុបឲ្យនៅតិចបំផុត។
បន្ទាប់ពីទៅដល់ទីក្រុង Vienna ដោយនៅសល់ថ្ម ៥៣% ក្រុមការងារបាន បិទម៉ាស៊ីនត្រជាក់, ប្រព័ន្ធកម្តៅ, និងវិទ្យុ ដើម្បីកាត់បន្ថយការទាញយកថាមពលឲ្យតិចបំផុត។ ជាមួយនេះក្រុមហ៊ុន BMW ក៏មិនចង់ប្រើភ្លើងហ្វាទាប (low beams) ដែរ ប៉ុន្តែដោយសារតែផ្លូវងងឹត ទើបគ្មានជម្រើសផ្សេង។ អ្វីដែលសសំខាន់បំផត ពួកគេបានផ្តោតលើការរក្សាសន្ទុះរបស់រថយន្ត និងប្រើប្រាស់ប្រព័ន្ធហ្វ្រាំងបង្កើតថាមពលឡើងវិញ (regenerative braking) ឲ្យមានប្រសិទ្ធភាពបំផុតនិងប្រើប្រាស់សំបកកង់ M aerodynamic ទំហំ ២០ អុីញ ជំនួសឲ្យជម្រសើសទំហំ ២១ ឬ ២២ ព្រោះពេលសំបកកង់ធំជាងនឹងកាត់បន្ថយចម្ងាយធ្វើដំណើរ។
ជាលទ្ធផលវាស្ទើរតែមិនអាចទៅរួចទេប៉ុន្តែពួកគេអាចធ្វើរឿងនេះបានដោយ BMW iX3 2026 អាចបើកបរបាន ១ ០០០ គីឡូម៉ែត្រ ដោយការសាកថ្មតែម្តង ប៉ុន្តែត្រូវបើកបរតាមលក្ខខណ្ឌដូចអ្វីដែលក្រុមហ៊ុនបានធ្វើតេស្ដ។ សម្រាប់ការធ្វើតេស្ដគឺមិនត្រូវបានណែនាំឲ្យអតិថិជនរបស់ធ្វើបែបនេះទេ ដោយសារវាត្រូវទាមទារ ឲ្យអ្នកបើកបរប្រើលក្ខខណ្ឌ នៃការរបើកបរខុសពីទម្លាប់នៃការបើកបរប្រចាំថ្ងៃធម្មតា។ យ៉ាងមិញទោះប្រើប្រាស់ទម្លាប់បើកបរតាមលក្ខខណ្ឌធម្មតារថយន្ដ BMW iX3 នៅតែអាចបើកបានចម្ងាយតិបរមា ៨០៥ គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ WLTP ពេលសាកថ្មមួយពេញ។
មូលហេតុដែលរថយន្ដនេះបើកបានឆ្ងាយបែបនេះគឺដោយសារវាបានបំពាក់មកជាមួយអាគុយទំហំធំរហូតដល់ ១០៨.៧ គីឡូវ៉ាត់ម៉ោង ដោយប្រើប្រាស់ជាប្រភេទកោសិកាស៊ីឡាំង (cylindrical cells) ដោយសមត្ថភាពនេះបានកើនឡើង ៤៥% ធៀបនឹង iX3 ជំនាន់ទីមួយ។ បន្ដែមពីរថយន្ដ BMW iX3 ប្រើប្រាស់បច្ចេកវិទ្យា eDrive ជំនាន់ទី ៦ របស់ BMW និងគាំទ្រការសាកថ្ម DC ក្នុងល្បឿនអតិបរមា ៤០០ គីឡូវ៉ាត់៕


















