
Deepal ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនមេ Changan Automobile ដែលផ្តោតទៅលើយានយន្តថាមពលថ្មី (NEV) បានសម្រេចទិញយកអតីតរោងចក្រផលិតរថយន្តរបស់ Hyundai នៅទីក្រុងឆុងឈីង (Chongqing) ប្រទេសចិន ដើម្បីជួយបំពេញបន្ថែមនូវផលិតកម្មររថយន្តបស់ខ្លួន ដែលបានគ្រោងទុកលក់អោយបាន ៣លានគ្រឿងក្នុងឆ្នាំ២០២៥នេះ។

ក្នុងនោះ យោងតាមរបាយការណ៍បាននិយាយថា Deepal បានបញ្ជាក់ថា រោងចក្រថ្មីរបស់ខ្លួននេះបានចាប់ផ្តើមប្តូរឡូហ្គូរបស់ខ្លួននៅចុងខែតុលាកន្លងទៅរួមហើយ ប៉ុន្តែចំពោះផលិតកម្មនោះគឺនៅពុំទាន់ដំណើរការនោះទេ។
សម្រាប់រោងចក្រនៅ Chongqing គឺជារោងចក្របណ្តាក់ទុនរួមគ្នារបស់ Beijing Hyundai Motor ដែលបានដំណើរការនៅឆ្នាំ២០១៧ ជាមួយសម្ថភាពក្នុងការផលិតរថយន្តបានខ្ទង់ ៣០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ និងវិនិយោគសរុបប្រមាណ ១,១ពាន់លានដុល្លារ។ ប៉ុន្តែផលិតគួរអោយស្តាយនៅឆ្នាំ២០២១ រោងចក្រនេះបានផ្អាកដំណើរការ រហូតដល់ចុងឆ្នាំ២០២៣ រោងចក្រនេះក៏បានលក់ទៅអោយសហគ្រាសរដ្ឋមួយតម្លៃខ្ទង់ ២២៨លានដុល្លារ។

សូមបញ្ជាក់ផងដែរថា នេះមិនមែនជារោងចក្រដំបូងរបស់ Hyundai នោះទេ ដែលបានសម្រេចចិត្តលក់ក្នុងប្រទេសចិន ខណ:រោងចក្រ Beijing Hyundai Motor នៅទីក្រុង Beijing ក៏បានលក់អោយ Li Auto ផងដែរ៕






















