
បន្ទាប់ពីប្រកាសចេញលក់ដំបូងកាលពីចុងឆ្នាំមុន ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Xpeng បានធ្វើការប្រកាសដាក់បង្ហាញចេញនូវលក្ខណៈពិសេសរបស់រថយន្ត Xpeng P7+ ស៊េរីឆ្នាំ២០២៦ របស់ខ្លួនហើយ ដោយក្នុងនោះ នឹងធ្វើការប្រកាសចេញលក់នៅក្នុងប្រទេសជាង ៣៦ប្រទេស ក្នុងរយៈពេលឆាប់ៗខាងមុខនេះ។

យោងតាមការអះអាងរបស់ក្រុមហ៊ុន Xpeng ផ្ទាល់ រថយន្ត Xpeng P7+ ស៊េរីឆ្នាំ២០២៦ នេះ គឺទទួលបានជម្រើសទាំងប្រភេទអគ្គិសនីសុទ្ធ (BEV) និងអគ្គិសនីលាយសាំង (EREV) តែម្តង។
- សម្រាប់ជម្រើសអគ្គិសនីសុទ្ធ (BEV) អាចបើកបរបានចម្ងាយ ៧២៥គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។ វាគាំទ្របច្ចេកវិទ្យា 800V platform និង 5C fast charging ។
- សម្រាប់ជម្រើសអគ្គិសនីលាយសាំង (EREV) ដំណើរការដោយម៉ាសុីនសាំងចំណុះ ១,៥លីត្រ អាចផលិតកម្លាំងបាន ១៤៨សេះ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៤១សេះ។
ក្នុងនោះ វាគឺត្រូវបានគេចាត់ទុកថាជារថយន្ត EREV ប្រភេទ Sedan ដែលមានចម្ងាយបើកបរដោយថាមពលអគ្គិសនីសុទ្ធបានវែងជាងគេបំផុតនៅក្នុងពិភពលោក ពោលគឺអាចបើកបរដោយថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ៤៣០គីឡូម៉ែត្រ និងសរុបលើស ១ ៥៥០គីឡូម៉ែត្រ។

លើសពីនេះ រថយន្តនេះទៀតសោត ក៏នឹងទទួលបាននូវការរចនាឡើងវិញទាំងស្រុង ក៏ដូចជាការធ្វើឱ្យប្រសើរឡើងចំនួន ១០៤ចំណុចផងដែរ៕






















