មើលរូបរាងឡាន SUV ថ្មីរបស់ចិន ឌីហ្សាញដោយអតីតបុគ្គលិក Land Rover

រូបភាព​ថ្មី​នៃ​រថយន្ត​ SUV ជំនាន់​ចុង​ក្រោយ​របស់​​ម៉ាក​យីហោ​រថយន្ត​ Haval បាន​លេច​ចេញ​លើ​វិបសាយ​ភាសា​ចិន រួម​ជា​មួយ​ព័ត៌មាន​​ខ្លះៗ​អំពី​ការ​ឌីហ្សាញ​ថ្មី​ផង​ដែរ។

រថយន្ត SUV នេះ​ត្រូវ​បាន​ឌីហ្សាញ​ឡើង​ដោយ​ Phil Simmons ដែល​ត្រូវ​បាន​ចាត់​តាំង​ជា​អ្នក​ចាត់​ការ​ផ្នែក​ឌីហ្សាញ​ប្រចាំ​​ម៉ាក​យីហោ​ Haval ដោយ​ក្រុមហ៊ុន Great Wall Motors ក្នុង​ឆ្នាំ ២០១៨ ដោយ​ពី​មុន​មក​រូប​គេ​ធ្លាប់​ជា​អ្នក​ឌីហ្សាញ​នៅ​ក្រុមហ៊ុន​អង់គ្លេស Land Rover។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រចនាបថ​របស់ SUV ថ្មី​នេះ​គឺ​មាន​ជា​លក្ខណៈ​ជ្រុងៗ​ ដែល​ជា​រចនាបថ​ទាក់​ភ្នែក​មួយ។ នៅ​ផ្នែក​ខាង​មុខ​មាន​បំពាក់​អំពូល​ភ្លើង​រាង​មូល និង​មាន​រន្ធ​ខ្យល់​ទំហំ​ធំ​ ហើយ​​កាង​ខាង​មុខ​មាន​ការ​រចនា​ជា​ពណ៌​ខ្មៅ​រំលេច​គ្នា​ជា​មួយ​ពណ៌​ទឹក​ក្រូច​នៃ​តួ​ខ្លួន​រថយន្ត។

​​មើល​ពី​ចំហៀង​ឃើញ​ថា​រថយន្ត​នេះ​មាន​កម្ពស់​ខ្ពស់ និង​មាន​ទំហំ​ធំ​ថែម​ទៀត​ផង។ ចំណែក​ផ្នែក​ខាង​ក្រោយ​មាន​ប្រើ​ប្រាស់​រចនាបថ​អំពូល​ឲ្យ​សញ្ញា​ជា​រាង​អក្សរ L ធ្វើ​ឲ្យ​គេ​នឹក​ដល់​រថយន្ត Lynk & Co 01 ដែល​ជា​ SUV មួយ​ម៉ូដែល​ទៀត​របស់​​ចិន។

គួរ​ដឹង​ថា Haval អាច​នឹង​បញ្ចេញ​លក់​រថយន្ត​នេះ​លើ​ទីផ្សារ​ក្នុង​ស្រុក​​ចាប់​ពី​ត្រីមាស​ទី ៣ ឆ្នាំ ២០២០ នេះ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម