
ក្ដីស្រមៃក្នុងការផលិតរថយន្ដធុនធំដើរដោយថាមពលអុីដ្រូសែនរបស់ Mercedes-Benz មិនទាន់រលាយបាត់ឡើយ ដោយក្នុងនោះក្រុមហ៊ុន Daimler Truck កំពុងតែរួមចំណែកយ៉ាងសកម្មក្នុងការរក្សាក្ដីស្រមៃនេះឲ្យនៅមានជីវិត តាមរយៈការដាក់បញ្ចេញរថយន្តដឹកទំនិញខ្នាតធំប្រើបច្ចេកវិទ្យាអុីដ្រូសែន (Hydrogen Fuel Cell) ឲ្យចូលក្នុងខ្សែសង្វាក់ផលិតកម្មនៅក្នុងឆ្នាំនេះ។ គួរបញ្ជាក់ផងដែរ Daimler Truck គឺជាក្រុមហ៊ុនមេដែលគ្រប់គ្រងផ្នែករថយន្តដឹកទំនិញរបស់ Mercedes-Benz។
រថយន្ដដឹកទំនិញ Mercedes-Benz NextGenH2 នឹងចាប់ផ្ដើមចែកចាយទៅដល់ដៃអតិថិជននៅក្នុងតំបន់អឺរ៉ុបនាចុងឆ្នាំនេះ ផលិតមកក្នុងចំនួនកំណត់តែ ១០០ គ្រឿងប៉ុណ្ណោះ។ បើទោះបីជាចំនួននេះមិនទាន់ជាតួលេខបំបែកកំណត់ត្រាក៏ដោយ ប៉ុន្តែបច្ចេកវិទ្យាដែលបង្កប់នៅក្រោមតួខ្លួនរបស់រថយន្តនេះ គឺពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់។ សម្រាប់ការផលិតទ្រង់ទ្រាយធំនៃរថយន្តដឹកទំនិញប្រើថាមពលអុីដ្រូសែន (Fuel cell) ត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅដើមទសវត្សរ៍ក្រោយ។
ដូចទៅនឹងរថយន្តប្រើបច្ចេកវិទ្យាអុីដ្រូសែនដទៃទៀតដែរ រថយន្តដឹកទំនិញថ្មីនេះបំពាក់ជាមួយអាគុយមួយដើរតួជាអ្នកសម្របសម្រួល (Buffer) រវាងប្រភពថាមពល និងប្រព័ន្ធចលករអគ្គិសនី។ ប៉ុន្តែអ្វីដែលខុសប្លែកពីការផលិតរថយន្ដអុីដ្រូសែនដ៏ទៃគឺរថយន្ត Mercedes-Benz NextGenH2 បំពាក់នូវកញ្ចប់អាគុយប្រភេទ Lithium-iron-phosphate (LFP) ដ៏ធំដែលមានទំហំដល់ទៅ ១០១ គីឡូវ៉ាត់ម៉ោង ដែលទទួលថាមពលពីម៉ាស៊ីនអុីដ្រូសែន (Fuel cells) ចំនួនពីរនៅផ្នែកខាងមុខ ហើយបញ្ជូនទៅកាន់ម៉ូទ័រអគ្គិសនីមួយគូនៅផ្នែកខាងក្រោយ។
ប្រព័ន្ធភ្លៅអគ្គិសនី (Electric axle) របស់វាត្រូវបានយកមកពីរថយន្តអគ្គិសនីសុទ្ធម៉ូឌែល eActros 600 ដែលមានសមត្ថភាពផលិតកម្លាំងបានរហូតដល់ ៤៩៦ សេះ។ ចំណែកប្រព័ន្ធបញ្ជាចលករ អាចបញ្ជូនថាមពលត្រឡប់ទៅសាកអាគុយវិញផងដែរ តាមរយៈប្រព័ន្ធហ្វ្រាំងបង្កើតថាមពល (Regenerative braking) ជួយកាត់បន្ថយការប្រើប្រាស់ថាមពលអុីដ្រូសែន។
ចំពោះម៉ាស៊ីនអុីដ្រូសែនទាំងពីរគ្រឿងត្រូវបានដំឡើងនៅក្រោមក្បាលរថយន្ដ អាចផលិតកម្លាំងសរុប ៣០០ គីឡូវ៉ាត់ ហើយវាមានភាពសន្សំសំចៃខ្លាំងក្នុងការប្រើប្រាស់ថាមពលអុីដ្រូសែន។ ក្នុងការសាកល្បងដំបូងជាមួយអតិថិជនលើរថយន្តជំនាន់មុន (GenH2 Truck) កម្រិតស៊ីអុីដ្រូសែនជាមធ្យមគឺចន្លោះពី ៥.៦ គីឡូក្រាម ទៅ ៨ គីឡូក្រាម ក្នុងចម្ងាយ ១០០ គីឡូម៉ែត្រ ជាមួយទម្ងន់សរុបរបស់រថយន្តចន្លោះពី ១៦ ទៅ ៣៤ តោន។ នេះធ្វើឱ្យវាអាចបើកបរបានចម្ងាយសរុបលើសពី ១ ០០០ គីឡូម៉ែត្រ។
បើនិយាយឲ្យងាយរថយន្ដនេះវាប្រៀបដូចជារថយន្តអគ្គិសនីប្រភេទ EREV (Extended-range) ដោយវាបានប្រើម៉ាស៊ីនបង្កើតថាមពលពីអុីដ្រូសែនជំនួសឲ្យម៉ាស៊ីនសាំង ឬម៉ាស៊ូត។ ទោះជាយ៉ាងណាក៏ដោយ វាមិនមានរន្ធសម្រាប់ដោតសាកថ្មឡើយ ដូច្នេះវាពឹងផ្អែកទាំងស្រុងលើម៉ាស៊ីនអុីដ្រូសែន និងធុងផ្ទុកអុីដ្រូសែនចំនួនពីរ អាចផ្ទុកអុីដ្រូសែនរាវបានរហូតដល់ ៨៥ គីឡូក្រាម។
ចំណុចមួយទៀតដែលធ្វើឲ្យរថយន្តអុីដ្រូសែនរបស់ Mercedes-Benz ខុសប្លែកពីគេ គឺការប្រើប្រាស់ “អុីដ្រូសែនរាវ” ជំនួសឲ្យការប្រើអុីដ្រូសែនប្រភេទឧស្ម័នត្រូវបង្ហាប់ (ដូចដែលមាននៅក្នុងរថយន្ត Toyota Mirai ដែលមិនសូវជោគជ័យ)។ នៅសីតុណ្ហភាព -២៥៣ អង្សាសេ អុីដ្រូសែនរាវមានដង់ស៊ីតេថាមពលខ្ពស់ជាងប្រភេទឧស្ម័នយ៉ាងខ្លាំង ដែលអនុញ្ញាតឲ្យគេផ្ទុកវាបានកាន់តែច្រើន និងអាចបើកបរបានចម្ងាយឆ្ងាយ ប្រហាក់ប្រហែលទៅនឹងរថយន្តប្រើម៉ាស៊ូតធម្មតាដែរ នេះបើយោងតាមក្រុមហ៊ុន Daimler Truck។
រថយន្ដ NextGenH2 អាចចាក់បំពេញឥន្ធនៈអុីដ្រូសែនបានសងខាងនៃធុងទាំងរបស់រថយន្ត ដោយសារធុងផ្ទុកទាំងពីរត្រូវបានតភ្ជាប់គ្នា។ ក្រុមហ៊ុនផលិតរថយន្តនេះបានអះអាងថា ការចាក់បំពេញឥន្ធនៈអុីដ្រូសែនឲ្យពេញចំណាយពេលត្រឹមតែចន្លោះពី ១០ ទៅ ១៥ នាទី ប៉ុណ្ណោះ ដែលនេះគឺជាលទ្ធផលនៃការប្រើប្រាស់ស្តង់ដារចាក់បំពេញឥន្ធនៈអុីដ្រូសែន sLH2 ត្រូវបានបង្កើតឡើងក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Linde។
ដោយសារវាត្រូវបានបង្កើតឡើងនៅលើគ្រោងឆ្អឹងដូចគ្នាទៅនឹងរថយន្តត្រកូល Actros ផលិតសម្រាប់លក់ក្នុងទីផ្សារមហាជន រថយន្ត Mercedes-Benz NextGenH2 ទទួលបានអត្ថប្រយោជន៍ពីមុខងារទាំងអស់ ធ្លាប់មានប្រវត្តិជោគជ័យក្នុងការប្រើប្រាស់ជាក់ស្តែង រួមមានប្រព័ន្ធកម្សាន្ត (Infotainment) ចុងក្រោយបង្អស់ និងប្រព័ន្ធជំនួយសុវត្ថិភាពផ្សេងៗផងដែរ៕






















