ទោះសាំងឡើងថ្លៃយ៉ាងណាក៏ដោយ ប៉ុន្តែហេតុអ្វីក៏គេនៅមិនទាន់អាចងាកទៅរករថយន្តអគ្គិសនីបាន?

ក្នុងពេលដែលប្រេងសាំង-ម៉ាស៊ូត កំពុងឡើងថ្លៃបែបនេះ គឺមានការលើកឡើងជាច្រើនថា គឺជាពេលដែលគួរងាកមកប្រើរថយន្តអគ្គិសនីវិញ ដែលមានការសន្សំសំចៃខ្ពស់ និងជួយដល់បរិស្ថាន។ សម្រាប់នៅកម្ពុជា ការងាកមកប្រើរថយន្តអគ្គិសនី គឺជាជម្រើសដ៏ត្រឹមត្រូវ ខណៈកម្ពុជាអាចផលិតចរន្តអគ្គិសនីបានដោយខ្លួនឯង ដោយមិនខ្វល់ពីតម្លៃប្រេងនាំចូលនោះឡើយ។

ទោះជាយ៉ាងណាក៏ដោយ ប្រេងសាំងថ្វីត្បិតតែឡើងថ្លៃ ជួយជំរុញកំណើនប្រើប្រាស់រថយន្តអគ្គិសនីក៏ពិតមែន ប៉ុន្តែនៅមានលក្ខខណ្ឌច្រើនទៀត ដែលគេនៅមិនទាន់អាចប្តូរមកប្រើរថយន្តអគ្គិសនីបាននៅឡើយទេ ក្នុងពេលបច្ចុប្បន្ននេះ។ កត្តាទាំងនោះរួមមានដូចជា៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

១. ថវិកាមានកម្រិត៖ អ្នកខ្លះដែលកំពុងមានរថយន្តសាំងប្រើហើយ ទោះជាចង់ប្តូរទៅប្រើរថយន្តអគ្គិសនី ក៏មិនទាន់អាចទៅរួចដោយសារមិនមានថវិកាគ្រប់គ្រាន់។

២. មិនមានទីកន្លែងសាកអាគុយនៅផ្ទះ៖ សម្រាប់អ្នកដែលមានផ្ទះផ្ទាល់ខ្លួន និងមានកន្លែងចតរថយន្តបាន គឺងាយស្រួលសាកនៅផ្ទះបាន ប៉ុន្តែសម្រាប់អ្នកដែលគ្មានកន្លែងដាក់រថយន្តនៅផ្ទះបានទេនោះ គឺត្រូវយកទៅផ្ញើនៅទីតាំងផ្សេងដែលគ្មានកន្លែងសាក ពោលគឺបើចង់សាក លុះត្រាតែទៅរកតាមស្ថានីយផ្សេងៗ ដែលមានតម្លៃសាកថ្លៃ និងចំណាយពេលរង់ចាំ។

៣. កង្វះស្ថានីយបញ្ចូលសាក៖ ទោះបច្ចុប្បន្ន មានស្ថានីយសាកអាគុយច្រើនក៏ដោយ ប៉ុន្តែនៅមិនទាន់គ្រប់គ្រាន់ ជាពិសេសនៅតាមបណ្តាខេត្ត ដែលគេបារម្ភថា រថយន្តខ្លួនអាចនឹងអស់ថាមពលតាមផ្លូវ ពិបាករកកន្លែងសាក។ ហើយបើមានស្ថានីយសាកមួយៗដែរ ប៉ុន្តែបើមានរថយន្តច្រើនរង់ចាំសាក នោះនឹងធ្វើឲ្យខាតពេលវេលារង់ចាំយូរផងដែរ។

៤. ការបារម្ភអំពីគុណភាពអាគុយ៖ ដើម្បីអាចឲ្យគេទុកចិត្តលើគុណភាពអាគុយដែលអាចប្រើប្រាស់បានយូរ ឬច្រើនគីឡូម៉ែត្រ ត្រូវចំណាយពេលយូរឆ្នាំទៀត ដើម្បីឃើញលទ្ធផលជាក់ស្តែង ព្រោះបច្ចុប្បន្នគេនៅតែបារម្ភថា គុណភាពអាគុយ កាន់តែជិះ កាន់តែឆាប់ស្រកចុះ ហើយចម្ងាយបើកបរកាន់តែតិចទៅៗ ជាពិសេសបារម្ភខ្លាចខូចអាគុយតែម្តង ព្រោះបើផ្លាស់ប្តូរគឺមានតម្លៃថ្លៃខ្លាំងណាស់។

៥. ពិបាកលក់ចេញវិញ៖ សម្រាប់រថយន្តអគ្គិសនី បើជិះកាន់តែច្រើនគីឡូនោះធ្វើឲ្យការលក់ចេញកាន់តែពិបាក ឬបានថោក ឬគ្មានអ្នកទិញតែម្តង ព្រោះអ្នកដែលទិញបន្តក្រោយៗ គេប្រាកដជាបារម្ភពីការធ្លាក់ចុះគុណភាពអាគុយ និងម៉ូទ័រជាមិនខាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម