ការប្រើប្រាស់រថយន្តអគ្គិសនីកាន់តែមានច្រើនហើយ ជាពិសេសក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរនេះ នឹងឃើញមានរត់តាមដងផ្លូវច្រើនទៅលេងតាមរមណីយដ្ឋាននានា។ យ៉ាងណាមិញ ក្នុងស្ថានភាពពេលនេះ ស្ថានីយបញ្ចូលថាមពល ថ្វីត្បិតតែមាននៅបណ្តាខេត្តជាច្រើនទៅហើយក្តី ប៉ុន្តែអាចនឹងឆ្លើយតបមិនគ្រប់គ្រាន់ ពោលគឺអ្នកប្រើប្រាស់អាចនឹងចំណាយពេលរង់ចាំសាកអាគុយបណ្តាក់គ្នា។

តែយ៉ាងណាក៏ដោយ បើបានត្រៀមទុក អាចជួយអ្នកប្រើ EV បានច្រើន រួមមានដូចជា៖
១. កំណត់គោលដៅដែលត្រូវទៅឲ្យបានច្បាស់លាស់ ដើម្បីដឹងពីចម្ងាយរថយន្តខ្លួនអាចទៅដល់ និងមកវិញ។
២. ស្រាវជ្រាវរកកន្លែងសាកអាគុយនៅតាមផ្លូវទៅគោលដៅឲ្យហើយ ថាតើមាននៅចំណុចណាខ្លះ និងមានប៉ុន្មានកន្លែង។
៣. បើសិនមានគម្រោងដេក១យប់ គួរស្វែងរកផ្ទះសំណាក់ ឬសណ្ឋាគារណាដែលមានកន្លែងសាកអាគុយបាន។
៤. មុនពេលចេញដំណើរផ្លូវឆ្ងាយ គួរសាកអាគុយឲ្យបានពេញ ១០០% តែម្តង។ ប៉ុន្តែនៅពេលសាកតាមស្ថានីយ គួរសាកត្រឹមតែ ៨០% ទៅបានហើយ ព្រោះល្បឿននៃការសាកពី ៨០% ទៅ ១០០% នឹងយឺតខ្លាំងណាស់ ដែលធ្វើឲ្យខាតពេលវេលារបស់អ្នក និងអ្នកប្រើប្រាស់ដទៃ ដែលកំពុងរង់ចាំសាកបន្ត។
៥. ដើម្បីសន្សំថាមពលអាគុយក្នុងពេលបើកបរ គឺគួរតែប្រើល្បឿនសមល្មម កុំជាន់ខ្លាំងពេក ត្រូវមានសម្ពាធខ្យល់កង់គ្រប់គ្រាន់ និងកាត់បន្ថយការដឹកធ្ងន់ៗនូវរបស់ដែលមិនចាំបាច់៕















