ត្រឹមខែមីនាមួយប៉ុណ្ណោះ កម្ពុជា មានរថយន្តអគ្គិសនីជាង ១ពាន់ ២រយគ្រឿង បានចុះបញ្ជី

យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ត្រឹមតែ១ខែប៉ុណ្ណោះ គឺនៅខែមីនា ឆ្នាំ២០២៦ មានរថយន្តអគ្គិសនីចំនួន ១២៩៣គ្រឿង បានចុះបញ្ជីនៅក្រសួង។ ចំនួននេះ គឺកើនឡើងពីខែកុម្ភៈ ដែលមានរថយន្តអគ្គិសនីចុះបញ្ជីចំនួន ៨៨៩គ្រឿង និងខែមករាចំនួន ៤០៩គ្រឿង។

គួរឲ្យកត់សម្គាល់បំផុតនោះគឺ ចាប់តាំងពីដើមខែមីនា ឆ្នាំ២០២៦មក តម្លៃប្រេងឥន្ធនៈ បានចាប់ផ្តើមហក់ឡើងខ្ពស់យ៉ាងគំហុក ដោយសារតែសង្គ្រាមនៅមជ្ឈឹមបូព៌ា ដែលជាផ្នែកមួយក្នុងកំណើននៃការប្រើប្រាស់រថយន្តអគ្គិសនីនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តែការពិតទៅ ការប្រើប្រាស់រថយន្តអគ្គិសនីទាំងនៅក្នុងពិភពលោក និងកម្ពុជា មានកំណើនពីមួយឆ្នាំទៅមួយឆ្នាំរួចស្រេចទៅហើយ។ កត្តាតម្លៃប្រេងឥន្ធនៈ ជាផ្នែកជំរុញដ៏ធំមួយ ប៉ុន្តែក៏នៅមានកត្តាជាច្រើនទៀត ដែលជួយជំរុញរថយន្តអគ្គិសនីផងដែរ ដូចជា ការរីកដុះដាលស្ថានីយបញ្ចូលថាមពល EV ការលើកទឹកចិត្តពីរដ្ឋាភិបាល និងចំណាយទាបលើការប្រើប្រាស់ និងថែទាំ ជាពិសេសមិនប៉ះពាល់ដល់បរិស្ថាន។

ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចុះអត្រាពន្ធនាំចូល សម្រាប់រថយន្តគ្រួសារ រថយន្តដឹកអ្នកដំណើរ និងដឹកទំនិញគ្រប់ប្រភេទ ដែលជាប្រភេទ HEV, PHEV និង EV ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។ ក្នុងនោះរថយន្ត EV និងម៉ូទ័រ EV ត្រូវបានបញ្ចុះអត្រាពន្ធនាំចូលមក ០%។

បើតាមរបាយការណ៍របស់ក្រសួងឲ្យដឹងទៀតថា គិតមកត្រឹមខែមីនា ឆ្នាំ២០២៦ មានយានយន្តអគ្គិសនីសរុប ១៦ ២១០គ្រឿង បានចុះបញ្ជី ក្នុងនោះរថយន្តអគ្គិសនីមានចំនួន ១១ ៦៥៦គ្រឿង។

គួរដឹងដែរថា កម្ពុជាបានកំណត់គោលដៅសម្រេចឲ្យបាននូវការចុះបញ្ជីរថយន្តអគ្គិសនីសុទ្ធចំនួន ៣ម៉ឺនគ្រឿង នៅត្រឹមឆ្នាំ២០៣០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម