Geely Galaxy M7 ប្រភេទ PHEV ប្រើអគ្គិសនីសុទ្ធជិះបាន ២២៥គ.ម ខណៈប្រើសាំងលាយអគ្គិសនីជិះបាន១ ៧៣០គ.ម បានបង្ហាញខ្លួនជាផ្លូវការ

រថយន្ត Geely Galaxy M7 បានបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសចិន ហើយនេះគឺជាការបើកទំព័រថ្មីនៃរថយន្តប្រភេទ PHEV ខ្នាតមធ្យមដំបូងគេបង្អស់នៅក្នុងត្រកូល Galaxy M។ ការដាក់សម្ពោធនេះបានផ្ដោតសំខាន់ទៅលើសមត្ថភាពនៃការបើកបរដោយថាមពលអគ្គិសនីបានឆ្ងាយ និងផ្ដោតយលើរយៈចម្ងាយបើកបរសរុបកាន់តែឆ្ងាយ ដោយក្នុងនោះពេលប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយអាចបើបរបានចម្ងាយ ២២៥ គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ CLTC និងមានចម្ងាយផ្លូវសរុបពេលប្រើសាំងលាយអគ្គិសនីរហូតដល់ ១ ៧៣០ គីឡូម៉ែត្រ។ យោងតាមគេហទំព័រ Autohome រថយន្តនេះត្រូវបានរំពឹងថានឹងត្រូវដាក់លក់ជាផ្លូវការនៅក្នុង ខែមេសា ខាងមុខនេះ។

រថយន្ត Galaxy M7 ប្រើប្រាស់ប្រព័ន្ធ Plug-in Hybrid ដំណើរដោយម៉ាសុីនចំណុះ ១.៥ លីត្រ រួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនីនិងបំពាក់មកជាមួយអាគុយលីធ្យូមដែកហ្វូស្ហ្វាត (LFP) ទំហំ ២៩.៨ គីឡូវ៉ាត់ម៉ោង (kWh) គឺជាឆ្អឹងខ្នងសំខាន់ជួយឲ្យរថយន្ដនេះអាចបើកបរដោយថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ២២៥ គីឡូម៉ែត្រ។

ជាមួយគ្នានេះចំពោះអាគុយរថយន្ដនេះជាប្រភេទអាគុយ Aegis Golden Brick ដែលរួមបញ្ចូលនូវប្រព័ន្ធគ្រប់គ្រងកម្ដៅប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសមត្ថភាពសាកថ្មល្បឿនលឿន។ ចំណុចលេចធ្លោផ្នែកបច្ចេកទេសបន្ថែមទៀតគឺ Galaxy M7 បានបំពាក់ជាមួយម៉ាស៊ីន Hybrid ប្រភេទ EM-i ផ្ដល់មកជាមួយប្រសិទ្ធភាពគ្រប់គ្រងកម្ដៅរហូតដល់ ៤៧.២៦% និងប្រព័ន្ធគ្រប់គ្រងថាមពល Star Intelligence 2.0 ត្រូវបានរចនាឡើងដើម្បីកាត់បន្ថយការស៊ីសាំងបាន ១៥% និងកាត់បន្ថយការបាត់បង់កម្ដៅបានដល់ទៅ ៣០%។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការរចនាផ្នែកខាងក្រៅមានលក្ខណៈស្រដៀងទៅនឹងម៉ូឌែល Galaxy M9 ដោយមានបំពាក់ភ្លើង LED លាតសន្ធឹងកាត់ទទឹងខាងមុខ, បំពាក់ជាមួយពណ៌ពីរជាន់ (Dual-tone) និងទ្វារឃ្លុបក្រោយដែលអាចបើកដោយស្វ័យប្រវត្តិតាមរយៈការក្រវេសជើង។ ជាមួយសម្រាប់វិមាត្ររបស់រថយន្ដនេះមានប្រវែងបណ្ដោយ ៤ ៧៧០ មីលីម៉ែត្រ, ទទឹង ១ ៩០៥ មីលីម៉ែត្រ, កម្ពស់ ១ ៦៨៥ មីលីម៉ែត្រ និងមានប្រវែងគម្លាតកង់មុខក្រោយ ២ ៧៨៥ មីលីម៉ែត្រ។

នៅក្នុងកាប៊ីនខាងក្នុងតុបតែងជាមួួលក្ខណៈពិសេសៗដូចជា អេក្រង់កម្សាន្ដបែបអណ្ដែត, កុងទ័រឌីជីថល LCD, ប្រព័ន្ធប្រតិបត្តិការ Flyme Auto, ភ្លើងលម្អខាងក្នុង AI Ambient Lighting មាន ២៥៦ពណ៌, ឧបករណ៍បំពងសំឡេងចំនួន ២៣ គ្រាប់គាំទ្រដោយប្រព័ន្ធសំឡេង Flyme Sound និងកន្លែងសាកថ្មឥតខ្សែ កម្លាំង 50W។ ចំណែកឯកៅអីជួរក្រោយអាចបត់បានក្នុងសមាមាត្រ ៤:៦ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការដាក់អីវ៉ាន់។

យោងតាមរបាយការណ៍ពីគេហទំព័រ CarNewsChina កាលពីខែកុម្ភៈឆ្នាំនេះ បានរំលេចថា កម្រិតស៊ីសាំងរបស់ Galaxy M7 គឺត្រឹមតែ ៣.៣៥ លីត្រ/១០០ គីឡូម៉ែត្រ ប៉ុណ្ណោះ នៅពេលដែលអាគុយត្រូវបានប្រើប្រាស់អស់ ដែលនេះបានធ្វើឲ្យវាក្លាយជារថយន្ត SUV PHEV ខ្នាតមធ្យមមានកម្រិតសន្សំសំចៃខ្លាំងបំផុតមួយនៅក្នុងប្រទេសចិន បើធៀបជាមួយគូប្រជែងដទៃទៀតក្នុងទីផ្សារក្នុងស្រុក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម