
រថយន្ត Mercedes-Maybach S-Class ស៊េរីឆ្នាំ២០២៧ បានបង្ហាញរូបរាងជាផ្លូវការ ដោយទទួលបានការកែសម្រួលកម្លាំងម៉ាស៊ីន, ការរចនាផ្នែកខាងក្នុងថ្មីនិងការផ្លាស់ប្តូររូបរាងភ្លើងបំភ្លឺទាំងស្រុងខុសពីម៉ូឌែលមុន។
ការផ្លាស់ប្តូររូបរាងដល់ទាក់ទាញបំផុតនោះគឺប៉ាណានៅផ្នែកខាងមុខរបស់ Maybach ឥឡូវនេះមានទំហំធំជាងមុន ២០ភាគរយ ធ្វើឲ្យរថយន្តត្រកូល S-Class នេះមើលទៅកាន់តែមានអំណាចនិងរឹងមាំ បើទោះបីជាវាហាក់ដូចជាមិនសូវរលីងស្រឡូនខ្លាំងដូចមុនក៏ដោយ។ នៅផ្នែកខាងលើនៃប៉ាណា មានឆ្លាក់ឈ្មោះ Maybach ដើម្បីបង្ហាញពីកិត្យានុភាព ហើយអ្វីដែលពិសេសនោះគឺវាមានពន្លឺជុំវិញតែម្តង។ ចំណែកឯស្លាកសញ្ញា Maybach នៅបង្អួចក្រោយក៏ត្រូវបានបន្ថែមពន្លឺផងដែរ។ រីឯរូបសញ្ញាផ្កាយបីជ្រុងនៅលើគ្របម៉ាស៊ីនក៏មានជម្រើសបំពាក់ជាមួយភ្លើងបំភ្លឺដែរ ប្រសិនបើអ្នកព្រមចំណាយប្រាក់បន្ថែមដើម្បីដំឡើងវា។
ដូចគ្នាទៅនឹងត្រកូល Benz របស់ Mercedes ដែរចង្កៀងមុខរបស់ Maybach ស៊េរីថ្មីនេះមានរាងជាផ្កាយបីជ្រុងជារូបតំណាងឲ្យ logo របស់ក្រុមហ៊ុន Mercedes តែម្តង។ នៅផ្នែកខាងក្នុងនៃចង្កៀង មានរំលេចដោយធាតុពណ៌មាសផ្កាឈូក និងបង្ហាញស្លាកសញ្ញា Maybach យ៉ាងមានមោទនភាព។
ជាមួយនេះក្រុមហ៊ុន Mercedes បានពិពណ៌នាអំពីគោលបំណងនៃការរចនាផ្ទៃខាងក្នុងថ្មីនេះថាគឺជាការបង្កើនបទពិសោធន៍នៃការសម្រាកលម្ហែដ៏មានផាសុកភាពជាលក្ខណៈបុគ្គលតាមរចនាបថរបស់ Maybach ឲ្យកាន់តែស៊ីជម្រៅ។ ជាក់ស្តែង នៅលើតាប្លូឡាន ឥឡូវនេះត្រូវបានបំពាក់ដោយអេក្រង់ MBUX Superscreen ដ៏ធំលាតសន្ធឹងស្ទើរតែពេញទទឹងផ្នែកខាងមុខ។ សម្រាប់ប្រព័ន្ធប្រតិបត្តិការបញ្ជាលើអេក្រង់នេះដំណើរដោយប្រព័ន្ធបញ្ជា Mercedes-Benz Operating System (MB.OS) ត្រូវដាក់ឲ្យប្រើប្រាស់លើកដំបូងនៅលើត្រកូល Maybach។
ងាកមើលកន្លែងអ្នកដំណើរនៅកៅអីខាងក្រោយ ត្រូវបានបំពាក់ជាមួយបានអេក្រង់ទំហំ ១៣.១ អុីញចំនួន២ ភ្ជាប់មកជាមួយតេឡេបញ្ជា មួយគូសម្រាប់គ្រប់គ្រងមុខងារផ្សេងៗ ដូចជាប្រព័ន្ធកម្សាន្ត ការកំណត់សីតុណ្ហភាព និងវាំងននការពារកម្តៅថ្ងៃ ត្រូវបានដាក់បញ្ចូលជាឧបករណ៍ស្តង់ដារតែម្តង។ អ្វីដែលកាន់តែពិសេសនោះ កៅអីខាងក្រោយមានបំពាក់ជាមួយប្រអប់កុងសូលកណ្តាលថ្មី មានកន្លែងដាក់កែវទឹកត្រូវបានច្នៃឡើងយ៉ាងសម្រិតសម្រាំង ទុកសម្រាប់ដាក់កែវសាំប៉ាញជាជម្រើសបន្ថែមប្រសិនបើអតិថិជនចង់បាន។
ដូចគ្នានឹងផ្នែកផ្សេងទៀតនៃត្រកូល Maybach ដែរការផ្លាស់ប្តូរនៅក្រោមគ្របម៉ាស៊ីនគឺដកស្រង់តាមស៊េរី S-Class ធម្មតា។ ក្រឡេកមកមើលម៉ាស៊ីនស្តង់ដារ V-8 ឥឡូវនេះបង្កើតកម្លាំងបានរហូតដល់ ៥៣០សេះ និងមានកម្លាំងរមួលអតិបរមា ៧៥០ ញ៉ូតុនម៉ែត្រ។ ចំណែកម៉ាស៊ីន V-12 ចំណុះ ៦.០ លីត្រ Twin-turbo អាចផលិតកម្លាំង ៦២១សេះ កម្លាំងរមួល ៩០០ញ៉ូតុនម៉ែត្រ អាចរុញរថយន្តធុនធ្ងន់ជិត ២.៣ តោន អាចជាន់ស្ទុះពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងម៉ោង ប្រើពេលត្រឹមតែ ៣.៧វិនាទី ប៉ុណ្ណោះ។
គួររំលឹកផងដែររថយន្ត Maybach S-Class ស៊េរីថ្មីនេះ រំពឹងថាគ្រោងនឹងដាក់លក់នៅសហរដ្ឋអាមេរិកនៅពាក់កណ្តាលត្រីមាសទី២នៃឆ្នាំ ២០២៦។ មិនទាន់មានការបញ្ជាក់ជាផ្លូវការអំពីតម្លៃនៅឡើយទេ ប៉ុន្តែបច្ចុប្បន្នម៉ូឌែលកំពុងដាក់លក់ S580 មានតម្លៃចាប់ពី ២៣៣ ៥០០ ដុល្លារ និងម៉ូឌែល S680 (ម៉ាស៊ីន V-12) មានតម្លៃចាប់ពី ២៧០ ៧៥០ ដុល្លារ។ ទោះជាយ៉ាងណាក៏ដោយ Maybach ស៊េរីថ្មីនេះ អាចនឹងមានតម្លៃថ្លៃជាងមុនឆ្ងាយ ដោយសារតែការដំឡើងពន្ធនាំចូលលើរថយន្តមកពីសហភាពអឺរ៉ុបចូលមកកាន់ទីផ្សារអាមេរិក៕


















