សមត្ថកិច្ចប្រេស៊ីលបានចុះបង្ក្រាបទីតាំងផលិតរថយន្តក្លែងក្លាយមួយកន្លែង។ ទីតាំងនេះបង្កើតឡើងឪពុក និងកូនប្រុសម្នាក់ ដែលមានទីតាំងនៅរដ្ឋ Santa Catarina ហើយឪពុកនិងកូនត្រូវបានចាប់ខ្លួនព្រោះតែផលិតរថយន្តក្លែងក្លាយលក្ខណៈទ្រង់ទ្រាយធំ។
សមត្ថកិច្ចបានឲ្យដឹងថារថយន្តក្លែងក្លាយដែលផលិតមានដូចជា Ferrari និង Lamborghini ដែលឪពុកកូន បានដាក់លក់លើបណ្ដាញសង្គមក្នុងតម្លៃចន្លោះពី ៤៥ ០០០ ដុល្លារ ទៅ ៦០ ០០០ ដុល្លារ។
គេមិនបានបង្ហាញឡើយថាម៉ាស៊ីនប្រភេទថាត្រូវបានប្រើប្រាស់ក្នុងការផលិតរថយន្តស្ព័រក្លែងក្លាយនេះ។ យ៉ាងណាក្ដីបើតាមរូបភាពគេឃើញថារថយន្តទាំងនេះកំពុងស្ថិតក្នុងដំណាក់កាលផលិតចុងក្រោយ មានលាបថ្នាំរលើបរលោង កៅអីមានដេរប៉ាក់ដោយឡូហ្គោ ហើយក៏មានឡូហ្គោជាច្រើនសម្រាប់បិទផងដែរ។
ទីតាំងផលិតរថយន្តក្លែងក្លាយនេះត្រូវបានបង្ក្រាប ក្រោយពីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងពីក្រុមហ៊ុនរថយន្តអ៊ីតាលីទាំង ២។ នៅពេលចុះបង្ក្រាបគេរឹបអូសបានរថយន្ត ៨ គ្រឿង ហើយមិនមានការបញ្ជាក់ថាកន្លងមករថយន្តក្លែងក្លាយលក់ចេញបានប៉ុន្មានគ្រឿងនោះទេ៕