រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចុះអត្រាពន្ធនាំចូល សម្រាប់រថយន្តគ្រួសារ រថយន្តដឹកអ្នកដំណើរ និងដឹកទំនិញគ្រប់ប្រភេទ ដែលជាប្រភេទ HEV, PHEV និង EV ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦តទៅ។

សម្រាប់រថយន្តដឹកអ្នកដំណើរ និងដឹកទំនិញប្រភេទ HEV, PHEV និង EV ព្រមទាំងម៉ូទ័រ EV ផងដែរ ត្រូវបានបញ្ចុះអត្រាពន្ធនាំចូលពី ១៥% មក ០%។ ចំណែករថយន្តគ្រួសារប្រភេទ PHEV ត្រូវបានបញ្ចុះអត្រាពន្ធនាំចូលពី ៣៥% មក ៧% ខណៈរថយន្តគ្រួសារប្រភេទ EV បញ្ចុះអត្រាពន្ធពី ៣៥% មក ០% តែម្តង។

ការសម្រេចបន្ថយពន្ធនាំចូលរថយន្តអគ្គិសនីនេះ គឺដើម្បីជំរុញឲ្យប្រជាពលរដ្ឋ និងម្ចាស់រោងចក្រសហគ្រាស ប្រើប្រាស់រថយន្តអគ្គិសនី ក្នុងពេលដែលពិភពលោក ក៏ដូចជាកម្ពុជា កំពុងជួបប្រទះនឹងវិបត្តិថាមពលដែលតម្លៃប្រេងមានការកើនឡើងយ៉ាងខ្លាំង ប៉ះពាល់ដល់សេដ្ឋកិច្ច។
ជាមួយគ្នានេះ ការមិនយកពន្ធលើម៉័ទ័ររថយន្តអគ្គិសនី ក៏ស្របពេលដែល ក្រុមហ៊ុន Zo Motors Cambodia ទទួលបានការអនុញ្ញាតលើគម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនី នៅតំបន់សេដ្ឋកិច្ចពិសេសស្រុកក្រគរ ខេត្តពោធិ៍សាត់។ រថយន្តដែលដំឡើងនោះ គឺជាប្រភេទដឹកទំនិញ និងដឹកអ្នកដំណើរ។

សូមរំលឹកថា កាលពីខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចបញ្ចុះអត្រាអាករពិសេស ពី ១០% មក ០% លើម៉ូទ័រ EV និងពី ១០% មក ៥% លើអាគុយ EV ផងដែរ។ កាលពីឆ្នាំ២០២១ រាជរដ្ឋាភិបាល បានបន្ថយអត្រាអាករពិសេសលើមុខទំនិញ រថយន្តអគ្គិសនីសុទ្ធ ពី ៣០% មកត្រឹម ១០%។
តើបងប្អូននៅចាំទេថា ក្រៅពីពន្ធខាងលើនេះ រាជរដ្ឋាភិបាលក៏បានបន្ថយអត្រាពន្ធលើមធ្យោបាយដឹកជញ្ជូន ឬពន្ធផ្លូវវសម្រាប់រថយន្តអគ្គិសនីផងដែរ។ ក្នុងនោះសម្រាប់រថយន្តដែលផលិតក្នុងរយៈពេល ៥ឆ្នាំចុះ ដែលមានកម្លាំង ២០០ ដល់ ២៥០សេះ ត្រូវបានបន្ថយពី ៥០ម៉ឺនរៀល មកត្រឹម ៣០ម៉ឺនរៀល, កម្លាំង ២៥០សេះ ដល់ ៣០០សេះ បន្ថយពី ១លាន ២០ម៉ឺនរៀល មកត្រឹម ៥០ម៉ឺនរៀល និងកម្លាំងលើសពី ៣០០សេះឡើងទៅ បន្ថយពី ១លាន ៦០ម៉ឺនរៀល មកត្រឹម ៨០ម៉ឺនរៀល៕



















