
ក្រុមហ៊ុន Lexus បានដាក់បង្ហាញជាផ្លូវការនូវម៉ូឌែលរថយន្ដអគ្គិសនី TZ ដែលជាប្រភេទរថយន្ត SUV ដំណើរការដោយថាមពលអគ្គិសនីទាំងស្រុង និងបំពាក់មកជាមួយកៅអី ៣ជួរ។ នេះគឺជាជំហានថ្មីមួយទៀតរបស់ Lexus ក្នុងការពង្រីកសមាជិកថ្មីក្នុងត្រកូលរថយន្តអគ្គិសនីរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរថយន្តបែបគ្រួសារដែលមានភាពប្រណីត និងផាសុកភាពខ្ពស់។
ចំពោះកម្រិតសមត្ថភាព LEXUS TZ ដំណើរការដោយប្រព័ន្ធបង្វិលកង់ទាំងបួន (AWD) ដោយក្នុងនោះម៉ូទ័រខាងមុខអាចកម្លាំងអតិបរមា ១៦៧ គីឡូវ៉ាត់ (២២៧ សេះ), កម្លាំងរមួលអតិបរមា ២៦៨.៦ ញូតុនម៉ែត្រ ខណៈម៉ូទ័រខាងក្រោយអាចកម្លាំងអតិបរមា ១៦៧ គីឡូវ៉ាត់ (២២៧ សេះ), កម្លាំងរមួលអតិបរមា ២៦៨.៦ ញូតុនម៉ែត្រ។ បើនិយាយពីសន្ទុះល្បឿនវាអាចជាន់ពី ០-១០០ គីឡូម៉ែត្រ/ម៉ោងប្រើពេល ៥.៤ វិនាទី។
សម្រាប់ទំហំអាគុយវិញ LEXUS TZ បំពាក់ជាមួយអាគុយទំហំ ៩៥.៨២ គីឡូវ៉ាត់ម៉ោង សាកមួយពេញអាចបើកបរបានចម្ងាយ ៦២០ គីឡូម៉ែត្រគិតតាមស្ដង់ដារវាស់ចម្ងាយ WLTC ខណៈគិតតាមស្ដង់ដារវាស់ចម្ងាយ CLTC អាចបើកបរបាន ៦៤០ គីឡូម៉ែត្រ។ ចំពោះរយៈពេលនៃការសាកថ្មថាមពល ១៥០ គីឡូវ៉ាត់ រថយន្ដនេះអាចសាកពី ១០-៨០% ប្រើពេលប្រហែល ៣៥ នាទី។ ទំហំរូបរាងខាងក្រៅរបស់រថយន្ដនេះមានប្រវែងបណ្ដោយ ៥ ១០០ មីលីម៉ែត្រ, ទទឹង ១ ៩៩០ មីលីម៉ែត្រ, កម្ពស់ ១ ៧០៥ មីលីម៉ែត្រនិងប្រវែងគម្លាតកង់មុខក្រោយ ៣ ០៥០ មីលីម៉ែត្រ។
LEXUS TZ បានប្រើប្រាស់ប្រព័ន្ធកម្មវិធី Arene ថ្មីរបស់ Lexus គាំទ្រមុខងារពហុព័ត៌មាន LexusConnect បានកាន់តែសម្បូរបែប និងផ្ដល់នូវដំណើរការរហ័ស ងាយស្រួលយល់។ នៅផ្នែកខាងក្នុងបានបំពាក់ជាមួយេអក្រង់កម្សាន្ដទំហំ ១៤ អុីញនៅចំកណ្តាល ត្រូវបានភ្ជាប់គ្នាជាមួយអេក្រង់កុងទ័រឌីជីថលទំហំ ១២.៣ អុីញនៅពីមុខអ្នកបើកបរ មានមុខងារបង្ហាញផែនទីនាំផ្លូវនៅលើកុងទ័រឌីជីថល។ មុខងារនេះធ្វើឲ្យការមើលទិសដៅកាន់តែងាយស្រួល ដោយអ្នកបើកបរមិនចាំបាច់ងាកមើលទៅកន្លែងផ្សេងឡើយ ដែលវាគឺជាចំណុចស្នូលនៃការរចនាក្នុងកាប៊ីនអ្នកបើកបរដោយផ្អែកលើតម្រូវការមនុស្សជាចម្បង។
ម្ចាស់រថយន្តនឹងអាចទទួលបានព័ត៌មានថ្មីៗ និងមុខងារពង្រឹងសមត្ថភាពជាច្រើន រួមមានប្រព័ន្ធនាំផ្លូវ ប្រព័ន្ធការពារសុវត្ថិភាពតាមរយៈសេវាកម្មតភ្ជាប់ជាកញ្ចប់ ដែលអាចប្រើប្រាស់បានតាមរយៈការ Subscription លើកម្មវិធី LexusLink+។
កញ្ចប់សេវាកម្មស្តង់ដារ (Standard Services) រួមមានមុខងារសំខាន់ៗដូចជា៖
- ការរំលឹកពីការថែទាំរថយន្ត និងប្រព័ន្ធនាំផ្លូវផ្អែកលើបច្ចេកវិទ្យា Cloud។
- ប្រព័ន្ធបញ្ជាដោយសំឡេង និងការបញ្ជាពីចម្ងាយ ដូចជា ការចាក់សោ/បើកសោទ្វារ និងការបញ្ជាម៉ាស៊ីនត្រជាក់។
- ការធ្វើបច្ចុប្បន្នភាពកម្មវិធីពហុព័ត៌មាន និងប្រព័ន្ធសុវត្ថិភាពតាមរយៈប្រព័ន្ធអាកាស (Over-the-air)។
រថយន្តនេះក៏មានបំពាក់នូវសោឌីជីថលឆ្លាតវៃ Smart Digital Key+ ត្រូវបានដាក់បញ្ចូលទៅក្នុងកាបូបលុយអេឡិចត្រូនិច លើស្មាតហ្វូន ឬនាឡិកាដៃ ហើយអាចចែករំលែកឲ្យអ្នកប្រើប្រាស់ផ្សេងទៀតបានរហូតដល់ ៦ នាក់។ ការប្រើប្រាស់មានភាពរហ័ស និងងាយស្រួលបំផុត ដោយមិនចាំបាច់បើកកម្មវិធីឡើយ ហើយវាថែមទាំងអាចដំណើរការបាន ទោះបីជាស្មាតហ្វូន (ប្រភេទ NFC) អស់ថ្មក៏ដោយ។
កញ្ចប់ Connect & Drive ផ្តោតលើការបង្កើនសមត្ថភាពប្រព័ន្ធនាំផ្លូវ មុខងារបញ្ជាដោយសំឡេង និងការភ្ជាប់ទៅកាន់គណនីស្តាប់តន្ត្រី (Spotify) ដោយផ្ទាល់។ ចំណែកឯកញ្ចប់ Connect & Secure ផ្តល់នូវសន្តិសុខបន្ថែម និងភាពកក់ក្តៅក្នុងចិត្ត ជាមួយនឹងមុខងារកាមេរ៉ាកត់ត្រាសកម្មភាពបើកបរ (Drive recorder), ប្រព័ន្ធការពារការបញ្ឆេះពីចម្ងាយ និងជំនួយការការពារចោរកម្ម៕



















