ហេតុអ្វី រថយន្តអគ្គិសនី ពេលបើកចុះពីភ្នំ បែរជាឡើងភាគរយអាគុយទៅវិញ?

នៅពេលបើករថយន្តអគ្គិសនីឡើងភ្នំ វានឹងប្រើថាមពលអាគុយអស់ច្រើនជាងធម្មតា ដោយសារត្រូវប្រើកម្លាំងខ្លាំង ប៉ុន្តែពេលបើកចុះពីភ្នំវិញ ភាគរយថាមពលអាគុយបែរជាកើនឡើង។

ការកើនឡើងថាមពលអាគុយនេះ ដោយសារតែរថយន្តអគ្គិសនីត្រូវបានបំពាក់មកជាមួយប្រព័ន្ធ Regenerative Braking។ ប្រព័ន្ធនេះ ដំណើរការនៅពេលម៉ូទ័ររបស់រថយន្ត ដើរតួជាម៉ាស៊ីនភ្លើងវិញម្តង ពោលគឺពេលបើកចុះពីលើផ្លូវភ្នំ ឬផ្លូវទួល គឺអ្នកបើកបរត្រូវជាន់ហ្វ្រាំងបន្ថយល្បឿន ឬគ្រាន់តែដកជើងចេញពីឈ្នាន់ហ្គែរ នោះម៉ូទ័នឹងប្រែទៅជាអ្នកទប់កម្លាំងម៉ាស៊ីនវិញ ដោយត្រង់ចំណុចនេះហើយ ម៉ូទ័រនឹងបម្លែងថាមពលស៊ីនេទិច និងកម្លាំងទំនាញ ទៅជាអគ្គិសនីសាកបញ្ចូលទៅឲ្យអាគុយវិញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនត្រឹមតែការបើកចុះពីផ្លូវភ្នំនោះទេ ប្រព័ន្ធ Regenerative Braking ក៏ដំណើរការបានដោយប្រសិទ្ធភាពខ្ពស់ផងដែរ ក្នុងការសាកបញ្ចូលថាមពលឲ្យអាគុយវិញ នៅពេលស្ថិតក្នុងស្ថានភាពចរាចរណ៍មមាញឹកជាពិសេសក្នុងទីក្រុង ដែលអ្នកបើកបរត្រូវជាន់ហ្វ្រាំងជាញឹកញាប់។

ជារួមប្រព័ន្ធនេះ គឺជាចំណុចពិសេសបំផុតមួយរបស់រថយន្តអគ្គិសនីមួយ ដែលមិនត្រឹមតែជួយសាកអាគុយកើនឡើងភាគរយវិញនោះទេ ប៉ុន្តែក៏បានកាត់បន្ថយនូវការសឹកស្បែកហ្វ្រាំង ឬកាត់បន្ថយការចំណាយលើការថែទាំ និងបង្កើនសុវត្ថិភាព ជាងរថយន្តដែលប្រើប្រព័ន្ធហ្វ្រាំងធម្មតា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម