គ្រប់រថយន្តដែលបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ឬ ឆៀក និងមានលក្ខណៈ ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសកំណត់ គឺនឹងទទួលបានវិញ្ញាបនបត្រ និងលតាបត្រឆៀកភ្លាមៗតែម្តង។
សម្រាប់លតាបត្រឆៀក ត្រូវបិទនៅជ្រុងខាងលើ ផ្នែកខាងស្តាំ ផ្ទៃខាងក្នុងកញ្ចក់មុខរបស់រថយន្ត មានបង្ហាញកាលបរិច្ឆេទផុតសុពលភាព QR Code ផ្លាកលេខ និងនាមករណ៍ក្រុមហ៊ុនត្រួតពិនិត្យ។ នៅពេលលោកអ្នកស្កេន QR Code ដែលមាននៅលើលតាបត្រឆៀករបស់រថយន្តណាមួយ នោះវានឹងបង្ហាញចេញព័ត៌មានលម្អិតរបស់រថយន្តនោះតែម្តង ជាពិសេសគឺមានរូបថតរថយន្តដែលត្រូវបានថតនៅកន្លែងឆៀកនោះថែមទៀតផង។

យោងតាមប្រកាសស្តីពីការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះគ្រប់ប្រភេទ ឲ្យដឹងថា រូបថតយាន ត្រូវថតនៅរៀងរាល់ការឆៀក ដែលថតដោយបច្ចេកទេសដូចខាងក្រោមនេះ៖
១. ថតរូបយាន មុំបញ្ឆិត ៣០ដឺក្រេ ពីផ្នែកខាងមុខ និងផ្នែកខាងក្រោយយាន
២. រូបថតយានច្បាស់ក្នុងកម្រិត ១២៨០ x ៧២០ភិចសែល និងមានទំហំ ៧៥% នៃរូបភាពទាំងមូល។

QR Code ឆៀក គឺជាមុខងារសុវត្ថិភាពមួយដែលបំពាក់នៅលើលតាបត្រឆៀក ដោយត្រូវបានប្រើប្រាស់យ៉ាងសំខាន់ក្នុងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារយានយន្ត ដើម្បីចៀសវាងការក្លែងបន្លំ និងធានាបាននូវសុវត្ថិភាពខ្ពស់ក្នុងការគ្រប់គ្រងទិន្នន័យយានយន្ត។
គួរបញ្ជាក់បន្ថែមថា រាល់ខ្លឹមសារក្នុងវិញ្ញាបនបត្រ និងលតាបត្រឆៀក មិនត្រូវក្លែងបន្លំ កោសលុប ឬកែជាដាច់ខាត និងត្រូវថែរក្សាឲ្យបានល្អ៕



















