
នៅមហាសន្និបាតប្រចាំឆ្នាំ ដែលមានមនុស្សចូលរួមយ៉ាងកុះកររហូតដល់ទៅជាង ៩ ០០០ នាក់ លោក Kenta Kon ជានាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Toyota មិនបានគេចវេះពីបញ្ហាប្រឈមធំៗដែលកំពុងកើតមាននោះឡើយ។ ជំនួសឲ្យការលើកឡើងពីចក្ខុវិស័យថ្មីដ៏ធំស្កឹមស្កៃ លោកបានសង្កត់ធ្ងន់កាន់តែខ្លាំងលើទស្សនវិជ្ជារបស់តូយ៉ូតា ពោលគឺ៖ បន្តផលិតរថយន្តឲ្យកាន់តែល្អប្រសើរឡើងជាលំដាប់។
លោក Kenta Kon ក៏បានសម្តែងការដឹងគុណចំពោះលោក Akio Toyoda ដែលបានបណ្តុះគំនិតមួយនេះយ៉ាងស្អិតរមួតនៅក្នុងក្រុមហ៊ុនអស់រយៈពេល ១៧ ឆ្នាំកន្លងមកនេះ។ រូបលោកក៏បានបញ្ជាក់ថាបុគ្គលិកទាំងអស់បានរៀនសូត្រពីអ្វីដែលធ្វើឲ្យរថយន្តមួយមានគុណភាពល្អឥតខ្ចោះ តាមរយៈការចុះអនុវត្តផ្ទាល់ជាមួយលោក Akio Toyoda ទាំងនៅក្នុងរោងចក្រផលិត និងនៅលើផ្លូវបើកបរជាក់ស្តែង។
ជួយមួយគ្នានេះលោក Kenta Kon បានទទួលស្គាល់ថា លោកគឺជាគណនេយ្យករម្នាក់ ប៉ុន្តែលោកបានបញ្ជាក់យ៉ាងច្បាស់ថា គាត់មិនមែនចេះតែអង្គុយមើលតែតារាងទិន្នន័យនោះឡើយ។ គាត់ចង់ចំណាយពេលនៅឯ (Genba) ដែលជាពាក្យបច្ចេកទេសរបស់តូយ៉ូតា សំដៅលើ “ខ្សែត្រៀមជួរមុខ ឬកន្លែងការងារជាក់ស្តែង” ដើម្បីស្តាប់មតិយោបល់របស់ក្រុមវិស្វករដែលដំឡើងឡានផ្ទាល់ ស្វែងរកមើលថាតើពួកគេកំពុងជួបឧបសគ្គអ្វីខ្លះ និងជួយជ្រោមជ្រែងពួកគេឲ្យដើរទៅមុខ។ បន្ថែមពីនេះរូបលោកក៏បានបញ្ជាក់ថាខ្លួនក៏ជាជាអ្នកស្រឡាញ់ឡានម្នាក់ដែរ ហើយលោកចង់បន្តចោទសួរថា តើអ្វីទៅដែលធ្វើឲ្យរថយន្តមួយកាន់តែល្អប្រសើរឡើង ហើយបន្ទាប់មក គឺប្រែក្លាយគំនិតទាំងនោះឲ្យចេញជារថយន្តពិតប្រាកដដែលអាចបើកបរបាន។
មិនមែនមានតែលោក Kenta Kon ម្នាក់ទេដែលលើកឡើងពីចំណុចនេះ។ សូម្បីតែអនុប្រធានក្រុមប្រឹក្សាភិបាល លោក Koji Sato ក៏បានមានប្រសាសន៍ដែរថា តូយ៉ូតាគឺជាកន្លែងប្រមូលផ្តុំដោយមនុស្សដែលស្រឡាញ់រថយន្តពិតប្រាកដ។ លោកបានគូសបញ្ជាក់ថាសូម្បីតែ លោក Akio Toyoda តែងតែយកចិត្តទុកដាក់លើចំណុចមូលដ្ឋានគ្រឹះខ្លាំងជាងលក្ខណៈបច្ចេកទេសដែលមើលទៅឡូយឆាយតែមិនសូវមានប្រយោជន៍។ លោក Koji Sato បានបន្ថែមថា ផ្នែកវិស្វកម្មដ៏រឹងមាំ និងមានគុណភាព គឺជាអ្វីដែលធ្វើឲ្យតូយ៉ូតារក្សាបាននូវភាពខ្លាំងរហូតមកដល់សព្វថ្ងៃ ហើយវានៅតែជាផែនការយុទ្ធសាស្ត្រចម្បងដដែល៕





















