មើលមុខមាត់ Lexus IS ឆ្នាំ ២០២១ ទើបប្រកាសចេញជាផ្លូវការ

Lexus បាន​បង្ហាញ​ចេញ​រថយន្ត​ម៉ូដែល IS ​ស៊េរី​​ថ្មី​ឆ្នាំ​​ ២០២១ ជា​ផ្លូវ​ការ។ ត្បិត​ថា​វា​មិន​មែន​ជា​ជំនាន់​ថ្មី​មែន​ពិត (នៅ​តែ​ស្ថិត​ក្នុង​ជំនាន់​ទី​បី ដែល​ប្រកាស​ចេញ​តាំង​ពី​ឆ្នាំ ២០១៣) ប៉ុន្តែ​​វា​​មាន​ការ​ផ្លាស់​ប្ដូរ​រូបរាង​ថ្មី កាន់​តែ​ទាន់​សម័យ​ និង​ទាក់ទាញ​ជាង​មុន។

នៅ​ផ្នែក​ខាង​មុខ​មាន​ផ្លាស់​ប្ដូរ​ការ​ឌីហ្សាញ​ថ្មី ដែល​មាន​រន្ធ​ខ្យល់​ប្រើ​ប្រាស់​រចនាបថ​ថ្មី អម​ដោយ​អំពូល LED ដែល​មាន​រាង​ស្ដើង​ជាង​មុន និង​ការ​បំពាក់​ភ្លើង​បំភ្លឺ​ពេល​ថ្ងៃ​នៅ​ផ្នែក​ខាង​ក្រោម​រថយន្ត ធ្វើ​ឲ្យ​រថយន្ត​មាន​រូបរាង​ទាន់​សម័យ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅ​ផ្នែក​ខាង​ក្រោយ​មាន​គូថ​ដែល​មាន​រាង​កោង​ជាង​មុន អម​ដោយ​កាង​ថ្មី និង​អំពូល​ភ្លើង​​ឲ្យ​សញ្ញា​ដែល​មាន​ការ​ឌីហ្សាញ​ថ្មី ​អំពូល​ទាំង​សង​ខាង​គឺ​ភ្ជាប់​គ្នា​ដោយ​​អំពូល​​ឆ្នូត​តូច​មួយ។ និយាយ​អំពី​ទំហំ​គឺ​ធំ​ជាង​មុន​បន្តិច​ ​ដែល​វែង​ជាង​មុន ៣០ម.ម ទទឹង​ធំ​ជាង​មុន ៣០ម.ម និង​កម្ពស់​ខ្ពស់​ជាង​មុខ ៥ម.ម។ អ្វី​ដែល​មិន​ប្ដូរ​គឺ​ប្រវែង​ពី​កង់​មុខ ទៅ​កង់​ក្រោយ នៅ​តែ​មាន​ប្រវែង ២៨០០ ម.ម។

ខណៈ​ដែល​រូបរាង​រាង​ខាង​ក្រៅ​មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន ចូល​​ដល់​ផ្នែក​ខាង​ក្នុង​វិញ​គេ​មិន​ឃើញ​មាន​ការ​ផ្លាស់​ប្ដូរ​​ណា​គួរ​កត់​សម្គាល់​នោះ​ទេ។ វា​មាន​តាប្លូ​ដែល​ផ្លាស់​ប្ដូរ​ម៉ូដ​បន្តិច មាន​រន្ធ​​ម៉ាស៊ីន​ត្រជាក់​រាង​មូល​ជំនួស​ឲ្យ​រាង​​ផ្ដេក​ ហើយ​អេក្រង់​ទំហំ ៨អ៊ីញ បាន​រំកិល​មក​ក្បែរ​អ្នក​បើកបរ​ជាង​មុន​បន្តិច​ដើម្បី​កាន់​តែ​ងាយ​ស្រួល​ប្រើ។

នៅ​ផ្នែក​ខាង​លើ​មាន​អេក្រង់​ថ្មី​ដែល​មាន​ទំហំ ១០,៣អ៊ីញ មាន​គាំទ្រ​មុខងារ Android Auto និង Apple CarPlay ហើយ​ក៏​មាន​ Amazon Alexa ផង​ដែរ។ អេក្រង់​ទំហំ​ធំ​នេះ​​គឺ​មាន​សម្រាប់ Option ដែល​មាន​ប្រព័ន្ធ​នាំ​ផ្លូវ ហើយ​វា​អាច​ផ្គួប​ជា​មួយ Speaker Mark Levinson ផង​ដែរ។

សម្រាប់ IS 300 គឺ​មាន​បំពាក់​ម៉ាស៊ីន Turbocharged ចំណុះ ២,០លីត្រ ៤ស៊ីឡាំង ដែល​ផលិត​កម្លាំង​បាន ២៤១សេះ មាន​ភ្ជាប់​ជា​មួយ​ប្រអប់​លេខ​ ៨​វគ្គ និង​ប្រព័ន្ធ​បើកបរ​វិល​កង់​ក្រោយ។ វា​មាន​មួយ​ប្រភេទ​ទៀត​មាន​ឈ្មោះ​ជា IS 300 ដែរ ប៉ុន្តែ​ប្រើ​ម៉ាស៊ីន ៣,៥លីត្រ កម្លាំង ២៦០សេះ ប្រើ​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​អស់ និង​ប្រអប់​លេខ​ ៦វគ្គ។ ចុង​ក្រោយ​គឺ IS 350 ដែល​មាន​ម៉ាស៊ីន V6 ៣,៥លីត្រ កម្លាំង ៣១១សេះ មាន​ចែក​ចេញ​ជា​ប្រភេទ​វិល​កង់​មុខ និង​ប្រភេទ​វិល​កង់​ទាំង​អស់។

រថយន្ត Lexus IS ស៊េរី​ឆ្នាំ ២០២១ នេះ នឹង​មាន​ដាក់​លក់​លើ​ទីផ្សារ​ប្រទេស​ប្រមាណ ៤០ ប្រទេស​លើ​ពិភពលោក នា​អំឡុង​ចុង​ឆ្នាំ ២០២០ ដែល​តម្លៃ​នឹង​ត្រូវ​បង្ហាញ​ពេល​ជិត​ចេញ​លក់៕​​​​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម