ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម កំណត់​ហេតុ​បណ្ដាញ

សេចក្តីជូនដំណឹងអំពីតម្លៃថ្មីសម្រាប់រថយន្តអគ្គិសនី Leapmotor នៅក្នុងប្រទេសកម្ពុជា

យោងតាមសេចក្តីជូនដំណឹងរបស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ស្តីពីការកែសម្រួលអត្រាពន្ធគយថ្មីលើមុខទំនិញមួយចំនួនដែលរួមមានការបញ្ចុះអត្រាពន្ធនាំចូលរថយន្តគ្រួសារប្រភេទអគ្គិសនីពី 35% មក 0% ដូច្នេះក្រុមហ៊ុនផ្លូវការ Leapmotor KH បានប្រកាសអំពីដំណឹងពិសេសដល់អតិថិជនអំពីការកែសម្រួលលើតម្លៃរថយន្តអគ្គិសនី Leapmotor នៅលើទីផ្សារប្រទេសកម្ពុជាចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ​ សម្រាប់ម៉ូឌែលរថយន្តដូចជា Leapmotor B10 និង Leapmotor C10។

 

 

នេះគឺជាការឆ្លើយតបយ៉ាងឆាប់រហ័សដល់រាជរដ្ឋាភិបាលកម្ពុជាលើគោលនយោបាយថ្មីនៃការកែសម្រួសអត្រាពន្ធគយលើរថយន្តអគ្គិសនី ដែលជាការគាំទ្រ និងជម្រុញយ៉ាងខ្លាំងលើវិស័យយានយន្តអគ្គិសនីនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។ ក្រុមហ៊ុនជឿជាក់ថា តម្លៃថ្មីនេះនឹងក្លាយជាជម្រើសកាន់តែល្អប្រសើរដល់អតិថិជនក្នុងការជ្រើសរើសប្រើប្រាស់រថយន្តអគ្គិសនីក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត។

គួរបញ្ផាក់ផងដែរថា Leapmotor KH គឺជាក្រុមហ៊ុនផ្លូវការតែមួយគត់ដែលមានសិទ្ធចែកចាយ និងផ្តល់សេវាកម្មថែទាំសម្រាប់រថយន្ត Leapmotor នៅកម្ពុជា។ ដើម្បីធានាថារថយន្តអគ្គិសនីរបស់លោកអ្នកនឹងទទួលបានសេវាកម្មថែទាំ ឬ​ ជួសជុលស្របតាមស្តង់ដារអន្តរជាតិ ក្រុមហ៊ុនក៏បានសំណូមពរដល់អតិថិជនឱ្យធ្វើការបញ្ផាទិញរថយន្តថ្មីពីក្រុមហ៊ុនផ្លូវការ ដែលមានការធានាត្រឹមត្រូវលើគុណភាព ដើម្បីទទួលបានសេវាកម្មយ៉ាងមានទំនុកចិត្តខ្ពស់។

ក្រុមហ៊ុន Leapmotor ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលដែលបានគាំទ្រក្នុងការអភិវឌ្ឍន៏វិស័យយានយន្តអគ្គិសនីនៅប្រទេសកម្ពុជា និង អរគុណដល់អតិថិជនទាំងអស់ដែលបានគាំទ្រ និង មានទំនុកចិត្តលើរថយន្ត Leapmotor ។ ក្រុមហ៊ុននឹងប្តេជ្ញាក្នុងការផ្តល់ជូននូវរថយន្តអគ្គិសនីដែលមានគុណភាពល្អ​ តម្លៃសមរម្យ និងមានសេវាកម្មល្អក្នុងការបម្រើជូនដល់អតិថិជន។

 

📍ទីតាំងអារគារតាំងបង្ហាញរថយន្ត Leapmotor ស្ថិតនៅលើផ្លូវ 60ម៉ែត្រ ទល់មុខសាលាអន្តជាតិ ISPP

☎️ សូមទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម៖

📞 010 888 061 (កញ្ញា យ៉ានុត)

📞 093 836 888 (លោក សុបញ្ញា)

📞 095 666 378 (លោក វិនឡុង)

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នេះត្រឹមតែ Toyota bZ ប៉ុណ្ណឹងសោះ លក់ដាច់ខ្លាំងបំផុតនៅអាមេរិកទៅហើយ ចុះទម្រាំ រថយន្តអគ្គិសនី Highlander ទៀត?

ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៦នេះ រថយន្ត Toyota bZ ដែលពីមុនគឺជា bZ4X បានក្លាយជារថយន្តអគ្គិសនីដែលលក់ដាច់ជាងគេនៅអាមេរិក ចំនួន ១ម៉ឺន ២៩គ្រឿង កើនឡើងរហូតដល់ ៧៨,៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការលក់របស់ Toyota នេះ បានទម្លាក់រថយន្តអគ្គិសនីរបស់ GM គឺ Chevy Equinox EV ចេញពីតំណែងដែលលក់បានចំនួន ៩៥៨៩គ្រឿង ធ្លាក់ចុះ ៧,២%។

កាលពីឆ្នាំមុន ការលក់រថយន្តអគ្គិសនីរបស់ Toyota នេះ សឹងតែមិនបានជាប់ Top10 ផងទេ ខណៈដែល Top3 គឺជា Tesla Model Y, Model 3 និង Equinox។ ចុះហេតុអ្វីដើមឆ្នាំនេះ ការលក់ bZ របស់ Toyota បានកើនឡើងដ៏គួរឲ្យភ្ញាក់ផ្អើលបែបនេះ?

មូលហេតុសំខាន់ៗនោះ គឺ Toyota bZ ត្រូវបានដំឡើងចម្ងាយបើកបរឆ្ងាយជាងមុនដល់ទៅ២៥% និងជាពិសេសមកជាមួយរន្ធដោតភ្លើង NACS ដែលអាចសាកនៅស្ថានីយ Tesla Superchargers បាន ធ្វើឲ្យអ្នកប្រើប្រាស់ងាយស្រួលរកកន្លែងសាក។ ជាមួយគ្នានេះ រយៈពេលនៃការសាកគឺប្រើពេលប្រហែលតែកន្លះម៉ោងប៉ុណ្ណោះ ពី ១០% ទៅ ៨០%។ ក្រៅពីនេះ គឺជាការអាប់ដេតផ្នែកខាងក្នុងរថយន្ត អេក្រង់កាន់តែធំជាងមុន និងបំពាក់មុខងារទំនើបជាងមុនផងដែរ។

គួរដឹងថា គិតត្រឹមដើមឆ្នាំ២០២៦នេះ រថយន្ត Toyota អគ្គិសនីចំនួន៣ម៉ូដែលដែលត្រូវបានដាក់លក់ក្នុងទីផ្សារអាមេរិក គឺ bZ, CH-R និង bZ Woodland។ ហើយនៅចុងឆ្នាំនេះ រថយន្តកៅអី៣ជួរ គឺ Toyota Highland BEV នឹងមានវត្តមានបន្ថែមទៀត ដែលនឹងកក្រើកខ្លាំងនៅក្នុងទីផ្សាររថយន្តអគ្គិសនីនៅអាមេរិកជាក់ជាមិនខាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ដអគ្គិសនី Zeekr ២ម៉ូឌែលទទួលបានការអាប់ដេតថ្មីសាកថ្មមួយពេញអាចបើកបានចម្ងាយ ៩០៥គ.ម បើកទទួលការបញ្ជាទិញទុកមុនជាផ្លូវការ

Zeekr ដែលជាម៉ាក់យីហោរថយន្ដលំដាប់កំពូលរបស់ក្រុមហ៊ុន Geely បានចាប់ផ្ដើមបើកទទួលការបញ្ជាទិញ លើរថយន្ដអគ្គិសនីចំនួន២ម៉ឌែលគឺ Zeekr 007 និង Zeekr 007 GT ដែលទទួលបានការអាប់ដេតថ្មី។ ក្រុមហ៊ុនផលិតឡានអគ្គិសនីមួយនេះ ក៏កំពុងផ្ដល់ជូននូវអត្ថប្រយោជន៍ពិសេស សម្រាប់អតិថិជនដែលបានធ្វើការកក់ទុកមុនក្នុងរយៈពេលកំណត់ ដោយក្នុងនោះអនុញ្ញាតឲ្យបង់ប្រាក់ត្រឹមតែប្រហែល ២៩០ ដុល្លារ ដើម្បីទទួលបានការបញ្ចុះតម្លៃរហូតដល់ ១ ០១៥ដុល្លារនៃតម្លៃឡានសរុប។

Zeekr starts pre-sales of updated 007 series with up to 905 km range
Zeekr 007 GT

ម៉ូឌែលទទួលបានការអាប់ដេតថ្មី Zeekr 007 និង Zeekr 007 GT គ្រោងនឹងសម្ពោធដាក់លក់ជាផ្លូវការនៅថ្ងៃទី ១០ ខែមេសា ខាងមុខនេះ ដោយវាត្រូវបានតម្លើងទៅប្រើប្រាស់ប្រព័ន្ធស្ថាបត្យកម្មសាកថ្មកម្លាំងខ្លាំង ៩០០ វ៉ុល (900-volt high-voltage architecture) កាន់តែទំនើប ដើម្បីបង្កើនសមត្ថភាពរបស់រថយន្តឲ្យកាន់តែខ្លាំង។

ជាមួយគ្នានេះរថយន្ដទាំង២ម៉ូឌែលនេះ ផ្ដល់ជាមួយជម្រើសកញ្ចប់អាគុយទំហំ 75-kWh និង 103-kWh មានសមត្ថភាពបើកបរបានចម្ងាយរហូតដល់ ៩០៥ គីឡូម៉ែត្រ ធ្វើឲ្យរថយន្ដទាំង២នេះស្ថិតក្នុងចំណោមម៉ូឌែលអគ្គិសនីមានចម្ងាយផ្លូវឆ្ងាយបំផុតក្នុងទីផ្សារប្រទេសចិន។ ម៉ូដែលអាប់ដេតទាំងពីរនេះ សុទ្ធតែគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនបំផុត 6C  (Super-fast charging) អាចសាកភ្លើងពី ១០% ទៅ ៨០% ក្នុងរយៈពេលប្រហែលតែ ១០ នាទី ប៉ុណ្ណោះ។

Zeekr 7 GT & Zeekr 007 began presales in China with up to 905 km of range
Zeekr 007

សម្រាប់រថយន្ត Zeekr 007 ស៊េរីថ្មីនេះ មានជម្រើសម៉ូទ័រចំនួន១ និងម៉ូទ័រចំនួន២ សម្រាប់ប្រភេទប្រើប្រាស់ម៉ូទ័រ១ អាចផលិតកម្លាំងអតិបរមា ៣៧០ គីឡូវ៉ាត់ ខណៈប្រភេទប្រើប្រាស់ម៉ូទ័រ២ ត្រូវបានបូកបន្ថែមនូវកម្លាំងអតិបរមា ២១៥ គីឡូវ៉ាត់។ បន្ថែមពីនេះរថយន្ដអាចស្ទុះពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេលត្រឹមតែ ២.៧៣ វិនាទី និងត្រូវបានបំពាក់ដោយបន្ទះឈីបបើកបរវៃឆ្លាត Nvidia Drive Thor-U ដែលមានថាមពលខ្លាំងជាងមុន ដែលជាការអាប់ដេតដ៏សំខាន់ក្នុងសមត្ថភាពប្រព័ន្ធជំនួយការបើកបរ។

ងាកមកពីតម្លៃរថយន្ត Zeekr 007 មិនទាន់ទទួលការអាប់ដេតកំពុងលក់នាពេលបច្ចុប្បន្ន មានតម្លៃចាប់ផ្ដើមចន្លោះពី ២៨ ៩៥០ដុល្លារ ដល់ ៤១ ៣៥០ដុល្លារ ខណៈ Zeekr 007 GT វិញមានតម្លៃចន្លោះពី ២៧ ៩៩០ដុល្លារ ដល់ ៣២ ១២០ដុល្លារ។ ចំពោះការបើកទទួលការបញ្ជាទិញទុកមុន នៃម៉ូឌែលរថយន្ដទទួលបានអាប់ដេតថ្មីទាំងពីរនេះ កើតឡើងចំពេលដែល Zeekr ទទួលបានការងើបឡើងវិញយ៉ាងខ្លាំងនៃតុល្យភាពលក់ក្នុងខែមីនា។

Upgraded Zeekr 007 lineup to start pre-sales Apr 2, launch Apr 10 - CnEVPostយោងតាមទិន្នន័យដែលបានចេញផ្សាយកាលពីថ្ងៃពុធ ការលក់របស់ Zeekr សម្រេចបានដល់ ២៩ ៣១៨ គ្រឿង ក្នុងខែមីនា ដែលកើនឡើង ៩០.១១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងកើនឡើង ២២.៨៤% ធៀបនឹងខែកុម្ភៈ។ លទ្ធផលនេះបានរុញច្រានការចែកចាយសរុបរបស់ Zeekr ក្នុងត្រីមាសទីមួយនៃឆ្នាំនេះឡើងដល់ ៧៧ ០៣៧ គ្រឿង ពោលគឺកើនឡើង ៨៦% ធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន។ បច្ចុប្បន្ន ការចែកចាយសរុបរបស់ម៉ាកនេះនៅទូទាំងសកលលោក កំពុងខិតជិតដល់ ៧២០ ០០០ គ្រឿង ហើយ។

ដើម្បីជំរុញការលក់ឱ្យកាន់តែខ្លាំង បន្ថែមពីលើម៉ូដែលទាំងពីរខាងលើ ក្រុមហ៊ុនគ្រោងនឹងដាក់បង្ហាញនូវម៉ូដែល MPV លំដាប់កំពូលរបស់ខ្លួនគឺ 009 ស៊េរីអាប់ដេតថ្មី នៅក្នុងត្រីមាសទីពីរ។ ទន្ទឹមនឹងនេះដែរ ម៉ូឌែល SUV Hybrid ទីពីររបស់ខ្លួនគឺ Zeekr 8X បានចាប់ផ្ដើមបើកទទួលការបញ្ជាទិញទុកមុនកាលពីខែមុន ក្នុងតម្លៃចាប់ផ្ដើម ប្រហែល ៥១ ៩៥០ដុល្លារ ហើយរំពឹងថានឹងវាយលុកទីផ្សារក្នុងត្រីមាសទីពីរដូចគ្នា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កាល់តិច ជួលពោងរបស់តេលា ដែលអាចស្តុកប្រេងបានដល់ ២៦លានលីត្រ នៅខេត្តព្រះសីហនុ

ក្រុមហ៊ុនកាល់តិច បានជួលពោងស្តុកប្រេងរបស់ក្រុមហ៊ុនតេលា ចំនួន២ ក្នុងនោះពោង១សម្រាប់ស្តុកប្រេងសាំង បាន១ម៉ឺនតោន ឬប្រហែល ១៤លានលីត្រ និងពោង១ទៀត សម្រាប់ស្តុកប្រេងម៉ាស៊ូត បាន១ម៉ឺនតោន ឬប្រហែល ១២លានលីត្រ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ក្នុងពេលចុះពិនិត្យនូវការមកដល់របស់កប៉ាល់ដឹកឧស្ម័ន LPG របស់ក្រុមហ៊ុនតេលា និងកប៉ាល់ដឹកប្រេងរបស់ក្រុមហ៊ុនកាល់តិច នៅកំពង់ផែរបស់ក្រុមហ៊ុនតេលា ក្នុងខេត្តព្រះសីហនុ។

បើតាមឯកឧត្តមឲ្យដឹងថា នេះគឺជាកប៉ាល់ថ្មីដែលនាំឧស្ម័ន LPG មកកម្ពុជា ចំណុះ ៣៤០០តោន ដែលជាជើងទីមួយថ្មី មកបង្គ្រប់ការផ្គត់ផ្គង់នៅកម្ពុជា ក្នុងចំណោមជើងទាំង៥ ដែលត្រូវយកចូលក្នុង១ខែ។

ការមកដល់ព្រមគ្នានៅកំពង់ផែតេលានេះ គឺដើម្បីផ្គត់ផ្គង់ការប្រើប្រាស់ក្នុងប្រទេស ក្នុងពេលដែលស្ថានភាពនៃវិបត្តិប្រេង និងឧស្ម័ននេះ នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ ខណៈសង្គ្រាមនៅមជ្ឈិមបូព៌ា នៅកំពុងអូសបន្លាយ។

ឯកឧត្តម កែវ រតនៈ បានលើកឡើងថា ដើម្បីដោះស្រាយស្ថានភាពដ៏លំបាកនេះ គឺរាជរដ្ឋាភិបាលបានព្យាយាមធ្វើយ៉ាងណាឲ្យដៃគូទាំងអស់ អាចនាំប្រេងចូលបានតាមរយៈការសម្របសម្រួលនីតិវិធីទាំងអស់ និងការទម្លាក់ពន្ធ និងអាករគ្រប់ប្រភេទ ដើម្បីសម្រួលតម្លៃប្រេង។

សូមជម្រាបថា តម្លៃប្រេងឥន្ធនៈគិតចាប់ពីថ្ងៃី១មេសានេះ ដល់ថ្ងៃមានការជូនដំណឹងថ្មី គឺប្រេងសាំងតម្លៃ ៥៤៥០រៀលក្នុង១រៀល ចំណែកប្រេងម៉ាស៊ូត ៧៥០០រៀលក្នុង១លីត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តើរថយន្ត Rolls-Royce Phantom I Jonckheere Coupe មានលក្ខណៈពិសេសអ្វីទៅ បានជាគេផលិតតែមួយគ្រឿង?

បើនិយាយពីរថយន្ត Rolls-Royce មនុស្សភាគច្រើនតែងតែនឹងឃើញទៅដល់ភាពប្រណិត និងតម្លៃរបស់វាជាមិនខាន ព្រោះវាគឺជារថយន្តបែបអភិជនដែលមានតម្លៃថ្លៃរាប់លានដុល្លារ។ ប៉ុន្តែបើទោះបីជា Rolls-Royce ជារថយន្តដ៏ប្រណិត និងមានតម្លៃក៏ដោយ ក៏ប៉ុន្តែម៉ាករថយន្តនេះផ្ទាល់ក៏មាននូវរថយន្តចម្លែកៗមួយចំនួនផងដែរ តួយ៉ាងដូចជារថយន្ត Rolls-Royce Phantom I Jonckheere Coupe នេះអញ្ចឹង មើលទៅចម្លែក និងទាក់ទាញមែនទែន។

បើនិយាយពីប្រវត្តិរបស់រថយន្តនេះ ដើមឡើយវាជាឡាន Rolls-Royce Phantom I ធម្មតានោះទេ។ វាគឺត្រូវបានផលិតឡើងនៅឆ្នាំ ១៩២៥ ប៉ុន្តែត្រូវបានបញ្ជូនទៅរោងជាង Jonckheere នៅប្រទេសប៊ែលហ្សិក ដើម្បីរចនារូបរាងថ្មីទាំងស្រុងក្នុងទសវត្សរ៍ឆ្នាំ ១៩៣០ ប៉ុន្តែរាល់ឯកសាររចនា និងឈ្មោះអ្នកដែលបានផលិតឡាននេះ គឺត្រូវបានបំផ្លាញចោលក្នុងអំឡុងពេលសង្គ្រាមលោកលើកទី២ ដែលធ្វើឱ្យគេមិនដឹងច្បាស់ថា តើអ្នកណាជាអ្នកបង្កើតវាពិតប្រាកដនោះទេ។ ហើយវាគឺត្រូវបានគេចាត់ទុកថាជាស្នាដៃឯកផ្នែករថយន្តដ៏កម្រ និងអាថ៌កំបាំងបំផុតមួយក្នុងលោក ដែលជាទូទៅត្រូវបានគេស្គាល់ថា “The Round Door Rolls” ដោយសារតែទ្វាររាងជារង្វង់ដ៏ប្លែករបស់វា។

បើនិយាយឱ្យស្រួលយល់ទៅ ឡាន Rolls-Royce Phantom I Jonckheere Coupe នេះ គឺជាឡានចម្លែកប្រចាំត្រកូល Rolls-Royce តែម្តង ដោយខ្លួនរបស់វាមានរូបរាងវែង រចនាជាមួយពណ៌ខ្មៅរលោង និងមានទ្វារជារាងរង្វង់ជាដើម។ ជាពិសេស គឺផ្នែកខាងក្នុងនៃរថយន្តនេះ គឺត្រូវបានរចនាឡើងជាមួយពណ៌ក្រហមឆ្អៅតែម្តង។

គួរបញ្ជាក់ថា បើទោះជាមានរូបរាងចម្លែកក៏ដោយ ក៏ប៉ុន្តែបើនិយាយពីតម្លៃរបស់រថយន្តនេះវិញ ក៏ត្រូវបានគេចាត់ទុកថាជាស្នាដៃឯកផ្នែករថយន្តដ៏អស្ចារ្យមួយផងដែរ។ ជាពិសេស គឺត្រូវបានគេប៉ាន់ស្មានថាមានតម្លៃប្រហែល ១០ ទៅ ២០ លានដុល្លារឯណ្ណោះ ខណៈក្នុងពេលបច្ចុប្បន្ន វាគឺត្រូវបានរក្សាទុក និងដាក់តាំងបង្ហាញនៅសារមន្ទី Petersen Automotive Museum ក្នុងរដ្ឋកាលីហ្វ័រញ៉ា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Expedition ខួប ៣០ឆ្នាំបំពាក់ជាមួយកញ្ចប់តុបតែងពិសេសនិងប្រើប្រាស់ពណ៌ថ្នាំខាងក្រៅរបស់រថយន្ដ Mustang Dark Horse

រថយន្ត Ford Expedition ត្រូវបានបង្ហាញខ្លួនលើកដំបូងកាលពី ៣០ឆ្នាំមុន ត្រូវបានក្រុមហ៊ុនផលិតរថយន្ដរបស់សហរដ្ឋអាមេរិកមួយនេះ ធ្វើការប្រារព្ធពិធីអបអរសាទរខួប ៣០ឆ្នាំ ដោយផ្ដល់ជូនជាមួយការបំពាក់កញ្ចប់តុបតែងពិសេសលើរថយន្ដនេះ។ សម្រាប់កញ្ចប់តុបតែងនេះត្រូវបានអភិវឌ្ឍបន្ថែមលើឈុតតុបតែង Stealth appearance និងបានបន្ថែមនូវចំណុចទាក់ទាញប្លែកៗដាច់ដោយឡែកមួយចំនួនទៀត។

ការផ្លាស់ប្តូរដ៏ធំបំផុតគឺកើតឡើងនៅផ្នែកខាងក្រៅ ដោយសាររថយន្ដម៉ូឌែលនេះផ្តល់ជូននូវពណ៌ពិសេស Blue Ember metallic tri-coat (ពណ៌ខៀវអុជអំបែងភក់) ដែលជាធម្មតាត្រូវបានរក្សាទុកសម្រាប់តែរថយន្ត Mustang Dark Horse ប៉ុណ្ណោះ។ រូបរាងពណ៌របស់វាអាចប្រែប្រួលទៅតាមកម្រិតពន្លឺ ហើយវានឹងទាក់ទាញការចាប់អារម្មណ៍ខ្លាំងជាក់ជាមិនខាន។


វាមិនមែនមានតែការផ្លាស់ប្តូរពណ៌នោះទេ ព្រោះរថយន្ត SUV នេះបំពាក់ដោយយ៉ាន់កង់ទំហំ ២២ អុីង ពណ៌ខ្មៅរលោងមានគម្របកណ្តាលរចនាជាពិសេសថា “Expedition 30 Years”។ បន្ថែមពីលើនេះ វាក៏មានបិទស្លាកសញ្ញាជាអក្សរ “30 Years” នៅទ្វារឃ្លុបក្រោយផងដែរ។ ក្រៅពីនេះក៏មានតុបតែងបន្ថែមផ្សេងទៀតទៅលើកញ្ចប់តុបតែងបែប Stealth appearance ធម្មតារួមមាន៖ គែមចង្កៀងមុខពណ៌ខ្មៅ និងអក្សរ Expedition ពណ៌ខ្មៅនៅលើគម្របម៉ាស៊ីន។ ម៉ូឌែលនេះក៏បានលេងបន្ថែមជាមួយពណ៌ប្រផេះក្រម៉ៅនិងគែមបង្អួចពណ៌ខ្មៅផងដែរ។

សម្រាប់កញ្ចប់តុបតែង Stealth Appearance ធម្មតាបានផ្ដល់ជូនជាមួយកៅអីស្បែកពណ៌ខ្មៅ ប៉ុន្តែសម្រាប់ម៉ូឌែលខួប ៣០ ឆ្នាំវិញគឺបំពាក់នូវកៅអីពណ៌ប្រផេះភ្លឺមានការលេងពណ៌ខ្មៅកាត់គ្នា ព្រមទាំងមានស្លាកសញ្ញាខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៅត្រង់ធ្នឹមមាត់ទ្វារ និងនៅលើគម្របប្រអប់ដាក់ឥវ៉ាន់កណ្តាលផងដែរ។

ក្រុមហ៊ុន Ford មិនបានបញ្ជាក់ពីតម្លៃជាក់លាក់នោះទេ ប៉ុន្តែកញ្ចប់តុបតែង Stealth Appearance បច្ចុប្បន្នមានតម្លៃ ៣ ៥៧៥ ដុល្លារ ហើយអាចបំពាក់បានលើរថយន្ដ Expedition Platinum ស៊េរីឆ្នាំ២០២៦ ដាក់លក់ក្នុងតម្លៃចាប់ផ្ដើម ៧៤ ២៥០ ដុល្លារ (មិនទាន់បូកបញ្ចូលថ្លៃដឹកជញ្ជូន ២ ៧៩៥ ដុល្លារ)។ នេះសរបញ្ជាក់ថា រថយន្ត Expedition 30th Anniversary Edition ស៊េរីឆ្នាំ២០២៧ អាចនឹងមានតម្លៃចាប់ផ្ដើមខ្ពស់ជាង ៨០ ០០០ ដុល្លារ។

ចំពោះកម្លាំងវិញ Ford Expedition ខួប៣០ឆ្នាំ ផ្ដល់ជូនដោយម៉ាស៊ីនដែលយើងធ្លាប់ស្គាល់គឺប្រភេទម៉ាសុីន 3.5-liter EcoBoost V6 អាចផលិតកម្លាំងបាន ៤០០ សេះ និងកម្លាំងរមួល ៦៥០ ញូតុនម៉ែត្រ។ ទោះបីជាម៉ូឌែលនេះក៏មានជម្រើសម៉ាស៊ីនកម្លាំងខ្លាំងអាចផលិតកម្លាំងបានរហូតដល់ ៤៤០ សេះ និងកម្លាំងរមួល ៦៩១ ញូតុនម៉ែត្រ ក៏ដោយ ប៉ុន្តែវាមិនទាន់ច្បាស់ទេថាតើវាមានផ្ដល់ជូនជាមួយកញ្ចប់តុបតែង Stealth appearance នេះដែរឬយ៉ាងណា។ គួររំលឹកផងដែរកាលពីឆ្នាំមុន ក្រុមហ៊ុនផលិតរថយន្តមួយនេះលក់បានរហូតដល់ ៨៥ ៩២១ គ្រឿង នៅក្នុងទីផ្សារសហរដ្ឋអាមេរិក មានកើនឡើង ១០.១%៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កម្ពុជា បញ្ចុះអត្រាពន្ធនាំចូលរថយន្តអគ្គិសនី និង PHEV! ចុះចំណែកពន្ធផ្លូវវិញ?

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចុះអត្រាពន្ធនាំចូល សម្រាប់រថយន្តគ្រួសារ រថយន្តដឹកអ្នកដំណើរ និងដឹកទំនិញគ្រប់ប្រភេទ ដែលជាប្រភេទ HEV, PHEV និង EV ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦តទៅ។
សម្រាប់រថយន្តដឹកអ្នកដំណើរ និងដឹកទំនិញប្រភេទ HEV, PHEV និង EV ព្រមទាំងម៉ូទ័រ EV ផងដែរ ត្រូវបានបញ្ចុះអត្រាពន្ធនាំចូលពី ១៥% មក ០%។ ចំណែករថយន្តគ្រួសារប្រភេទ PHEV ត្រូវបានបញ្ចុះអត្រាពន្ធនាំចូលពី ៣៥% មក ៧% ខណៈរថយន្តគ្រួសារប្រភេទ EV បញ្ចុះអត្រាពន្ធពី ៣៥% មក ០% តែម្តង។
Screenshot
ការសម្រេចបន្ថយពន្ធនាំចូលរថយន្តអគ្គិសនីនេះ គឺដើម្បីជំរុញឲ្យប្រជាពលរដ្ឋ និងម្ចាស់រោងចក្រសហគ្រាស ប្រើប្រាស់រថយន្តអគ្គិសនី ក្នុងពេលដែលពិភពលោក ក៏ដូចជាកម្ពុជា កំពុងជួបប្រទះនឹងវិបត្តិថាមពលដែលតម្លៃប្រេងមានការកើនឡើងយ៉ាងខ្លាំង ប៉ះពាល់ដល់សេដ្ឋកិច្ច។
ជាមួយគ្នានេះ ការមិនយកពន្ធលើម៉័ទ័ររថយន្តអគ្គិសនី ក៏ស្របពេលដែល ក្រុមហ៊ុន Zo Motors Cambodia ទទួលបានការអនុញ្ញាតលើគម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនី នៅតំបន់សេដ្ឋកិច្ចពិសេសស្រុកក្រគរ ខេត្តពោធិ៍សាត់។ រថយន្តដែលដំឡើងនោះ គឺជាប្រភេទដឹកទំនិញ និងដឹកអ្នកដំណើរ។
សូមរំលឹកថា កាលពីខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចបញ្ចុះអត្រាអាករពិសេស ពី ១០% មក ០% លើម៉ូទ័រ EV និងពី ១០% មក ៥% លើអាគុយ EV ផងដែរ។ កាលពីឆ្នាំ២០២១ រាជរដ្ឋាភិបាល បានបន្ថយអត្រាអាករពិសេសលើមុខទំនិញ រថយន្តអគ្គិសនីសុទ្ធ ពី ៣០% មកត្រឹម ១០%។
តើបងប្អូននៅចាំទេថា ក្រៅពីពន្ធខាងលើនេះ រាជរដ្ឋាភិបាលក៏បានបន្ថយអត្រាពន្ធលើមធ្យោបាយដឹកជញ្ជូន ឬពន្ធផ្លូវវសម្រាប់រថយន្តអគ្គិសនីផងដែរ។ ក្នុងនោះសម្រាប់រថយន្តដែលផលិតក្នុងរយៈពេល ៥ឆ្នាំចុះ ដែលមានកម្លាំង ២០០ ដល់ ២៥០សេះ ត្រូវបានបន្ថយពី ៥០ម៉ឺនរៀល មកត្រឹម ៣០ម៉ឺនរៀល, កម្លាំង ២៥០សេះ ដល់ ៣០០សេះ បន្ថយពី ១លាន ២០ម៉ឺនរៀល មកត្រឹម ៥០ម៉ឺនរៀល និងកម្លាំងលើសពី ៣០០សេះឡើងទៅ បន្ថយពី ១លាន ៦០ម៉ឺនរៀល មកត្រឹម ៨០ម៉ឺនរៀល៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនី Chery QQ3 ទទួលបានការបញ្ជាទិញរហូតដល់ ៥៦ ៨៧៩គ្រឿង ក្រោយដាក់លក់ក្នុងតម្លៃចាប់ផ្ដើមត្រឹមតែ ៨ ២០០ដុល្លារ

ក្រុមហ៊ុន Chery បានប្រកាសដាក់លក់រថយន្ត Chery QQ3 EV ជាផ្លូវការ ផ្ដល់ជូនមកជាមួយជម្រើស ៤ម៉ូឌែល ជាមួយតម្លៃពិសេសក្នុងរយៈពេលកំណត់ ចន្លោះពី ៨ ២០០ ដល់ ១១ ០០០ដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់ Autohome។ យោងតាមទិន្នន័យផ្លូវការ ក្រុមហ៊ុនបានរាយការណ៍ថារថយន្ដនេះ ទទួលបានការបញ្ជាទិញរហូតដល់ ៥៦ ៨៧៩ គ្រឿង នៅពេលដាក់សម្ពោធ។

សារព័ត៌មាន CarNewsChina កាលពីពេលមុនបានរាយការណ៍ថា ការបើកឲ្យកក់ទុកមុន សម្រាប់រថយន្ដនេះបានចាប់ផ្តើមកាលពីដើមខែមីនា ជាមួយនឹងតម្លៃចាប់ផ្តើមប្រហែល ១០ ០០០ ដុល្លារ។ រថយន្ត Chery QQ3 EV បានឈានជើងចូលក្នុងទីផ្សារ ដើម្បីប្រកួតប្រជែងជាមួយរថយន្តអគ្គិសនីខ្នាតតូចផ្សេងទៀត ដូចជា Geely EX2 និង BYD Seagull ជាដើម។

សម្រាប់ទំហំតរូបរាងនៅផ្នែកខាងក្រៅរថយន្ត QQ3 EV មានប្រវែងតួខ្លួនសរុប ៤ ១៩៥មីលីម៉ែត្រ, ទទឹង ១ ៨១១មីលីម៉ែត្រ, កម្ពស់ ១ ៥៧៣មីលីម៉ែត្រ និងប្រវែងគម្លាតកង់មុខក្រោយ ២ ៧០០មីលីម៉ែត្រ។ បន្ថែមពីនេះរថយន្ដនេះមានជម្រើសពណ៌ខាងក្រៅចំនួន ៦ពណ៌ រួមជាមួយជម្រើសតុបតែងពណ៌ដំបូលតាមតម្រូវការផ្ទាល់ខ្លួនរបស់អតិថិជនបន្ថែមទៀត។

ផ្នែកខាងក្នុងនៃរថយន្តនេះផ្ដល់នូវជម្រើសពណ៌ខ្មៅ,បៃតងនិងបានបំពាក់នូវប្រព័ន្ធកាប៊ីនឆ្លាតវៃ AI Lingxi របស់ Chery។ សម្រាប់ម៉ូឌែលកំពូលនៅផ្នែកខាងក្នុងបានបំពាក់មកជាមួយកុងទ័រឌីជីថលទំហំ ៨.៨ អុីង, អេក្រង់កម្សាន្ដទំហំ ១៥.៦ អុីង កម្រិត 2.5K ដំណើរការដោយឈីបកំពូល Qualcomm Snapdragon 8155 និងភ្ជាប់មកជាមួយមុខងារ Apple CarPlay, Huawei HiCar និង Carlink។ ជាមួយគ្នានេះរថយន្ដក៏គាំទ្រប្រព័ន្ធជំនួយបញ្ជាឆ្លាតវៃ Carmind AI និងគាំទ្រមុខងារបញ្ជាដោយសំឡេងបែប Visible-to-speak អ្វីដែលបង្ហាញលើអេក្រង់ គឺអាចបញ្ជាដោយសំឡេងបានទាំងអស់។

ចំពោះកម្រិតសមត្ថភាពវិញរថយន្ត QQ3 EV ប្រើប្រាស់ម៉ូទ័រអគ្គិសនីនៅផ្នែកខាងក្រោយ ផ្ដល់ជាមកជាមួយជម្រើសកម្លាំងចំនួនពីរគឺ៖ កម្លាំង ៥៨ គីឡូវ៉ាត់ កម្លាំងរមួល ៩០ញូតុនម៉ែត្រ និងកម្លាំង ៩០ គីឡូវ៉ាត់ កម្លាំងរមួល ១១៥ញូតុនម៉ែត្រ។ រថយន្ដនេះបំពាក់មកជាមួយអាគុយមានទំហំ ២៩.៤៨ kWh និង ៤១.២៨ kWh អាចបើកបរបានចម្ងាយផ្លូវ ៣១០ គីឡូម៉ែត្រ និង ៤២០ គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ CLTC។ បើនិយាយពីការសាកថ្មល្បឿនលឿនវិញវាអាចសាកពី ៣០% ទៅ ៨០% ប្រើពេលមិនលើសពី ១៦.៥ នាទី ឡើយ។ លើសពីនេះ រថយន្តក៏គាំទ្រមុខងារទាញយកថាមពលទៅប្រើប្រាស់កម្លាំង ៣.៣ គីឡូវ៉ាត់ និង ៦.៦ គីឡូវ៉ាត់ ផងដែរ។

អ្វីដែលកាន់តែពិសេស Chery QQ3 EV បានបំពាក់ជាមួយប្រព័ន្ធជំនួយការបើកបរ Falcon 500 ដំណើរការដោយបន្ទះឈីប Horizon J6E មានកម្លាំងគណនាដល់ទៅ 80 TOPS គាំទ្រមុខងារសំខាន់ៗដូចជា ប្រព័ន្ធជំនួយការបើកបរតាមការកំណត់ផ្លូវលើផ្លូវហាយវ៉េ និងមុខងារចូលចតដោយស្វ័យប្រវត្តិ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Ranger និង Ford Everest រចនារូបរាងថ្មីកាន់តែកាច បំពាក់ដោយម៉ាសុីនថ្មី និងបច្ចេកវិទ្យាកាន់តែទំនើបជាងមុន

  • បន្ថែមនូវជម្រើសម៉ាស៊ីនម៉ាស៊ូត 3.0L V6 Turbo ថ្មី លើរថយន្ត Ford Ranger និង Ford Everest។
  • គ្រប់ម៉ូឌែលរបស់ Ford Ranger និង Ford Everest ត្រូវបានបំពាក់មកជាមួយប្រអប់លេខ 10 លេខអូតូ និងអេក្រង់កម្សាន្ត Touchscreen ទំហំ 12អ៊ីញ ជាស្តង់ដារសម្រាប់គ្រប់ម៉ូឌែលទាំងអស់។
  • Ford Ranger XLT នឹងត្រូវបានជំនួសដោយម៉ូឌែលថ្មី Ford Ranger Sport ហើយនឹងបន្ថែមជម្រើសម៉ូឌែលថ្មី Ford Everest Active និង Ford Everest Platinum ដើម្បីបំពេញតម្រូវការរបស់អតិថិជន។ក្រុមហ៊ុន Ford ប្រចាំប្រទេសអូស្ត្រាលី បានធ្វើការបង្ហាញជាផ្លូវការអំពីការកែលម្អ និងអាប់ដេតថ្មីជាច្រើនទៅលើរថយន្ត Ford Ranger និង Ford Everest ដោយមានការធ្វើបច្ចុប្បន្នភាពសំខាន់ៗលើគ្រប់ម៉ូឌែលរថយន្តរបស់ខ្លួន ដើម្បីបំពេញតម្រូវការអតិថិជនកាន់តែប្រសើរ។

ក្រុមហ៊ុន Ford ប្រចាំប្រទេសអូស្ត្រាលី បានធ្វើការបង្ហាញជាផ្លូវការអំពីការកែលម្អ និងអាប់ដេតថ្មីជាច្រើនទៅលើរថយន្ត Ford Ranger និង Ford Everest ដោយមានការធ្វើបច្ចុប្បន្នភាពសំខាន់ៗលើគ្រប់ម៉ូឌែលរថយន្តរបស់ខ្លួន ដើម្បីបំពេញតម្រូវការអតិថិជនកាន់តែប្រសើរ

ក្នុងនោះ គ្រប់ម៉ូឌែលរបស់ Ford Ranger នឹងត្រូវបានបំពាក់មកជាមួយប្រអប់លេខ 10 លេខអូតូ និងអេក្រង់កម្សាន្ត Touchscreen ទំហំ 12 អ៊ីញ ជាស្តង់ដារសម្រាប់គ្រប់ម៉ូឌែលទាំងអស់។ លើសពីនេះ ក៏មានការកែលម្អលើម៉ូឌែលផ្សេងៗ និងបន្ថែមជម្រើសថ្មីៗ ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការជ្រើសរើសតាមតម្រូវការផ្ទាល់ខ្លួន។

ជាពិសេស សម្រាប់ម៉ូឌែល Ford Ranger XL ត្រូវបានបន្ថែមបច្ចេកវិទ្យាទំនើបជាច្រើន ដូចជា៖
• ប្រអប់លេខប្តូរពី 6 លេខ ទៅជាប្រអប់លេខ 10 លេខអូតូថ្មី
• បង្កើនទំហំអេក្រង់កម្សាន្តពី 10 អ៊ីញ ទៅ 12 អ៊ីញ
• ប្រព័ន្ធបញ្ជាដោយសំឡេង (Voice Command)
• កាមេរ៉ាមើលក្រោយកម្រិតភាពច្បាស់ខ្ពស់
• ប្រព័ន្ធម៉ាស៊ីនត្រជាក់សម្រាប់កៅអីខាងក្រោយ បន្ថែមផាសុកភាពសម្រាប់អ្នកដំណើរ
• មុខងារចាក់សោរប៉ុងក្រោយ (Rear Differential Lock) សម្រាប់បង្កើនសមត្ថភាពក្នុងការបើកបរលើផ្លូវលំបាក
• បំពាក់ដោយយ៉ាន់កង់អាលុយមីញ៉ូមរចនាថ្មី បែបស្ព័រ

បន្ថែមពីនេះ រថយន្ត Ford Ranger XL ក៏ត្រូវបានបំពាក់ជាមួយបច្ចេកវិទ្យាជំនួយការបើកបរផ្សេងៗទៀត រួមមាន ប្រព័ន្ធ Auto Start/Stop ប្រព័ន្ធកំណត់ល្បឿន (Cruise Control) និងមុខងារសុវត្ថិភាពជាច្រើន ដែលធ្វើឱ្យការបើកបរមានភាពងាយស្រួល សុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់ជាងមុន។
លើសពីនេះ Ford Ranger Sport ម៉ូឌែលថ្មីដែលនឹងមកជំនួស XLT ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជនសម័យថ្មី ជាមួយជម្រើសម៉ាស៊ីនពីរ៖
• ម៉ាស៊ីនម៉ាស៊ូត 2.0L Turbo ផលិតកម្លាំង 170PS និងកម្លាំងរមួល 405Nm
• ម៉ាស៊ីនម៉ាស៊ូត 3.0L V6 Turbo ថ្មី ផលិតកម្លាំងដល់ 250PS និងកម្លាំងរមួល 600Nm

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjs8TTJ5DZUopjqDxDtWswX70QVKdOGDRfesWHtvq4pZ0bnm_nAFpKbm6lPTNsUSCbrMwaoojofSvrpUTQNHr4OY_3wHojYKSqjwyLFtwopXbFUQaISTO66GRyCabIuviTee5GJFNstwpPo7PVbkT-CXKP_EqYgazp_8Jk9u3ceU6QFop9zsff5dH3eVrvT/s6587/1.jpg
Ford Ranger Sport ក៏ត្រូវបានធ្វើការកែលម្អផ្នែកខាងក្នុង ដោយបំពាក់ពូកស្បែក Two Tone ដ៏ប្រណិត ប្រព័ន្ធម៉ាស៊ីនត្រជាក់ 2 តំបន់ (Dual-Zone Climate Control) និងបន្ថែមបច្ចេកវិទ្យាទំនើបជាច្រើនផ្សេងទៀត ដើម្បីផ្តល់ភាពផាសុកភាព និងបទពិសោធន៍បើកបរដ៏ល្អប្រសើរជូនអតិថិជន។ រីឯសម្រាប់ Ford Ranger Sport 3.0L នឹងមានបំពាក់មកនូវបច្ចេកវិទ្យាផ្សេងៗដូចជា ចង្កឹះលេខអេឡិចត្រូនិច (E-Shifter) ដែលងាយស្រួលក្នុងការប្រើប្រាស់ និងប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវ (Drive Modes) ទំនើប និងប្រព័ន្ធកាប់ពីតាស់ថ្មី ដែលអាចជ្រើសរើសបានរវាង 2H, 4H, 4L និង 4A និងប្រព័ន្ធសុវត្ថិភាពផ្សេងៗទៀតផងដែរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8iUKah3SaSLg_os9AXpnaxmXW-A2l1C45ZSx-ksuQT7Y9ujKKAMusWcUk2kTiYaPnhFccu7eE1ZUOTUtJN7_xWCKOJLuBqeujRbyT48OIiVGyrQVXQGefv-vJwOkFQam-USjls1cBfmPcoAi9hg3CnFuNE5E9iiHfAE7jsT54BkFBB30AEQGP7WkLv6RP/s9504/MY26-5%20Ford%20Ranger%20Wildtrak%20Ignire%20Orange%20river%20crossing.jpgចំណែកឯ Ford Ranger Wildtrak នឹងត្រូវបានបំពាក់ជាមួយម៉ាស៊ីនម៉ាស៊ូត 3.0L V6 Turbo ថ្មី ភ្ជាប់ជាមួយចង្កឹះលេខអេឡិចត្រូនិច (E-Shifter) ដែលងាយស្រួលក្នុងការប្រើប្រាស់ និងប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវ (Drive Modes) ទំនើប និងប្រព័ន្ធកាប់ពីតាស់ថ្មី ដែលអាចជ្រើសរើសបានរវាង 2H, 4H, 4L និង 4A ដើម្បីបង្កើនភាពបត់បែន និងសមត្ថភាពក្នុងការបើកបរលើគ្រប់ស្ថានភាពផ្លូវ។ លើសពីនេះ Ford Ranger Wildtrak ក៏មានការរចនា ឡាយជាមួយពណ៌ទឹកក្រូចនៅផ្នែកខាងក្រៅ រួមជាមួយយ៉ាន់រចនាថ្មី រាងជាឆកោណ ដែលមានអក្សរ Ford ឆ្លាក់ពីលើ ដែលធ្វើអោយរថយន្តនេះកាន់តែកាច និងស្ព័រជាងមុន ហើយនឹងផ្នែកខាងក្នុង ក៏មានការរចនាពូកស្បែក លាយជាមួយស្បែកឆៅ ដែលផ្តល់នូវអនុភាព និងផាសុកភាពក្នុងការបើកបរ។ ការកែលម្អទាំងនេះ រួមជាមួយនឹងបច្ចេកវិទ្យាថ្មីៗជាច្រើនផ្សេងទៀត បានធ្វើឱ្យ Ford Ranger Wildtrak កាន់តែមានសមត្ថភាពខ្ពស់ ផាសុកភាព និងសុវត្ថិភាពលើសមុន ដូចជា ប្រព័ន្ធវាស់សម្ពាធខ្យល់កង់រថយន្ត (Tire Pressure Sensors) ប្រព័ន្ធភ្លើងបំភ្លឺមួយជុំរថយន្ត (Zone Lighting) និងប្រព័ន្ធជំនួយអ្នកបើកបរ (ADAS) ជាច្រើន សម្រាប់សម្រួលដល់អ្នកបើកបរផងដែរ។

បើយើងងាកមកពិនិត្យមើល Ford Everest វិញ ក្រុមហ៊ុនបានណែនាំនូវជម្រើសថ្មីចំនួន 3 ម៉ូឌែល រួមមាន Ford Everest Active, Ford Everest Sport និង Ford Everest Platinum ដែលជាម៉ូឌែលកំពូល ទំនើប និងប្រណិតបំផុត។
ចំពោះ Ford Everest Active វិញគឺជារថយន្ត 7 កៅអី លក្ខណៈគ្រួសារដែលមានតម្លៃសមរម្យ និងផ្តល់នូវផាសុកភាពសម្រាប់ការធ្វើដំណើរទាំងជិត និងឆ្ងាយ។ ម៉ូឌែលនេះត្រូវបានបំពាក់ដោយប្រព័ន្ធជំនួយការបើកបរជាច្រើន ដូចជា ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ផ្នែកខាងមុខ (Pre-Collision Warning), ប្រព័ន្ធជំនួយលើដៃចង្កូត និងរក្សាគន្លង (Lane Keeping System), ប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ដោយស្វ័យប្រវត្ត ក្រោយពេលមានការប៉ះទង្គិច (Post-Impact Braking), ប្រព័ន្ធកំណត់ល្បឿន (Cruise Control) និងបច្ចេកវិទ្យាសុវត្ថិភាពផ្សេងៗទៀត។

សម្រាប់ Ford Everest Sport ក៏ត្រូវបានបំពាក់បន្ថែមនូវបច្ចេកវិទ្យាទំនើបជាច្រើន រួមមានប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវ (Drive Modes) និងប្រព័ន្ធកាប់ពីតាស់ សម្រាប់ជួយដល់ការបើកបរលើផ្លូវលំបាកកាន់តែមានភាពងាយស្រួល។ ផ្នែកខាងក្នុងត្រូវបានរចនាឡើងឲ្យមានភាពផាសុកភាពខ្ពស់ ដោយបំពាក់ពូកស្បែក Two Tone រំលេចដោយថ្នេរក្បាច់បែបស្ព័រ ហើយនឹងរចនាពណ៌ខ្មៅគ្រប់កន្លែងនៃរថយន្ត កាន់តែអំណាច កាន់តែស្ព័រ កាន់តែអស្ចារ្យ។ ក្រៅពីនេះ Ford Everest Sport ក៏មានបន្ថែមបំពាក់បន្ថែមនូវបច្ចេកវិទ្យាថ្មីៗដូចជា៖
• ប្រព័ន្ធកាមេរ៉ា 360 ដឺក្រេ បង្ហាញរូបភាពមួយជុំរថយន្ត
• ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ (Pre-Collision Assist)
• ប្រព័ន្ធបន្ថយល្បឿន រក្សាគម្លាតសុវត្ថិភាព ឈប់ និង ទៅមុខដោយស្វ័យប្រវត្តតាមរថយន្តខាងមុខ និង តម្រង់គន្លងផ្លូវ ( Adaptive Cruise Control with Stop & Go and Lane Centering )
• ប្រព័ន្ធជំនួយលើដៃចង្កូត រំលឹកអ្នកបើកបរបើកក្នុងគន្លងត្រឹមត្រូវ និងតម្រង់គន្លងផ្លូវ (Lane Keeping Assist)
• ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់នៅពេលថយក្រោយ (Rear Cross Traffic Alert )
• ប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ដោយស្វ័យប្រវត្តនៅពេលថយក្រោយ (Reverse Brake Assist)
• ប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត ក្រោយពេលមានការប៉ះទង្គិច (Post Impact Braking)
• ប្រព័ន្ធដាស់ស្មារតីអ្នកបើកបរពេលងងុយគេង ឬអស់កម្លាំង (Driver Alert)
• ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀងរថយន្ត (Blind-Spot Information System)
• សេនស័រជំនួយការចូលចត ទាំងមុខ ទាំងក្រោយ
• និងប្រព័ន្ធបច្ចេកវិទ្យាជាច្រើនទៀត។

ចំណែកឯម៉ូឌែលកំពូល Ford Everest Platinum នឹងមកជំនួស Ford Everest Titanium ដោយផ្តល់នូវកម្រិតប្រណិតភាព និងសមត្ថភាពខ្ពស់បំផុត។ ម៉ូឌែលនេះត្រូវបានបំពាក់ដោយម៉ាស៊ីនម៉ាស៊ូត 3.0L V6 Turbo ភ្ជាប់ជាមួយចង្កឹះលេខអេឡិចត្រូនិច (E-Shifter) ដែលដំណើរការយ៉ាងរលូន និងងាយស្រួលក្នុងការប្រើប្រាស់។ ផ្នែកខាងក្រៅ គឺមានរចនាខាងមុខដ៏ពិសេសសម្រាប់ម៉ូឌែល “Platinum” ដែលមានបំពាក់ដោយ Silk Chrome នៅក្នុងប៉ាណានៃរថយន្ត ហើយផុសជាលក្ខណៈ 3D ដែលកាន់តែអំណាច និងឆើតឆាយយ៉ាងលេចធ្លោ រហូតដល់កំបូលរថយន្តមានអក្សរ “Platinum” រចនាបែបអណ្ដែត រួមជាមួយនឹងយ៉ាន់ 21អ៊ីញ រចនាថ្មី ដែលនាំអោយរូបរាងកាន់តែប្រណិត និងស៊ីវិល័យ សមស្របជាមួយស្តង់ដាររថយន្តលំដាប់អភិជន។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzVmd2HsZApErwtZ9yyL2IfoOm5xb71ZFwxr6eVfR76l0rwiqMN_wHY7FLJ8XEQZgODCanqkjQkcC8u0pqzeCS-LAwKoWh_15sNZko7ISbxVwJ-kJg__i4O473qmjouQvYZuXOzneUYkDPwN9IMI0ZtloG9GEYbl0rMELTixvTD6H25sz_HrjYvmSc0JOM/s5840/2.jpgផ្នែកខាងក្នុងមានការតុបតែងដោយពូកស្បែកគុណភាពខ្ពស់ រំលេចដោយថ្នេរពណ៌ទឹកប្រាក់ ក្បាច់រចនាបែបប្រណិត និងមានស្លាក “Platinum” នៅលើកៅអី ដែលបង្ហាញពីអត្តសញ្ញាណដ៏ល្អឥតខ្ចោះ និងឧត្តមភាពនៃម៉ូឌែលកំពូលនេះ ហើយក៏មានបំពាក់មកនូវមុខងារកៅអីក្តៅ/ត្រជាក់ និងមុខងារកំណត់អង់ចងចាំកៅអី (Memory Seat) ចំនួន 3 Sets សម្រាប់កៅអីខាងមុខដែលងាយស្រួលក្នុងការប្តូរសមាជិកបើកបរក្នុងគ្រួសារ ហើយកៅអីជួរទី2 ក៏មានក្បាច់រថយន្តលក្ខណៈ Premium នឹងមានបំពាក់មកជាមួយមុខងារកៅអីកម្តៅផងដែរ។ ជាមួយនឹងការកែលម្អទាំងនេះ Ford Everest កាន់តែបញ្ជាក់ពីសមត្ថភាព ផាសុកភាព និងបច្ចេកវិទ្យាទំនើប ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជនគ្រប់កម្រិត ខណៈដែលលក្ខណៈពិសេសបន្ថែមផ្សេងៗ នឹងត្រូវបានប្រកាសជាផ្លូវការនាពេលឆាប់ៗខាងមុខ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4V7ITjtJnP6s_u0uVrsARZqVfbOD6ujOIroXuDYShSJ0WL3zmkM9LPbY37d5HD99gzkpGX9-ABlPJmOSr-7JAoQg4HKwihKwrC_2JctrIHQ3VpmKOEGDSbtdtG_JK8TJ6XnAOZ-Rb5liwAyyqNZtpznPLNjGVjkaTCP07JrAdIfhkNmYKEjwefKhd3i9n/s2400/MY26-5%20Ford%20Everest%20Platinum%20Arctic%20White.jpg

សម្រាប់ព័ត៌មានបន្ថែមអំពីការមកដល់នៃរថយន្តនេះក្នុងទីផ្សារប្រទេសកម្ពុជា យើងមានតែរង់ចាំការប្រកាសពីផេក Facebook ផ្លូវការរបស់ Ford Cambodia ក្នុងពេលឆាប់ៗនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រសិនបើតម្រូវការប្រើប្រាស់មួយថ្ងៃៗមានច្រើនបែបនេះ តើពិភពលោកនឹងអស់ប្រេងនៅពេលណាទៅ?

នៅក្នុងរយៈពេលចុងក្រោយនេះយើងបានដឹងហើយថា ដោយសារតែសង្គ្រាមនៅក្នុងតំបន់មជ្ឈិមបូព៌ា បានធ្វើឱ្យតម្លៃប្រេងសកលហក់ឡើងជាខ្លាំង ដែលក្នុងនោះក៏រួមបញ្ចូលនូវប្រទេសកម្ពុជាយើងផងដែរ។ ចំណែកតម្រូវការប្រើប្រាស់ប្រេងក្នុងមួយថ្ងៃៗវិញ ក៏មានចំនួនកាន់ច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។ អញ្ចឹង ប្រសិនបើតម្រូវការក្នុងប្រើប្រាស់ប្រេងមួយថ្ងៃៗមានចំនួនច្រើនបែបនេះ តើពិភពលោកនឹងអស់ប្រេងនៅពេលណាទៅ?

បើយោងតាមទិន្នន័យសិក្សាចុងក្រោយបំផុតពី Worldometer គិតត្រឹមដើមឆ្នាំ ២០២៥ បានឲដឹងថា សម្រាប់បរិមាណប្រេងឆៅសរុបរបស់ពិភពលោក ឬប្រេងឆៅបម្រុងរបស់ពិភពលោក ដែលបានរកឃើញ និងបានបញ្ជាក់មានចំនួនប្រហែលតែ ១,៧៧ ទ្រីលានបារ៉ែលប៉ុណ្ណោះ។ ដូចនេះ បើយកចំនួនប្រេងដែលបានរកឃើញនេះ ចែកនឹងចំនួនប្រេងដែលមនុស្សប្រើប្រាស់ក្នុងមួយឆ្នាំៗដែលមានចំនួនប្រហែលពី ៣៥ ទៅ ៣៦ប៊ីលីនបារ៉ែលក្នុងមួយឆ្នាំ នោះប្រហែលតែ ៤៧ ឆ្នាំទៀតប៉ុណ្ណោះ ពោលគឺអាចនៅឆ្នាំ ២០៦០ ឬ ២០៧០ ពិភពលោកនឹងអស់ប្រេងជាមិនខាន។

យ៉ាងណាមិញ នេះមិនមែនមានន័យថាពិភពលោកនឹងអស់ប្រេងទាំងស្រុងនោះទេ ព្រោះនៅពេលអនាគត មានបច្ចេកវិទ្យាជឿនលឿន គេអាចបូមប្រេងចេញពីកន្លែងដែលពីមុនបូមមិនកើត ធ្វើឱ្យចំនួនប្រេងបម្រុងកើនឡើងជាងមុន។ ជាពិសេស គឺការរកឃើញអណ្តូងប្រេងថ្មីៗ រួមជាមួយការប្តូរទៅប្រើប្រាស់ថាមពលកកើតឡើងវិញដូចជា ថាមពលព្រះអាទិត្យ ថាមពលខ្យល់ និងថាមពលអគ្គិសនី ដែលធ្វើឱ្យតម្រូវការប្រេងថយចុះ និងប្រើប្រាស់បានកាន់តែយូរ។

គួរបញ្ជាក់ផងដែរថា សម្រាប់់ប្រទេសទាំង ៣ ដែលមានប្រេងបម្រុងច្រើនជាងគេបំផុតនៅក្នុងពិភពលោករួមមាន៖

១) ប្រទេសវ៉េណេស៊ុយអេឡា៖ មានទុនបម្រុងប្រេងចំនួន ៣០៣ ពាន់លានបារ៉ែល ស្មើនឹង ១៧,១៧% នៃប្រេងពិភពលោក។

២) ប្រទេសអារ៉ាប៊ីសាអូឌីត៖ មានទុនបម្រុងប្រេងចំនួន ២៦៧ ពាន់លានបារ៉ែល ស្មើនឹង ១៥,១៤% ។

៣) ប្រទេសអ៊ីរ៉ង់៖ មានទុនបម្រុងប្រេងប្រហែល ២០៨ ពាន់លានបារ៉ែល ស្មើនឹង ១១,៨២% ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+