យោងតាមគេហទំព័រ Automotive News ឲ្យដឹងថា ក្រុមហ៊ុន Acura បានប្រកាសឈប់ផលិតរថយន្តម៉ូដែល RLX ទៀតហើយ ក្រោយស៊េរីឆ្នាំ២០២០ ដើម្បីផ្តោតលើរថយន្ត Sedan និង SUV ផ្សេងទៀត។
រថយន្ត Acura RLX បានបង្ហាញខ្លួនដំបូលក្នុងឆ្នាំ២០១៤ ប៉ុន្តែហាក់តទល់មិនឈ្នះគូប្រជែងមកពីអាល្លឺម៉ង់ ដូចជា BMW 5 Series និង Audi A6 ឡើយ។
គួរឲ្យដឹងថា កាលពីឆ្នាំមុន Acura លក់រថយន្ត RLX ដាច់ត្រឹម ១ ០០០គ្រឿងប៉ុណ្ណោះនៅសហរដ្ឋអាមេរិក ហើយនៅឆ្នាំ២០២០ នេះ ទើបតែលក់បាន ២៦៧គ្រឿងប៉ុណ្ណោះ។ ដោយឡែក Acura លក់រថយន្ត SUV ម៉ូដែល RDX សរុប ៦២ ៨៧៦គ្រឿងកាលពីឆ្នាំមុន។
រថយន្ត Acura RLX ស៊េរីឆ្នាំ២០២០ មានតម្លៃចាប់ពី ៥៥ ៩២៥ដុល្លារ ដោយបំពាក់ម៉ាស៊ីនចំណុះ ៣,៥លីត្រ V6 មានកម្លាំង ៣១០សេះ៕