ក្រុមហ៊ុន Acura បានប្រកាសចេញនូវតម្លៃនៃរថយន្ត MDX Type S ស៊េរីឆ្នាំ២០២២ ជាផ្លូវការ ដោយវានឹងចេញលក់នៅសប្តាហ៍ក្រោយ ជាមួយនឹងតម្លៃចាប់ពី ៦៦ ៧០០ដុល្លារ។
បើប្រៀបធៀបទៅ រថយន្ត Acura MDX Type S មានតម្លៃថ្លៃជាងម៉ូដែល Acura MDX ធម្មតា ដល់ទៅ ១៩ ៥០០ដុល្លារឯណោះ។ ទោះបីជាយ៉ាងណាក៏ដោយ រថយន្ត SUV កៅអី ៣ជួរនេះ មានបំពាក់ម៉ាស៊ីនចំណុះ ៣,០លីត្រ turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៥៥សេះ និងកម្លាំងរមួល ៤៨០ញ៉ូតុនម៉ែត្រ ហើយប្រើប្រអប់លេខអូតូ ១០វគ្គ និងប៉ុងពីរ Super Handling All-Wheel Drive System។
ក្រៅពីនោះ MDX Type S ក៏បានអាប់ដេតជើងក្រោយ ដោយបំពាក់បូម air suspension និង adaptive dampers ហើយក៏បន្ថែមមុខងារបើកបរ Sport+ និង ប្រព័ន្ធហ្វ្រាំង Brembo ទៀតផង។
ដោយឡែក កាប៊ីនខាងក្នុងរបស់វានៅតែរក្សាភាពទំនើប និងផាសុកភាព ដោយប្រើកៅអីស្បែក មានមុខងារក្តៅ-ត្រជាក់ អាចសារ៉េបាន ១២បែប, កុងទ័រឌីជីថល និងអេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ អាចភ្ជាប់មុខងារ Alexa, Android Auto និង Apple CarPlay។
គួរឲ្យដឹងដែរថា រថយន្ត Acura MDX Type S គឺជាគូប្រជែងរបស់ BMW X5 xDrive40i តម្លៃចាប់ពី ៦១ ៧០០ដុល្លារ និង Mercedes GLE 450 4MATIC តម្លៃចាប់ពី ៦៣ ៥០០ដុល្លារ៕