បន្ទាប់ពីបានប្រកាសចេញរថយន្ត MDX ស៊េរីឆ្នាំ២០២២ រួចមក ក្រុមហ៊ុន Acura បាននិយាយថា ខ្លួនគ្មានគម្រោងដើម្បីផលិតរថយន្ត MDX ប្រភេទ Hybird ឡើយ។
គួរឲ្យដឹងថា MDX ជំនាន់មុន ត្រូវបានដាក់លក់រថយន្តប្រភេទ Flagship របស់ខ្លួន ជាម៉ូដែល MDX Sport Hybrid ដោយបំពាក់ម៉ាស៊ីនចំណុះ ៣,០លីត្រ V6 មានកម្លាំង ២៥៧សេះ ដំណើរការជាមួយម៉ូទ័រអគ្គិសនី៣ ធ្វើឲ្យវាមានកម្លាំងសរុបដល់ ៣២១សេះឯណោះ។
ទោះជាយ៉ាងណា នៅក្នុងកិច្ចសម្ភាសន៍ជាមួយគេហទំព័រ Autoblog ក្រុមហ៊ុនរថយន្តជប៉ុនមួយនេះបានបញ្ជាក់ថា មិនទាន់មានគម្រោងផលិតរថយន្ត MDX Hybrid ថ្មីឡើយ ដោយសារតែខ្លួនកំពុងត្រៀមចេញម៉ូដែល MDX Type S ដែលមានបំពាក់ម៉ាស៊ីន turbocharged ចំណុះ ៣,០លីត្រ V6 មានកម្លាំង ៣៥៥សេះ។
សូមបញ្ជាក់ថា ប្រព័ន្ធ Hybrid នៅលើរថយន្ត Acura MDX Sport Hybrid ជំនាន់មុន គឺប្រើម៉ូទ័រអគ្គិសនីមួយនៅក្នុងប្រអប់លេខ ៧វគ្គ dual-clutch និង ម៉ូទ័រ២ទៀតប្រើនៅលើកង់ក្រោយ។ វាមានកម្រិតស៊ីសាំងជាមធ្យម ៨,៧លីត្រ/១០០គីឡូម៉ែត្រ៕