Aston Martin DBX មហាកម្លាំង ប្រកាសចេញជាផ្លូវការ ម៉ាស៊ីនកម្លាំង៦៩៧សេះ

[ទីផ្សារបរទេស] នៅទីបំផុតរថយន្ត Aston Martin DBX ប្រភេទមហាកម្លាំងដែលមានឈ្មោះថា DBX707 បានប្រកាសចេញជាផ្លូវការ ដោយពិតជារថយន្ត SUV ខ្លាំងជាងគេលើលោកពិតប្រាកដជាមួយម៉ាស៊ីនដែលមានកម្លាំងរហូតដល់ ៦៩៧សេះ។

រថយន្តនេះមានបំពាក់ម៉ាស៊ីនដែលបានមកពី AMG ដែលជាប្រភេទ Twin-Turbo ចំណុះ៤,០លីត្រ ៨ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ៦៩៧សេះ ដែលខ្លាំងជាង DBX ធម្មតាចំនួន ១៥៥សេះ។ ជាលទ្ធផល បានធ្វើឲ្យ DBX707 ក្លាយជា SUV កម្លាំងខ្លាំង​ជាងគេលើលោក ពោលខ្លាំងរថយន្ត Lamborghini Urus កម្លាំង ៦៤១សេះ និងរថយន្ត Bentley Bentayga Speed កម្លាំង ៦២៦សេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយកម្លាំងដ៏អស្ចារ្យនេះធ្វើឲ្យ DBX707 អាចស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ក្នុងពេលត្រឹម ៣,២វិនាទី ជាមួយល្បឿនអតិបរមា ៣១០គ.ម/ម៉ ដែលធ្វើឲ្យ DBX707 ក្លាយជា SUV ល្បឿនលឿនជាងគេក្នុងផ្នែករថយន្តប្រណីត គឺលឿនជាង Bentayga Speed ដែលមានល្បឿន ៣០៦គ.ម/ម៉។

ផ្នែកខាងក្រៅនៃរថយន្តនេះមានការផ្លាស់ប្ដូរបន្តិចបន្តួចប៉ុណ្ណោះធៀបនឹង DBX ធម្មតា ប៉ុន្តែការផ្លាស់ប្ដូរនេះធ្វើឲ្យ DBX707 មើលទៅពោរពេញដោយថាមពល និងអនុភាពខ្លាំងក្លា។ ចំណែកផ្នែកខាងក្នុងមានការប្រើប្រាស់ទ្វារស្រូបថ្មី ជាមួយដុំបញ្ជានៅចំកណ្ដាលដែលស្ថិតនៅទីតាំងទាបជាងមុនដែលធ្វើឲ្យការផ្លាស់ប្ដូរលេខ និងបញ្ជាមុខងារដទៃទៀតកាន់តែមានភាពងាយស្រួល។

ចំណុចបន្ថែមពីលើថ្មីមួយទៀតគឺការបំពាក់មកជាស្តង់ដារនូវកៅអីរថយន្តបែបស្ព័រ ជាមួយសមត្ថភាពបត់បែនបែបអេឡិចត្រូនិកបានចំនួន ១៦របៀប និងមានមុខងារកម្ដៅថែមទៀតផង។

ការដឹកជញ្ជូនរថយន្ត Aston Martin DBX707 កំណត់ថានឹងចាប់ផ្ដើមនៅត្រីមាសទីពីរនៃឆ្នាំ២០២២នេះ ដោយតម្លៃរបស់វាគឺមានចាប់ពី ២៣២ ០០០ដុល្លារ លើទីផ្សារអាមេរិក ដែលតម្លៃថ្លៃជាង Lamborghini Urus បន្តិច ប៉ុន្តែនៅធូរថ្លៃជាងរថយន្ត Bentley Bentayga Speed៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម