Aston Martin ចាប់ផ្ដើមផលិតឡើងវិញ នូវឡានដែលផ្អាកផលិត ៥៥ឆ្នាំមកហើយ

ក្រោយ​ពី​ចូល​រោងចក្រ​ផលិត​បាន​ពីរ​ឆ្នាំ និង​ផលិត​មិន​បាន​ ៩០០ គ្រឿង​ផង​ Aston Martin ក៏​បាន​សម្រេច​ចិត្ត​ឈប់​ផលិត​រថយន្ត​ម៉ូដែល DB5 ក្នុង​ឆ្នាំ ១៩៦៥។ ពេល​នេះ​ក្រុមហ៊ុន​បាន​បន្ត​ការ​ផលិត​រថយន្ត​នេះ​ឡើង​វិញ ជា​ស៊េរី​ពិសេស​ផលិត​មាន​កំណត់​ដែល​ឲ្យ​ឈ្មោះ​ថា​ DB5 Goldfinger Continuation។

រថយន្ត​ពិសេស​នេះ​ផលិត​ឡើង​ដោយ​សហការ​ជា​មួយ​អ្នក​ផលិត​ខ្សែ​ភាពយន្ត​ James Bond ដែល​រថយន្ត​មួយ​គ្រឿងៗ​ចំណាយ​ពេល​ផលិត​​ប្រមាណ ៤៥០០ ម៉ោង និង​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ៣,៣៧​លាន​ដុល្លារ មិន​គិត​បញ្ចូល​ថ្លៃ​ពន្ធ។ រថយន្ត​នេះ​ផលិត​មាន​កំណត់​ត្រឹម ២៥​គ្រឿង​ប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​ទាំង ២៥​គ្រឿង​គឺ​សុទ្ធ​តែ​ប្រើ​ប្រាស់​ពណ៌​ខាង​ក្រៅ​ឈ្មោះ Silver Birch ដូច​ជា​រថយន្ត​​​ដើម​ដំបូង​ ហើយ​វា​មាន​បំពាក់​ម៉ាស៊ីន​ចំណុះ ៤,០លីត្រ ៦​ស៊ីឡាំង អាច​ផលិត​កម្លាំង​បាន ២៩០សេះ។ ម៉ាស៊ីន​មាន​ភ្ជាប់​ជា​មួយ​ប្រអប់​លេខ​ដៃ ៦​វគ្គ ដែល​បញ្ចូល​កម្លាំង​ដល់​កង់​ខាង​ក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម