Aston Martin ចេញឡាន Vantage ប្រភេទ F1 Edition ថ្មី កាន់តែពិសេស

ក្រុមហ៊ុន Aston Martin បានប្រកាសចេញរថយន្ត Vantage ស៊េរីឆ្នាំ២០២១ ប្រភេទ F1 Edition ថ្មី ដែលទទួលបានការអាប់ដេតច្រើន លើសពីម៉ូដែល Vantage ធម្មតា។

រថយន្ត Aston Martin Vantage F1 Edition ត្រូវបានផលិតឡើងដើម្បីអបអរសាទរការវិលត្រលប់ទៅកាន់ Formula 1 របស់ Aston Martin វិញ ដោយវាទទួលបានការអាប់ដេតលើរូបរាង ក៏ដូចជាធ្វើឲ្យផ្នែកមេកានិចកាន់តែប្រសើរឡើងផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Vantage F1 Edition មានតួខ្លួនពណ៌បៃតងចាស់ Aston Martin Racing Green ដែលយកតាមរថយន្ត F1 របស់ខ្លួន ប៉ុន្តែវាក៏ផ្តល់ជម្រើសពណ៌ផ្សេងទៀត ដូចជា ខ្មៅ និង ស ដែរ។ មិនតែប៉ុណ្ណោះ វាក៏មានតុបតែងបន្ថែមគ្រឿង Aerodynamics ដែលអាចកាត់បន្ថយកម្លាំងទំនាញ ២០០គីឡូក្រាម នៅល្បឿនអតិបរមា ព្រមទាំងយ៉ាន់ ២១អ៊ីញថ្មីទៀតផង។

ក្រឡេកទៅមើលកាប៊ីនខាងក្នុងវិញ វាប្រើប្រាស់ពូកស្បែកពណ៌ខ្មៅ លាយជាមួយកាំម្ញី ហើយក៏មានជម្រើសថ្នេរដេរពណ៌បញ្ច្រាស់គ្នា ដូចជា ខ្មៅ ប្រផេះ និង ក្រហម ផងដែរ។

ក្រៅពីនោះ Vantage F1 Edition បានពង្រឹងសាក់ស៊ីឲ្យរឹងមាំជាងមុន ព្រមទាំងការអាប់ដេតលើប្រព័ន្ធជើងក្រោម និងបំពាក់ម៉ាស៊ីនដែលមានកម្លាំងខ្លាំងជាងមុន ២៥សេះ។ ម៉ាស៊ីននោះគឺ twin-turbo ចំណុះ ៤,០លីត្រ ទំហំ ៨ស៊ីឡាំង មានកម្លាំងសរុប ៥២៧សេះ ដំណើរការជាមួយប្រអប់លេខអូតូ ៨វគ្គ។

សូមបញ្ជាក់ថា រថយន្ត Aston Martin Vantage F1 Edition មានតួខ្លួន ២ ប្រភេទ គឺ Coupe និង Roadster (បើកដំបូល) ហើយមានតម្លៃ ១៩៦ ០០០ដុល្លារ នៅក្នុងប្រទេសអង់គ្លេស៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម