រហូតមកទល់ពេលនេះ មានក្រុមហ៊ុនរថយន្តមិនតិចនោះទេ ដែលបានប្រកាសថានឹងផលិតរថយន្តអគ្គិសនី ហើយក្នុងនោះក៏មានក្រុមហ៊ុន Aston Martin ដែរ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនរថយន្តអង់គ្លេសមួយនេះបានបញ្ជាក់ហើយថា ខ្លួននឹងចាប់ផ្តើមផលិតរថយន្តអគ្គិសនីជាលើកដំបូងបង្អស់ នៅក្នុងឆ្នាំ២០២៥។
ក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះជាមួយកាសែត Financial Times លោក Lawrence Stroll មេ Aston Martin បានបញ្ជាក់ថា “រថយន្តស្ព័រ និង SUV ដំណើរការដោយថាមពលអគ្គិសនី នឹងត្រូវផលិតនៅរោងចក្ររបស់ខ្លួន នៅទីក្រុង Gaydon ប្រទេសអង់គ្លេស និងនៅ St Athan ប្រទេសវែល”។
គួររំលឹកឲ្យដឹងថា លោក Lawrence Stroll ធ្លាប់បានបញ្ជាក់ថា ក្រុមហ៊ុន Aston Martin នឹងបន្តផលិតរថយន្តដោយប្រើម៉ាស៊ីនចំហេះក្នុង (ប្រើប្រេងឥន្ទនៈ) ហួសពីឆ្នាំ ២០៣០ ទោះបីជាមានការប្រកាសពីរដ្ឋាភិបាលអង់គ្លេសថា នឹងហាមឃាត់ការលក់រថយន្តដែលប្រើប្រាស់ម៉ាស៊ីនចំហេះក្នុង នៅឆ្នាំ ២០៣០ ក៏ដោយ៕