Aston Martin សង្ឃឹមលក់ SUV ដំបូងបង្អស់បាន ៤ ទៅ ៥ពាន់គ្រឿងក្នុង១ឆ្នាំ

ក្រុមហ៊ុនរថយន្តអង់គ្លេស Aston Martin មានការរំពឹងយ៉ាងមុតមាំពី SUV ដំបូងបង្អស់របស់ខ្លួន ក្នុងប្រវត្តិសាស្រ្តរយៈពេល ១០៦ឆ្នាំមកនេះ។

Aston Martin បានដាក់បង្ហាញ SUV ដំបូងបង្អស់ម៉ូដែល DBX កាលពីខែមុន ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ CEO ក្រុមហ៊ុន លោក Andy Palmer បានរំពឹងថា ចំនួនលក់ DBX នឹងកើនឡើងពី ៤ ០០០ ទៅ ៥ ០០០គ្រឿងក្នុងមួយឆ្នាំ។ DBX នឹងនាំយកអតិថិជនថ្មី (ពីម៉ាកផ្សេង) ហើយភាគច្រើនពីប្រទេសចិន និងសហរដ្ឋអាមេរិក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

DBX មាន​ការ​ឌីហ្សាញ​ខាង​មុខ មិន​ចាក​ឆ្ងាយ​ពី​រថយន្ត​ម៉ូដែល​មុនៗ​របស់​ក្រុមហ៊ុន Aston Martin នោះ​ទេ​ ជា​ពិសេស​នៅ​ត្រង់​រន្ធ​ខ្យល់​ខាង​មុខ​មាន​រាង​ដូច​មាត់​តែ​ម្ដង។ រថយន្ត​នេះ​ប្រើ​ម៉ាស៊ីន AMG ប្រភេទ Twin-Turbo ចំណុះ ៤,០ លីត្រ ៨ ស៊ីឡាំង ដែល​មាន​កម្លាំង ៥៤២ សេះ។ វា​អាច​បង្កើន​សន្ទុះ​ពី ០ ដល់ ១០០ គ.ម/ម៉ ដោយ​ប្រើ​ពេល​តែ ៤,៥ វិនាទី និង​អាច​ជិះ​ដល់​ល្បឿន ២៩១ គ.ម/ម៉។

អតិថិជន​នៅ​សហរដ្ឋអាមេរិក​អាច​ទិញ​រថយន្ត​ Aston Martin DBX នេះ​ ដែល​មាន​តម្លៃ​ចាប់​ពី ១៨៩ ០០០ ដុល្លារ ហើយ​នៅ​ចក្រភព​អង់គ្លេស​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ២០ ម៉ឺន​ដុល្លារ​ និង​នៅ​អាល្លឺម៉ង់​ចាប់​ពី​ជាង ២១ ម៉ឺន​ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម