Audi លុបរូបពាណិជ្ជកម្មឡានមាន “ក្មេងស្រីឈរកាន់ចេកញ៉ាំ” ចេញ

រូបភាពផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន Audi មួយផ្ទាំង កំពុងទទួលបានការរិះគន់ និងជជែកវែកញែកគ្នាយ៉ាងខ្លាំង។

រូបភាពពាណិជ្ជកម្មដែលបានបង្ហោះកាលពីថ្ងៃអាទិត្យ នៅលើបណ្តាញសង្គម Twitter ខាងលើ បង្ហាញឲ្យឃើញ ក្មេងស្រីម្នាក់កំពុងឈរផ្អែកលើប៉ាណាមុខ នៃរថយន្ត Audi RS4 Avant ខណៈក្នុងដៃនាងមានកាន់ចេកមួយផ្លែ។ រូបនោះក៏បានភ្ជាប់ជាមួយនឹងសារសរសេរថា “Lets your heart beat faster – in every aspect.” ដែលមានន័យថា “អនុញ្ញាតឲ្យបេះដូងរបស់អ្នកលោតញាប់ជាងមុន គ្រប់ទិដ្ឋភាពទាំងអស់”

ពាណិជ្ជកម្ម

ស្របពេលដែលរូបពាណិជ្ជកម្មនោះហាក់បីដូចជាមិនមានអ្វីប៉ះពាល់សោះ អ្នកនិយមប្រើបណ្តាញសង្គមមួយចំនួនអះអាងថា វាហាក់បីដូចជាការបង្ហាញពីន័យទាក់ទងនឹងផ្លូវភេទ ខណៈអ្នកខ្លះទៀតនិយាយថា ការឲ្យក្មេងឈរបែបនេះ អាចនឹងត្រូវគ្រោះថ្នាក់យ៉ាងងាយ បើអ្នកបើកបរមិនប្រុងប្រយ័ត្ន។

យ៉ាងណាមិញ ខាងក្រុមហ៊ុន Audi ក៏បានចេញមុខបកស្រាយវិញថា ដោយសារតែ RS4 Avant ជារថយន្តលក្ខណៈគ្រួសារ ដូច្នេះហើយទើបពួកគេបង្ហាញសមាជិកក្នុងគ្រួសារផ្សេងៗគ្នា នៅក្នុងរូបភាពផ្សាយពាណិជ្ជកម្មនោះ៕

Sponsored