Audi សម្លឹងឃើញថាការបើកបានឆ្ងាយ នឹងលែងសំខាន់សម្រាប់ឡានអគ្គិសនី

[ទីផ្សារបរទេស] ក្នុងអំឡុងកិច្ចពិភាក្សា​ទូលំទូលាយមួយប្រធានក្រុមហ៊ុន Audi ប្រចាំ​សហរដ្ឋ​អាមេរិក លោក Daniel Weissland បាន​បង្ហាញការយល់​ឃើញថា​រយៈចម្ងាយ​បើកបរបានឆ្ងាយរបស់រថយន្តអគ្គិសនី នឹងលែង​ជា​រឿង​សំខាន់​នៅ​ពេល​ដែល​ហេដ្ឋារចនាសម្ព័ន្ធនៃស្ថានីយសាកភ្លើងកាន់តែល្អប្រសើរ។

នេះ​ជារឿងសមហេតុផលមួយសម្រាប់ទីផ្សារសហរដ្ឋអាមេរិក ព្រោះថា​ស្ថានីយចាក់សាំងមាន​ជាង ១០ម៉ឺនកន្លែង នៅទូទាំង​សហរដ្ឋ​អាមេរិក ខណៈដែលស្ថានីយសាក​ភ្លើងល្បឿនលឿនមានប្រមាណ ៦ពាន់​កន្លែងប៉ុណ្ណោះ។ គួរចាប់​អារម្មណ៍ផងដែរថា​បច្ចេកវិទ្យា​សាក​ភ្លើង​នឹងបន្តល្អប្រសើរ ដែល​មានន័យថានៅថ្ងៃអនាគតការសាកភ្លើងនឹងកាន់តែចំណាយពេលខ្លី។

ពាណិជ្ជកម្ម

និយាយពីចម្ងាយបើកបរ Audi និយាយថាអតិថិជនដែល​ទិញរថយន្តអគ្គិសនីថ្លៃៗ បើកបរ​ចម្ងាយ​ប្រមាណ ៤៨គីឡូម៉ែត្រ ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​។ ក្រុមហ៊ុន​បាន​បន្ថែមថា ៩៨% នៃ​ការធ្វើដំណើរ​មួយ​ជើង​គឺមាន​ចម្ងាយតិច​ជាង ៨០គីឡូម៉ែត្រ ដូច​នេះ​រថយន្ត​ដូច​ជា Q4 e-tron គឺលើស​ពី​សក្តិសមសម្រាប់អ្នកបើកបរភាគច្រើន ដោយវាផ្ដល់ចម្ងាយបើកបរបាន ៤២៦គីឡូម៉ែត្រ។

បច្ចុប្បន្ននេះ Audi កំពុងតែផ្ដោតខ្លាំងលើ​រថយន្តអគ្គិសនី ហើយ​ដាក់​គោលដៅ​ថា​នឹង​សម្រេចឲ្យបាននូវសែស្រឡាយ​រថយន្ត​អគ្គិសនី​សុទ្ធនៅ​ត្រឹម​ឆ្នាំ​២០៣៣ ដោយមិន​បូកបញ្ចូល​ប្រទេសចិនឡើយ៕

Sponsored