
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Avatr បានធ្វើការដាក់បង្ហាញចេញនៅរថយន្តម៉ូដែលថ្មីស្រឡាងមានឈ្មោះថា Avatr 06 ប្រភេទ sedan ផ្តល់ជូនទាំងជម្រើសអគ្គិសនីសុទ្ធ EV និងអគ្គិសនីលាយសាមង EREV គ្រោងនឹងដាក់លក់ជាផ្លូវការនៅឆ្នាំ ២០២៥ ក្នុងប្រទេសចិន ។
រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៨៥៥ ម.ម ទទឹង ១ ៩៦០ ម.ម កំពស់ ១ ៤៥០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៤០ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅត្រូវបានភាសាការរចនាឲ្យឈ្មោះថា AVATR 2.0 design concept ដោយមានប៉ាណាមុខបិទជិត អបសងខាងដោយចង្កៀងមុខ LED រាងជាលេខ 7 ព្រមទាំងប្រើប្រាស់កញ្ចក់ចំហៀងជាប្រភេទឌីជីថល ក៏ដូចជាថាសកង់ស្ព័រទំហំធំ និងចង្កៀងក្រោយ LED រាងស្លីម ។
ចំពោះនៅផ្នែកខាងក្នុងក្រុមហ៊ុនមិនទាន់បង្ហាញរូបភាពនៅឡើយទេ ប៉ុន្តែបានបញ្ជាក់ថា រថយន្តនេះ ត្រូវបានប្រើប្រាស់ជាមួយប្រព័ន្ធប្រតិបត្តិការ HarmonyOS 4.0 system រួមទាំងប្រព័ន្ធជំនួយការអ្នកបើលបរ ADS 3.0 intelligent driving system របស់ក្រុមហ៊ុន Huawei ។ ខណៈផ្នែកថាមពលម៉ាស៊ីន មិនទាន់មានព័ត៌មានលម្អិតនោះទេ ៕